ខេត្តសៀមរាប៖ កម្លាំងនគរបាលអន្តោប្រវេសន៍នៃស្នងការនគរបាលខេត្តបានសហការណ៍ជាមួយកម្លាំងនគរបាលប៉ុស្តិ៍ សង្កាត់ស្វាយដង្គំ បានចុះត្រួតពិនិត្យលើវត្តមានស្នាក់នៅរបស់ជន បរទេសខុសច្បាប់ រហូតដល់ឃាត់ខ្លួនបានជនជាតិ ប៉ាគីស្ថាន ម្នាក់ពីបទលួចស្នាក់នៅខុសច្បាប់(ទិដ្ឋាការស្នាក់នៅផុតកំណត់ត់)រួចនាំយកការិយាល័យអន្តោប្រវេសន៍ ដើម្បីធ្វើការសួរនាំរួចបញ្ជូនបន្តទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីដេញចេញក្រៅប្រទេសកម្ពុជា។
ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យជនបរទេសស្នាក់នៅខុសច្បាប់រហូតឈានដល់ធ្វើការឃាត់ខ្លួននេះធ្វើឡើងនៅវេលាម៉ោង៩និង៣០នាទីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៦ស្ថិតនៅចំណុចក្នុងផ្ទះជួល ភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។លោកវរសេនីយឯក ចៅ ម៉ៅវីរៈ ស្នងការរងទទួលការងារអន្តោប្រវេសន៍ខេត្តបានប្រាប់កោះសន្តិភាពនៅរសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៦ថា ដោយមានការយកចិត្តទុកដាក់ពីនាយឧត្តមសេនីយ៍ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងលោកឧត្តមសេនីយ៍ទោ សត ណាឌី ស្នងការខេត្តសៀមរាប ទើបកម្លាំងជំនាញបានចុះសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍សង្កាត់ស្វាយដង្គំ ចុះធ្វើការស្រាវជ្រាវរកបរទេសដែលចូលមកស្នាក់នៅខុសច្បាប់ រហូតឈានដល់ធ្វើកាឃាត់ខ្លួនបានជនជាតិ ប៉ា គីស្ថាន ម្នាក់ ពីបទលួចស្នាក់នៅខុសច្បាប់(ទិដ្ឋាការស្នាក់នៅផុតកំនត់២០១៥) រួចបញ្ជូនមកកាន់ការិយាល័យអន្តោប្រវេសន៍នៃស្នងការខេត្ត ដើម្បីសួរនាំ។
លោកបន្តថា ក្រោយពីបានឃាត់ខ្លួនជនបរទេសម្នាក់មានឈ្មោះ GHAFOOR ABDUL ភេទប្រុសអាយុ៤៣ឆ្នាំជាជនជតិប៉ាគីស្ថាន កាន់លិខិតឆ្លងដែនលេខAW៤១៨៩៤៥១ បានចូលមកព្រះរាជាណាចក្រកម្ពុជា ក្នុងអំឡុងឆ្នាំ២០១២ តាមច្រកព្រលានយន្តហោះអន្តរជាតិភ្នំពេញ រួចចូលមកលួចស្នាក់នៅក្នុងខេត្តសៀមរាប ក្នុងគោលបំណងមកបំរើការងារជាចុងភៅ នៅភោជនីយដ្ឋាន ថាច់ ម៉ាហាល ដែលមានទីតាំងនៅភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។លោកបានបញ្ជាក់ទៀតថា ក្រោយពីធ្វើការឃាត់ខ្លួនរួចនាំយកការិយាល័យនគរបាលអន្តោប្រវេសន៍ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានចូលមកស្នាក់នៅក្នុងខេត្តសៀមរាប ដោយរូបគេពុំមានប័ណ្ណការងារពិតប្រាកដមែន ហើយទិដ្ឋាការស្នាក់នៅរបស់ខ្លួនបានផុតកំណត់តាំងពីថ្ងៃទី០២ ខែធ្នូឆ្នាំ ២០១៥ ប៉ុន្តែរូបគេមិនទាន់បានបន្តទិដ្ឋាការស្នាក់នៅ ដោយសារគ្មានលុយគ្រប់គ្រាន់សម្រាប់បង់ថ្លៃអាករទិដ្ឋាការស្នាក់នៅ។រូបគេបានរៀបរាប់បន្តថា ខ្លួនពិតជាដឹងថា ការស្នាក់នៅហួសរយៈពេលកំណត់ជាអំពើនៃព្រះរាជាណាចក្រកម្ពុជា។
បច្ចុប្បន្នជនសង្ស័យជាជនជាតិប៉ាគីស្ថាន ត្រូវបានកម្លាំងជំនាញអន្តោប្រវេសន៍នៃស្នងការខេត្ត រៀបចំសំណុំរឿងបញ្ជូនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៅថ្ងៃទី១២ ខែកុម្ភៈ ដើម្បីដេញចេញក្រៅប្រទេសកម្ពុជា៕
ចែករំលែកព័តមាននេះ