ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បំបែកសំណុំរឿង​ចិន​បង្ខាំងចិន រួច​​ប្រើ​ល្បិច​ជំរិត​ទារប្រាក់ ត្រូវ​​ឃាត់ខ្លួន​៥​នាក់

2 ឆ្នាំ មុន
  • ព្រះសីហនុ

កម្លាំង​សមត្ថកិច្ច​នគរបាល​ខេត្ត​ព្រះ​សីហ​នុ កាលពី​ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០២១ បាន​បើក​ការ​ស៊ើបអង្កេត និង​ស្រាវជ្រាវ​បង្ក្រាប​លើ​ករណី​ចាប់​បង្ខាំង​មនុស្ស​ដោយ​ខុសច្បាប់ ជំរិត​ទារប្រាក់ រវាង​ជនជាតិ​ចិន និង​ជនជាតិ​ចិន មួយ​ករណី ដោយ​បាន​ធ្វើការ​

ខេត្ត​ព្រះ​សីហ​នុ ៖ កម្លាំង​សមត្ថកិច្ច​នគរបាល​ខេត្ត​ព្រះ​សីហ​នុ កាលពី​ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០២១ បាន​បើក​ការ​ស៊ើបអង្កេត និង​ស្រាវជ្រាវ​បង្ក្រាប​លើ​ករណី​ចាប់​បង្ខាំង​មនុស្ស​ដោយ​ខុសច្បាប់ ជំរិត​ទារប្រាក់ រវាង​ជនជាតិ​ចិន និង​ជនជាតិ​ចិន មួយ​ករណី ដោយ​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៥​នាក់ និង​រំដោះ​ជន​រង​គ្រោះ​ឲ្យ​រួច​ផុត​ពី​កណ្តាប់ដៃ​ជនឧក្រិដ្ឋ​នោះ​វិញ​ផង​ដែរ ។

ករណី​ខាងលើ​នេះ សមត្ថកិច្ច​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​៦ ខែកញ្ញា ឆ្នាំ​២០២១ ការិយាល័យ​ជំនាញ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បាន​ទទួល​ពាក្យបណ្តឹង​ពី​បុរស​ជនជាតិ​ចិន​ម្នាក់​ឈ្មោះ Wen ShangQian ថា នៅ​ថ្ងៃ​ទី​៥ ខែកញ្ញា ឆ្នាំ​២០២១ វេលា​ម៉ោង​៦​ល្ងាច មិត្តភក្តិ​របស់​គាត់​ឈ្មោះ Yi GengFa ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជនជាតិ​ចិន បាន​ទូរស័ព្ទ​ប្រាប់​គាត់​ថា កំពុង​ចេញ​ធ្វើ​ដំណើរ​ទៅ​កំពង់​ផែ ដោយ​មាន​រថយន្ត​១​គ្រឿង ម៉ាក HIGHLANDER ពណ៌​ស មក​ទទួល​នៅ​ចំណុច​មុខ​ស្ថាន​នី​យ​ប្រេង PTT អូរ​បី ស្ថិត​នៅ​ភូមិ​៥ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ក្រោយមក​ស្រាប់តែ​បាត់​ដំណឹង​សូន្យឈឹង ។

ប្រភព​ដដែល​បន្ត​ថា លុះដល់​វេលា​ម៉ោង​៩​យប់​ថ្ងៃខែ​ឆ្នាំ​ដដែល ស្រាប់តែ​ជន​រង​គ្រោះ​ឈ្មោះ Yi GengFa បាន​វី​ឆាត​មក​ខ្ចីប្រាក់​គាត់​ចំនួន ៨,០០០Yuan (​ប្រាំបី​ពាន់​យាន់​) ប្រហែល​ជាមួយ​ម៉ោង​ក្រោយ ស្រាប់តែ​ជន​រង​គ្រោះ​សុំ​ខ្ចី​ចំនួន ៦,០០០​ដុល្លារ (​ប្រាំមួយ​ពាន់​ដុល្លារ​អា​មេ​រិ​ក​) ថែម​ទៀត តែ​គាត់​មិន​បាន​វេរ​ឲ្យ​ទេ ដោយ​មានការ​សង្ស័យ​គាត់​ក៏​បាន​ទៅ​ប្តឹង​សមត្ថកិច្ច​តែ​ម្តង ។

ប្រភព​ដដែល​បន្ត​ទៀត​ថា បន្ទាប់​ពី​ទទួល​បាន​ពាក្យបណ្តឹង​នោះ លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ត បាន​ដាក់​ផែនការ​ទៅ​កម្លាំង​ជំនាញ​នគរបាល​ព្រហ្មទណ្ឌ​ឲ្យ​ចុះ​ទៅ​សហការ​ជាមួយ​អធិការ​ក្រុង និង​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​៤ ដល់​កន្លែង​កើតហេតុ​ជា​បន្ទាន់ ដើម្បី​ធ្វើការ​ស្រាវជ្រាវ​ដោយ​យកចិត្តទុកដាក់ និង​ត្រួតពិនិត្យ​កាមេរ៉ា​សុវត្ថិភាព​តាម​ដងផ្លូវ រហូត​ឈាន​ដល់កំណត់​បាន​អត្តសញ្ញាណ​រថយន្ត ដែល​ជនសង្ស័យ​ប្រើប្រាស់​ជា​មធ្យោបាយ​ចាប់ជំរិត​ជន​រង​គ្រោះ គឺ​រថយន្ត​ម៉ាក HIGHLANDER ពណ៌​ស ពាក់​ស្លាក​លេខ ព្រះ​សីហ​នុ 2B-1799 ។

កម្លាំង​ជំនាញ​បាន​បន្ត​ការ​ស្រាវជ្រាវ រហូត​ដល់​ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០២១ វេលា​ម៉ោង​៤​រសៀល ទើប​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​សរុប​ចំនួន​៥​នាក់ ជា​បន្តបន្ទាប់ និង​រំដោះ​បាន​ជន​រង​គ្រោះ​ដែល​ត្រូវ​ក្រុម​ឧក្រិដ្ឋជន​ចាប់​ដាក់​ខ្នោះដៃ រួច​បង្ខាំង​ទុក​នៅផ្ទះ​ល្វែង​មួយ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្រុម​ទី​៣១ ភូមិ​៥ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ នោះ ។

ជន​រង​គ្រោះ​ដែល​រំដោះ​បាន​ឈ្មោះ Yi GengFa ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជនជាតិ​ចិន មុខរបរ​ចុងភៅ មាន​ទីលំនៅ​ភូមិ​៥ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ បាន​រង​របួស​បែក​បបូរមាត់​ខាងលើ មាន​ស្នាម​ជាំ​នៅ​ដើមទ្រូង និង​ដើមដៃ​ខាងស្តាំ ព្រមទាំង​មាន​ស្នាម​របួស​នៅ​ក​.​ដៃ​ទាំង​សងខាង ដោយ​ត្រូវ​ជនសង្ស័យ​ធ្វើ​ទារុណ​.​កម្ម ។

ចំណែក​ជនសង្ស័យ​ទាំង​៥​នាក់​ដែល​ត្រូវ​ចាប់ខ្លួន​នេះ​មាន ៖ ១-​ឈ្មោះ ZHOU HAOSHENG ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ជនជាតិ​ចិន មុខរបរ​កាស៊ីណូ​ផ្នែក​ទិញ​ទំនិញ លិខិតឆ្លងដែន (​មិន​យក​ជាប់​ខ្លួន​) មាន​ទីលំនៅ​ភូមិ​៤ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ។ ២-​ឈ្មោះ CAO JIAWEI ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិ​ចិន មុខរបរ​បុគ្គលិក​ក្រុមហ៊ុន លិខិតឆ្លងដែន​(​មិន​យក​ជាប់​ខ្លួន​) មាន​ទីលំនៅ​ភូមិ​៥ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ។ ៣-​ឈ្មោះ CHEN XUEDONG ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជនជាតិ​ចិន មុខរបរ​សន្តិសុខ លិខិត​ឆ្លង​ដែន​(​មិន​យក​ជាប់​ខ្លួន​) មាន​ទីលំនៅ ភូមិ​៤ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ។ ៤-​ឈ្មោះ DAI SHENGLONG ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជនជាតិ​ចិន មុខរបរ​យាម​មនុស្ស លិខិតឆ្លងដែន​(​មិន​យក​ជាប់​ខ្លួន​) មាន​ទីលំនៅ ភូមិ​៥ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ។ និង​៥-​ឈ្មោះ SONG JIAWEI ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិ​ចិន មុខរបរ​យាម​មនុស្ស លិខិតឆ្លងដែន (​មិន​យក​ជាប់​ខ្លួន​) មាន​ទីលំនៅ ភូមិ​៥ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ។

ក្នុង​នោះ​ផង​ដែរ សមត្ថកិច្ច​ក៏​បាន​ចាប់​យក​វត្ថុ​តាង​រួម​មាន ៖ ខ្នោះដៃ​១​គូរ (​ដាក់​ជាប់ដៃ​ជន​រង​គ្រោះ​),​សោ​រដោះ​ខ្នោះដៃ​ចំនួន​២, រថយន្ត​២​គ្រឿង (១-​ម៉ាក HIGHLANDER ពណ៌​ស ពាក់​ស្លាក​លេខ ព្រះ​សីហ​នុ 2B-1799 ” មធ្យោបាយ​ប្រព្រឹត្ត​បទល្មើស “, និង​២-​ម៉ាក ALPHARD ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ ភ្នំពេញ 2BB-0150 ” មធ្យោបាយ​ប្រព្រឹត្ត​បទល្មើស ” ) ។

ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៥​នាក់​ខាងលើ រួម​នឹង​វត្ថុ​តាង ត្រូវ​បាន​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ