រាជធានីភ្នំពេញ ៖ គ្រប់គ្នាពិតជាភ្ញាក់ផ្អើលដោយសារពេលនេះកញ្ញាលំដាប់រងទី១ Miss Grand Cambodia 2020 លឹម សុធារី ស្រាប់តែងាកទៅប្រកួតប្រជែងកម្មវិធីប្រឡងថ្មី១ទៀត គឺ កម្មវិធី Cambodia’s Queen of the Catwalks ដែលជាលក្ខណៈកំពូលតារាបង្ហាញម៉ូដ។
បាត់មុខមួយរយៈខ្លី ស្រីស្អាតរូបនេះ កំពុងតែបំពេញមហិច្ឆិតាខ្លួននៅលើវិថីសិល្បៈ បើទោះជាខ្លួនធ្លាប់ជាប់លេខ២ ដណ្តើមបានមកុដដែលគេឯងសរសើរពីសមត្ថភាពរួចទៅហើយនោះ។ អ្វីដែលយើងទទួលបាន បើសិនជា លឹម សុធារី ហៅលីលី មានវាសនាបែបណា តារាសាច់ស ទម្រង់មុខទាក់ទាញ ប្រកបដោយដើមទ្រូងស្អាត រូបនេះ នឹងបន្តពិចារណាប្រកួត Miss Universe Cambodia មួយទៀត
ប៉ុន្តែពេលនេះ សុធារី កំពុងតែផ្ចង់អារម្មណ៍បំពេញលើវិញ្ញាសាដែលបានដាក់អោយធ្វើ និងសម្តែងយ៉ាងណាទាញពិន្ទុពីគណៈកម្មាការ។ ការប្រកួតតារាម៉ូដែលអាជីពនោះ ឃើញថា បេក្ខភាពទាំងអស់ ត្រូវរងនូវការលំបាកខ្លាំង ចំពោះទម្រង់វិញ្ញាសាមួយៗដែលទស្សនិកជនបានដឹងហើយពិតជាយល់ថាមិនងាយធ្វើ ។ លក្ខណៈការប្រកួតស្រដៀងការប្រឡងកម្មវិធី ខេមបូឌានិចម៉ូដែល។ ប៉ុន្តែចំណុចថ្មីដែលលើកមកនេះ គឺលំបាកឆ្ងាយ តឹងតែង។
លឹម សុធារី បានបញ្ជាក់អោយដឹងថា នាងកំពុងតែជាប់ជាបេក្ខភាពប្រឡងតារាបង្ហាញម៉ូដ ដោយបានចូលដល់បេក្ខភាពជាង១០រូប សុទ្ធតែមានសមត្ថភាព។ ព្រោះតែស្រឡាញ់ការដើរម៉ូដ ចង់អោយដំណើរល្អ តាមស្តង់ដាទើបនាងសម្រេចចិត្តមកដាក់ពាក្យ។ សុធារីលើកឡើងទៀតថា មិនងាយស្រួលប៉ុន្មាននោះទេ ដែលវិញ្ញាសាដែលដាក់មកមានសភាពពិបាក ប្លែកៗណាស់។ គេបាននិងកំពុងដំណើរការថតទុកបានប៉ុន្មានលើកហើយ រង់ចាំតែការចាក់ផ្សាយជាផ្លូវការខាងមុខ។ រំពឹងថា នាងនឹងមានសញ្ញាល្អ ក្នុងការដណ្តើមជ័យលាភី ហើយនឹងទទួលបានបទពិសោធន៍មួយទៀតនៅលើវិស័យដើរបង្ហាញម៉ូដនេះ។
ចែករំលែកព័តមាននេះ