ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បោក​មិត្ត​ប្រុស​ទើប​ស្គាល់​តាម Facebook លុះ​រំលង​១០​ថ្ងៃ​​​ត្រូវ​ចាប់ខ្លួន​ទើប​ដឹង​ចម្លើយ​ពិត

2 ឆ្នាំ មុន
  • ភ្នំពេញ

បុរស​ម្នាក់​ស្គាល់​នារី​ជា​ជនសង្ស័យ​ម្នាក់​តាម Facebook ហើយ​ក៏​នាំ​គ្នា​ផឹកស៊ី ចំណែក​នារី​ជា​ជនសង្ស័យ​ក៏​បាន​ខ្ចី​ម៉ូតូ​ដោយ​ប្រាប់​ថា ទៅ​ទិញ​សាច់​ក្លែម ក៏​ស្រាប់តែ​

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ស្គាល់​នារី​ជា​ជនសង្ស័យ​ម្នាក់​តាម Facebook ហើយ​ក៏​នាំ​គ្នា​ផឹកស៊ី ចំណែក​នារី​ជា​ជនសង្ស័យ​ក៏​បាន​ខ្ចី​ម៉ូតូ​ដោយ​ប្រាប់​ថា ទៅ​ទិញ​សាច់​ក្លែម ក៏​ស្រាប់តែ​ជិះ​គេចខ្លួន​បាត់​ប្រមាណ​ជាង​១០​ថ្ងៃ រហូត​ដល់​ជន​រង​គ្រោះ​ប្រទះ​ឃើញ​ក៏​ប្តឹង​សមត្ថកិច្ច​ឃាត់ខ្លួន​ភ្លាម​ៗ​តែ​ម្តង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០២១ នៅ​ចំណុច​ប៉ុស្តិ៍​នគរបាល​សង្កាត់​ចោម​ចៅ​ទី​៣ ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

សេចក្តីរាយការណ៍​បន្ត​ថា ជនសង្ស័យ​ខាងលើ​ឈ្មោះ ពូន រចនា ភេទ​ស្រី អាយុ​២២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​បន្ទប់​ជួល ស្ថិត​ក្នុងភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ ចំណែក​ជន​រង​គ្រោះ​មានឈ្មោះ អន ម៉​ន ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ ហើយ​ម៉ូតូ​ដែល​ត្រូវ​ស្ត្រី​ជា​ជនសង្ស័យ​ឆបោក​យក​ទៅ​នោះ​ម៉ាក​ឌ្រី​ម​សង់ ស៊េរី​២០១៦ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1FP-1727 ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ នៅ​ថ្ងៃ​ទី​៣ ខែកញ្ញា ឆ្នាំ​២០២១ វេលា​ម៉ោង​១​និង​១០​នាទី​រសៀល ជន​រង​គ្រោះ​បាន​ទាក់ទង​ស្ត្រី​ដែល​ជា​ជនសង្ស័យ​តាម​រយៈ Facebook ហើយ​ក៏​បាន​មក​នាំ​គ្នា​មក​ផឹកស៊ី​នៅផ្ទះ​មិត្ត​ភ័ក្ដិ​ស្រី​ម្នាក់​ទៀត​ឈ្មោះ តឿ ស្ថិត​នៅ​ភូមិ​ព្រៃ​ទា​២ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

បុរស​ជា​ជន​រង​គ្រោះ​បន្ត​ថា ហើយ​ពេល​ស្ត្រី​ជា​ជនសង្ស័យ​ក៏​បាន​ខ្ចី​ម៉ូតូ​ពី​បុរស​ជា​ជន​រង​គ្រោះ ដោយ​បាន​ប្រាប់​ថា ទៅ​ទិញ​សាច់​ក្លែម ដើម្បី​ហូប លុះ​បន្ទាប់​មក​ជនសង្ស័យ​ក៏​បាន​យក​ម៉ូតូ​ជន​រង​គ្រោះ​រត់គេច​ខ្លួន​បាត់ ចំណែក​ជន​រង​គ្រោះ​វិញ​ចេះ​តែ​ចាំ​បាត់​ៗ​មិនឃើញ​ជនសង្ស័យ​ត្រឡប់​មក​ទិញ​សាច់​ក្លែម​វិញ​សោះ ដោយ​បាត់​រហូត​តែ​ម្តង​។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា បន្ទាប់​ពី​បាត់​ម៉ូតូ​ភ្លាម​ៗ ជន​រង​គ្រោះ​ក៏​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​សង្កាត់​ចោម​ចៅ​ទី​៣​ភ្លាម​ៗ ដើម្បី​អោយ​សមត្ថកិច្ច​តាម​ប្រមាញ់​ឃាត់​ជនសង្ស័យ​ផង​ដែរ ។ លុះ​នៅ​វេលា​ម៉ោង​កើតហេតុ គឺ​ម៉ោង​១​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០២១​នេះ ជន​រង​គ្រោះ​ក៏​បានឃើញ​ស្ត្រី​ជា​ជនសង្ស័យ​ដើរ​នៅ​ម្តុំ​ភូមិ​ចាក់​ជ្រូក សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ ហើយ​ជន​រង​គ្រោះ​ក៏​បាន​នាំ​ជនសង្ស័យ​មក​ប៉ុស្តិ៍​នគរបាល​សង្កាត់​ចោម​ចៅ​ទី​៣​ភ្លាម​ៗ ដើម្បី​អោយ​សមត្ថកិច្ច​សួរនាំ​តែ​ម្តង​។

បន្ទាប់​ពី​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​បាន​សួរនាំ ស្ត្រី​ជា​ជនសង្ស័យ​ក៏​បាន​សារភាព​ថា ម៉ូតូ​ដែល​គាត់​យក​ពី​បុរស​ជា​ជន​រង​គ្រោះ​ខាង​លើ​នេះ គឺ​បាន​អោយទៅ​មិត្ត​ប្រុស​ម្នាក់​ទៀត​ដើម្បី​យក​ទៅ​បញ្ចាំ​នៅ​ម្តុំ​ឃ្លាំង​រំសេវ បាន​ចំនួន​៣០០​ដុល្លារ ប៉ុន្តែ​មិត្ត​ប្រុស​ម្នាក់​នោះ​ទាក់ទង​មិន​បាន​ឡើយ ។ ហើយ​ស្ត្រី​ជា​ជនសង្ស័យ​រូប​នេះ​ប្រាប់​បន្ត​ថា នឹង​សង​ជា​លុយ​ដល់​ជន​រង​គ្រោះ​វិញ ដោយ​អោយ​ម្តាយ​របស់​ខ្លួន​ជា​អ្នក​ជួយ​ដោះស្រាយ ប៉ុន្តែ​ជន​រង​គ្រោះ​រង់ចាំ​ម្តាយ​របស់​ជនសង្ស័យ​ជា​ច្រើន​ម៉ោង តែ​មិនឃើញ​មក​នោះ​ទេ​។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ក៏​បាន​កសាង​សំណុំរឿង រួច​បញ្ជូន​ខ្លួន​ស្ត្រី​ជា​ជនសង្ស័យ​ទៅ​ផ្នែក​ជំនាញ​ព្រហ្មទណ្ឌ ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​ចាត់ការ​តាម​នីតិវិធី​បន្ត​តែ​ម្តង​ទៅ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ