ពិតណាស់វត្តអារាមគឺជាទីកន្លែងបដិបត្តិធម៌វិន័យរបស់ព្រះសង្ឃក្នុងព្រះពុទ្ធសាសនាផង ជាស្រែបុណ្យផង និងជាទីកន្លែងសន្សំបុណ្យកុសលធ្វើឱ្យចិត្តស្ងប់សម្រាប់មនុស្សទូទៅទាំងក្មេងទាំងចាស់ផង ។ ដូចនេះការស្លៀកពាក់ឱ្យបានសមរម្យចូលវត្តអារាមនារដូវបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ សម្រាប់យុវវ័យទាំងនារីទាំងបុរសគឺជារឿងប្រពៃថ្លៃថ្នូរគួរគប្បីធ្វើឱ្យបានព្រមគ្នា ដើម្បីសេចក្តីថ្លៃថ្នូររបស់ខ្លួនឯងផង និងដើម្បីរក្សាវប្បធម៌ប្រពៃណីជាតិដ៏ល្អផូរផង់ផង ។ សម្លៀកបំពាក់ហូល ផាមួង អាវប៉ាក់ សំពត់បត់ និងសម្លៀកបំពាក់សមរម្យជាច្រើនទៀតជារឿងស័ក្ដិសមបំផុតសម្រាប់យុវវ័យ និងមិត្តនារីទាំងឡាយ ដោយមិនចាំបាច់ស្លៀកបែបវាលមុខ វាលក្រោយ ឬខើចលើ ខើចក្រោម ឬក៏រឹបរាង ខើចខ្លីបង្ហាញសាច់ខ្ចីនោះទេ ។

កន្លងមកគេសង្កេតឃើញមានស្រីៗមួយចំនួនបានស្លៀកសម្លៀកបំពាក់ខើចខ្លី ខ្លះឆែកពីមុខ ឆែកពីក្រោយ ខ្លះវាលខាងមុខ ខ្លះស្លៀកវាលផ្នែកខាងក្រោយខ្លាំង ហើយចូលទៅក្នុងវត្តនារដូវកាន់បិណ្ឌគឺជាការមិនគួរគាប់សោះ ។ បើយើងមើលទៅជ្រុងប្រពៃណី និងទំនៀមទម្លាប់ខ្មែរតាំងពីបរមបុរាណនិងតមកដល់បច្ចុប្បន្ន ការស្លៀកពាក់បែបនេះមិនត្រឹមត្រូវតាមវប្បធម៌ប្រពៃណីសង្គមខ្មែរទេ មហាជនទូទៅមិនឱ្យតម្លៃឡើយ ។ គេក៏អាចចាត់ទុកថា ការស្លៀកពាក់ខើចលើខើចក្រោម វាលមុខ វាលក្រោយហើយចូលវត្តអារាមគឺជាផ្នែកមួយរួមចំណែកបំផ្លាញទំនៀមទម្លាប់វប្បធម៌ដ៏ល្អផូរផង់របស់ខ្មែរឱ្យកាន់តែស្រអាប់ផងដែរ ។

បើនិយាយអំពីសេរីភាពនៃការស្លៀកពាក់វិញ ពិតជាមានមែនហើយ ប៉ុន្តែគេក៏ត្រូវមើលពីកម្មវិធីដែលគួរចូលរួមនោះដែរ ។ សម្លៀកបំពាក់រឹបរាង ខើចខ្លី វាលមុខ វាលក្រោយ បញ្ចេញសាច់ខ្នងជាទីពេញនិយមសម្រាប់យុវវ័យជំនាន់ថ្មីនេះ អាចស្លៀកបានតាមចំណូលចិត្តទៅក្នុងកម្មវិធីបែបយុវវ័យ ឬពិធីលៀងអាហារផ្សេងៗ ប៉ុន្តែបើស្លៀកពាក់បែបនេះចូលវត្តអារាមពិតជាត្រូវគេរិះគន់មិនបណ្តាក់មាត់ជាក់ជាមិនខាន ។

អ្នកស្រីសោភ័ណ ពលរដ្ឋរស់នៅសង្កាត់ព្រែកប្រា រាជធានីភ្នំពេញបាននិយាយថា នៅក្នុងពិធីបុណ្យកាន់បិណ្ឌ ស្ត្រីខ្មែរគួរស្លៀកសំពត់ហូល ផាមួងពេលទៅធ្វើបុណ្យទានតាមវត្តអារាមជារឿងល្អប្រពៃណាស់ ។ ការស្លៀកពាក់សំពត់ខ្លី ខោខៅប៊យ គូទខ្លី វាលមុខ វាលផ្នែកក្រោយខ្លាំងទៅវត្តនឹងបង្កឲ្យមានការរិះគន់ បង្ហាញពីការធ្លាក់ចុះសីលធម៌សង្គម បាត់បង់ទំនៀមទម្លាប់ប្រពៃណីជាតិ ។

អ្នកស្រីបានមើលឃើញថា ទោះជាយ៉ាងណាយុវតីឥឡូវមានការយល់ដឹងច្រើនក្នុងការស្លៀកពាក់ពេលទៅធ្វើបុណ្យទាននៅវត្តអារាម ។ អ្នកស្រីថា គាត់បានឃើញនារីៗវ័យក្មេងៗបើទោះបីមិនបានស្លៀកហូលផាមួងក្តី ក៏ពួកគេស្លៀកសំពត់បត់ និងអាវប៉ាក់សយ៉ាងសមរម្យ ខុសពីប៉ុន្មានឆ្នាំមុនដែលការស្លៀកពាក់របស់យុវតីរងការរិះគន់ខ្លាំង ។

អ្នកស្រីសោភ័ណ និយាយថា «បច្ចុប្បន្នខ្ញុំសង្កេតឃើញទាំងនារីវ័យក្មេង និងស្ត្រីមានស្វាមីហើយ ពួកគាត់បានស្លៀកពាក់សមរម្យ ពេលទៅវត្ត» ។ យុវតីភាគច្រើនពួកគេមិនបានស្លៀកហូលផាមួងទេ ប៉ុន្តែគេស្លៀកសំពតខ្មៅ និងអាវប៉ាក់ស មើលទៅសមរម្យ កម្រឃើញមានអ្នកស្លៀកខោខៅប៊ូយ ឬស្លៀកខ្លីចូលវត្តធ្វើបុណ្យណាស់ ។
ការយល់ដឹងពីការស្លៀកពាក់ប្រពៃណីជាតិនេះ ត្រូវបានគេមើលឃើញថា បណ្តាញសង្គមក៏បានចូលរួមចង្អុលបង្ហាញដល់យុវវ័យមួយផ្នែកដែរ ។ ការរិះគន់ ការបង្ហោះរូបភាពដែលស្លៀកពាក់ខុសឆ្គងនាពេលកន្លងមកតាមហ្វេសប៊ុក បានធ្វើឲ្យមានការផ្លាស់ប្តូរទម្លាប់មិនល្អនោះចេញ ហើយយុវវ័យជាច្រើនបានងាកមកស្វែងយល់ពីវប្បធម៌ ប្រពៃណីជាតិដ៏ល្អសុខុមរបស់យើង ។

ចំណែកអ្នកស្រី លក្ខិណា ដែលជាអ្នកលក់ហូលផាមួងម្នាក់នៅខណ្ឌច្បារអំពៅបានទទួលស្គាល់ថា យុវតីឥឡូវមានការយល់ដឹងច្រើនពីការស្លៀកពាក់ ពេលទៅធ្វើបុណ្យនៅទីវត្តអារាម តែក៏នៅមានមួយចំនួនតូចដែរនៅតែស្លៀកពាក់មិនបានសមរម្យ បំពុលវប្បធម៌ប្រពៃណីជាតិ ហើយបំផ្លាញទាំងកិត្តិយសកេរ្តិ៍ឈ្មោះខ្លួនឯងបន្ថែមទៀតព្រោះតែការស្លៀកពាក់មិនសមរម្យនោះ ។ ទោះជាយ៉ាងណាការលក់ហូលផាមួងរបស់អ្នកស្រីមិនសូវដាច់ទេនៅឆ្នាំនេះទំនងមកពីបញ្ហាសេដ្ឋកិច្ចពលរដ្ឋដែលបណ្តាលមកពីជំងឺកូវីដ១៩ចេះតែឆ្លងរាលដាលពីមួយថ្ងៃទៅមួយថ្ងៃឥតឈប់ឈរជាហេតុនាំឱ្យប្រជាពលរដ្ឋភាគច្រើនជួបការលំបាកក្នុងបញ្ហាជីវភាពរស់នៅយ៉ាងខ្លាំង ។

អ្នកស្រីក៏បានផ្តាំថា នារីៗមិនគួរបន្ទាបតម្លៃខ្លួនឯងព្រោះតែការស្លៀកពាក់មិនសមរម្យនោះឡើយ ។ ពួកគេមិនគួរប្រើឱកាសក្នុងរដូវបុណ្យភ្ជុំបិណ្ឌដើម្បីស្លៀកពាក់មិនរម្យទមនោះទេ ។ នៅពេលដែលពួកគេស្លៀកពាក់មិនសមរម្យនោះ ដូចគេកំពុងបញ្ជូនសារឱ្យមហាជនដឹងពីចរិយាសម្បត្តិដ៏អាប់ឱនរបស់ខ្លួនដូច្នោះដែរ ហើយគេក៏កំពុងប្រើរូបកាយរបស់គេឱ្យខុសទៅនឹងគន្លងប្រពៃណីដ៏ធ្ងន់ធ្ងរហើយ ។

ការតុបតែងខ្លួន និងការស្លៀកពាក់បែបមិនសមរម្យរបស់នារីមួយចំនួនតូចបានជះឥទ្ធិពលយ៉ាងខ្លាំងទៅលើស្ត្រីខ្មែរជាច្រើនដែលពួកគេស្លៀកពាក់គោរពតាមវប្បធម៌ប្រពៃណីដ៏ត្រឹមត្រូវ ។ ដូច្នេះគួរណាស់តែយើងទាំងអស់គ្នារក្សាអត្តសញ្ញាណរបស់យើងឱ្យបានស្ថិតនៅជាខេមរជនដ៏ល្អប្រពៃដោយការស្លៀកពាក់សមរម្យពេលចូលទៅធ្វើបុណ្យនៅទីវត្តអារាមជាទីឋានដែលប្រជុំមហាជនសាបព្រោះនូវវប្បធម៌ អរិយធម៌ ទំនៀមទម្លាប់របស់ខ្មែរដ៏ល្អឯកតាំងពីដើមរៀងមក ៕ សាន សារិន
ចែករំលែកព័តមាននេះ