ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចៅអធិការ​រវល់​មើល​គេ​ធ្វើ​ទូក​ដាក់​បាយបិណ្ឌ បុរស​ម្នាក់​ចូល​យក​លុយ​ជាង​១​ម៉ឺន​ដុល្លារ

2 ឆ្នាំ មុន
  • ភ្នំពេញ

​ព្រះ​ចៅអធិការ​វត្ត​ព្រះ​នាម ក្តៀង សា​រ៉ាត់ ព្រះ​ជន្ម​៤៣​ព្រះ​វស្សា ដែល​គង់នៅ​វត្ត​រតនៈ​សោ​ភ័​ណ្ឌ ហៅ​វត្ត​កោង​កាង បាន​ប្តឹង​ពី​ជនសង្ស័យ​ពុំ​ស្គាល់​អត្តសញ្ញាណ​ម្នាក់ ដែល​បាន​លួច​លុយ​ក្នុង​ថង់យាម​ចេញពី​កុដិ​អស់​ជាង​១​ម៉ឺន​ដុល្លារ

ខេត្ត​ប៉ៃលិន ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា កាល​វេលា​ម៉ោងជាង​២​រសៀល​ថ្ងៃ​ទី​១៣ ខែកញ្ញា ឆ្នាំ​២០២១ ការិយា​ល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត​ប៉ៃលិន បាន​ទទួល​ពាក្យ​ប​ណ្ដឹង​ពី​ព្រះ​ចៅអធិការ​វត្ត​ព្រះ​នាម ក្តៀង សា​រ៉ាត់ ព្រះ​ជន្ម​៤៣​ព្រះ​វស្សា ដែល​គង់នៅ​វត្ត​រតនៈ​សោ​ភ័​ណ្ឌ ហៅ​វត្ត​កោង​កាង ស្ថិត​នៅ​ភូមិ​វត្ត សង្កាត់​.​ក្រុង​.​ខេត្ត​ប៉ៃលិន បាន​ប្តឹង​ពី​ជនសង្ស័យ​ពុំ​ស្គាល់​អត្តសញ្ញាណ​ម្នាក់ ភេទ​ប្រុស ពី​បទ​.​លួច​មាន​ស្ថាន​ទម្ងន់ទោស (​គាស់​ទម្លុះ​បន្ទប់​យក​ប្រាក់​) ដែល​បាន​លួច​លុយ​ក្នុង​ថង់យាម​ចេញពី​កុដិ​អស់​ជាង​១​ម៉ឺន​ដុល្លារ ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា នៅ​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃខែ​ខាងលើ​នេះ ព្រះ​ចៅអធិការ​បាន​និមន្ត​ចេញពី​កុដិ ហើយ​និមន្ត​ចុះឡើង​នៅ​ខាងក្រោយ​ព្រះ​វិហារ ដើម្បី​មើល​គេ​ធ្វើ​ទូក​សម្រាប់​ដាក់​បាយបិណ្ឌ​នា​ពេល​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​នេះ ។ ខណៈ​ពេល​នោះ​ដែរ ព្រះសង្ឃ​បានឃើញ​ក្មេង​ប្រុស​ម្នាក់​ពុំ​ស្គាល់​អត្តសញ្ញាណ មក​អង្គុយ​ក្បែរ​ខ្លោងទ្វារ​មុខ​ព្រះ​វិហារ តែ​មិន​បាន​ចាប់អារម្មណ៍​ថា ជា​ចោរ​នោះ​ទេ​។

សេចក្តីរាយការណ៍​បន្ត​ថា លុះ​រហូត​ដល់​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់ ព្រះ​អង្គ (​ចៅអធិការ​) ក៏​បាន​និមន្ត​ចេញពី​សាលាឆាន់​ទៅ​កុដិ​វិញ រួច​ក៏​បើក​បន្ទប់​បម្រុង​ចូល​សឹង ពេល​នោះ​ស្រាប់តែ​ឃើញ​បង្អួច​ចំហរ និង​មាន​បំណែក​ឈើ​ដែល​ចោរ​គាស់​បាក់បែក​ទៀត ភ្លាម​ៗ​នោះ​ព្រះ​អង្គ​ក៏​បាន​ស្ទុះ​ទៅ​មើល​ថង់យាម​ដែល​ដាក់​នៅ​ក្នុង​បន្ទប់​នោះ ស្រាប់​បាត់​លុយ​អស់ពី​ថង់យាម​តែ​ម្តង ។

តាម​ពាក្យបណ្តឹង​របស់​ព្រះ​ចៅអធិការ​វត្ត រតនៈ​សោ​ភ័​ណ្ឌ ហៅ​វត្ត​កោង​កាង បាន​បញ្ជាក់​ថា បច្ច័យ​ដែល​ចោរលួច​យក​ទៅ​អស់នោះ​មាន ៖ ប្រាក់​ដុល្លារ​ចំនួន​៧.៨០០​ដុល្លារ (​ប្រាំពីរ​ពាន់​ប្រាំបី​រយ​ដុល្លារ​អា​មេ​រិ​ក​) និង​លុយ​ខ្មែរ​ចំនួន ២១.០០០.០០០​រៀល (​ម្ភៃ​មួយ​លាន​រៀល​) សរុប​គឺ​អស់​ជាង​១​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ។

ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្តឹង​របស់​ព្រះ​ចៅ​ធិ​ការ​វត្ត​ហើយ សមត្ថកិច្ច​នគរបាល​ជំនាញ​ក៏​បាន​បើក​ការ​ស៊ើបអង្កេត និង​ស្រាវជ្រាវ​ជា​បន្ទាន់ ដើម្បី​ស្វែងរក​ចាប់ខ្លួន​ចោរ​ថ្លើមពាសមេឃ ដែល​អត់​ខ្លាច​ចុះ​នរក ដោយ​ហ៊ាន​គាស់​កុដិ​លួច​យក​បច្ច័យ​វត្ត​ទាំង​កណ្តាលថ្ងៃត្រង់ យក​មក​ផ្តន្ទាទោស​តាម​ច្បាប់​ជា​ធរមាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ