ខេត្តព្រៃវែង ៖ យុវសិស្សម្នាក់ ត្រូវបានគេលបចាក់ពីក្រោយបណ្តាលឲ្យ បាត់បង់ជីវិត ពេលដឹកដល់មន្ទីរពេទ្យ ដោយមិនដឹងពីមូលហេតុ។ហេតុការណ៍ចាក់សម្លាប់សិស្សសាលា ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៩និង៥៥នាទីព្រឹក ថ្ងៃទី១៥ខែកុម្ភៈឆ្នាំ២០១៥ នៅចំណុចខាងក្រៅរបងឈៀងខាងកើត វិទ្យាល័យ ព្រៃពោនស្ថិតក្នុងភូមិព្រៃពោន ឃុំ ព្រៃពោន ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ យុវសិស្សរងគ្រោះត្រូវ បានគេស្គាល់ថាឈ្មោះ ជុំ រីឆាត ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅក្នុងភូមិរលួស ឃុំចាម ស្រុកកំពង់ត្របែក។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា យុវសិស្សរងគ្រោះ ត្រូវបានយុវសិស្សម្នាក់ផ្សេង ទៀតដែលរៀនក្នុងវិទ្យាល័យព្រៃពោនជាមួយគ្នាឈ្មោះ លី សុធីរៈ ភេទប្រុស អាយុ១៨ឆ្នាំ ប្រើកាប៊ីកាំភ្លើងលបចាក់ពីក្រោយ ចំខ្នងផ្នែកខាងឆ្វេងបណ្តាលអោយរងរបួសធ្ងន់ហើយ បានស្លាប់ ក្រោយពេលដឹកដល់មន្ទីរពេទ្យបង្អែកស្រុកកំពង់ត្របែក ចំណែកឯជនបង្ករ ក្រោយពីលបចាក់យុវជនរងគ្រោះហើយ បានរត់គេចខ្លួនបាត់ បន្សល់ទុក តែវត្ថុតាងកាប៊ី កាំភ្លើង នៅនឹងកន្លែងកើតហេតុ។
ទោះជាយ៉ាងណាក៏ដោយចំពោះហេតុការណ៍ សិស្ស សាលា លបចាក់សិស្សសាលាដូចគ្នា រហូតដល់ស្លាប់បាត់បង់ជីវិតនេះ សមត្ថកិច្ចនៅមិន ទាន់ អាចបញ្ជាក់បានថា បណ្តាលមកពីមូលហេតុអ្វីនោះទេ ប៉ុន្តែបានអះអាងថា កំពុងតាម ប្រមាញ់ជនបង្កដើម្បីយកមកផ្តន្ទាទោស ទៅតាមផ្លូវច្បាប់ហើយនៅពេលចាប់ជនបង្ករបាន យើងក៏អាចដឹងបានពីមូលហេតុពិតដែរ។ដោយឡែកសាធារណៈមតិខ្លះបានលើកឡើងថា គ្រាន់តែចង់ដឹងពីមូលហេតុនោះ មិនចាំបាច់រងចាំរហូតដល់ចាប់បានជនបង្ករនោះទេ គឺគ្រាន់តែចុះទៅសាកសួរនៅក្នុងវិទ្យាល័យ ព្រៃពោននោះក៏អាចដឹងដែរ មិនដែលសុខៗ លបមកចាក់គេលេងនោះទេ វាទាល់តែមាន ភ្លើងទើបមានផ្សែង៕
ចែករំលែកព័តមាននេះ