ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកស្រុកបារម្ភរមណីយដ្ឋានកៀនស្វាយក្រៅគោកលែងមានទឹកបម្រើអារម្មណ៍អ្នកទេសចរ

2 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តកណ្តាល ៖ ភាពស្រស់ស្អាតរបស់រមណីយដ្ឋានកៀនស្វាយក្រៅដ៏ចំណាស់នៅជិតរាជធានីភ្នំពេញ បំផុតនេះគឺមានទឹកអូរធំល្វឹងល្វើយដូចកូនទន្លេមួយ ដែលបង្កបរិយាកាសស្រស់ស្អាតដល់អ្នកទេសចរអាចអង្គុយលម្ហែអារម្មណ៍ ស្រូបខ្យល់អាកាសបរិសុទ្ធ និងគយគន់ទេសភាព និងមើលពីជីវភាពរស់នៅរបស់ពលរដ្ឋតាមដងទន្លេ ព្រមទំាងទទួលអាហារថ្មីៗស្រស់ៗ ដែលជាកសិផលរបស់អ្នកស្រុក…

ខេត្តកណ្តាល ៖ ភាពស្រស់ស្អាតរបស់រមណីយដ្ឋានកៀនស្វាយក្រៅដ៏ចំណាស់នៅជិតរាជធានីភ្នំពេញ បំផុតនេះគឺមានទឹកអូរធំល្វឹងល្វើយដូចកូនទន្លេមួយ ដែលបង្កបរិយាកាសស្រស់ស្អាតដល់អ្នកទេសចរអាចអង្គុយលម្ហែអារម្មណ៍ ស្រូបខ្យល់អាកាសបរិសុទ្ធ និងគយគន់ទេសភាព និងមើលពីជីវភាពរស់នៅរបស់ពលរដ្ឋតាមដងទន្លេ ព្រមទំាងទទួលអាហារថ្មីៗស្រស់ៗ ដែលជាកសិផលរបស់អ្នកស្រុក ប៉ុន្តែរយៈពេលចុងក្រោយនេះ មានក្តីបារម្ភពីការរីងគោក គ្មានទឹកនៅក្នុងអូរ ធ្វើឱ្យរមណីយដ្ឋានកៀនស្វាយបាត់បង់សម្រស់ ។

ក្តីបារម្ភបានកើតមាននៅក្រោយពីអ្នកស្រុកសង្កេតឃើញថា កម្រិតទឹកទន្លេមេគង្គ ដែលជាប្រភពផ្តល់ទៅឱ្យអូរកៀនស្វាយនារដូវវស្សាទាបពេក មិនអាចឱ្យទឹកហូរចូលអូររមណីយដ្ឋានកៀនស្វាយបាន ។ ពលរដ្ឋម្នាក់រស់នៅតំបន់កៀនស្វាយឈ្មោះ តារ៉ា និយាយថា ប៉ុន្មានឆ្នាំនេះទឹកទន្លេមិនអាចហូរចូលអូរកៀនស្វាយបានឡើយ ដោយសារប៉ែកខាងលើរមណីដ្ឋានកៀនស្វាយ មានការអភិវឌ្ឍខ្លំាង ហើយភាគច្រើននៃគម្រោងអភិវឌ្ឍន៍នោះបានចាក់ដីលប់បឹង លប់អូរ និងទន្លេស ដែលជាដៃរបស់ទន្លេមេគង្គក្រោមធ្វើឱ្យទឹកមិនអាចហូរចូលអូរបាន និងអាចបណ្តាលឱ្យគោកនៅថ្ងៃអនាគតប្រសិនស្ថានភាពនៅតែបែបនេះ ។

លោក ពៅ គឹមលី អភិបាលរងស្រុកកៀនស្វាយ ទទួលបន្ទុកលើវិស័យទេសចរណ៍ក៏បានបង្ហាញនូវក្ដីព្រួយបារម្ភ ដូចពលរដ្ឋនោះដែរ ។ លោកបញ្ជាក់ថា ប្រសិនបើកម្រិតទឹកទាបនោះ រមណីយដ្ឋានវត្តកៀនស្វាយក្រៅនឹងប្រឈមបញ្ហាមិនខាន ឫអាចនិយាយថា រមណីយដ្ឋានមួយនេះនឹងបាត់បង់សោភ័ណភាពហើយឈានទៅបាត់បង់ភ្ញៀវទេសចររហូតប៉ះពាល់ដល់មុខរបរ នឹងជីវភាពបងប្អូនពលរដ្ឋតំបន់នេះ ។

លោកអភិបាលរងស្រុក បានលើកឡើងថា ដូចយើងដឹងស្រាប់ហើយថា រមណីយដ្ឋានវត្តកៀនស្វាយក្រៅមានកត្តារួមផ្សំច្រើនដើម្បីទាក់ទាញភ្ញៀវទេសចរ ប៉ុន្តែអ្វីដែលសំខាន់នោះ គឺសម្រស់ធម្មជាតិក្នុងនោះផ្ទៃអូរដ៏ធំ និងវែងអន្លាយអមដោយរុក្ខជាតិពណ៌ខៀវស្រងាត់ដុះប្របមាត់អូរ លាយឡំនឹងសូរសត្វបក្សាបក្សីស្រែកខ្ញាវខ្ញារផ្សំជាមួយខ្យល់ជំនោរ ។ ដូច្នេះប្រសិនជាគ្មានទឹកមានន័យថា កៀនស្វាយក្រៅបាត់បង់សម្រស់ធម្មជាតិរបស់ខ្លួនហើយ ។

ការរីងគោកជាក្តីបារម្ភទៅថ្ងៃអនាគត ប៉ុន្តែលោកអភិបាលរងស្រុកបានបញ្ជាក់ថា បច្ចុប្បន្នអាជ្ញាធរបានយកចិត្តទុកដាក់កែលម្អបរិស្ថានតំបន់កៀនស្វាយក្រៅឱ្យស្រស់ស្អាត និងមានសេវាអាហារល្អ ស្មោះត្រង់ជាមួយភ្ញៀវ មិនឱ្យមានករណីដូចអតីកាលកើតមានឡើយ ។ លោកថា អាជ្ញាធរបានណែនាំដល់អ្នកផ្តល់សេវាទេសចរណ៍ទំាងអស់គោរពវិធានការសុខាភិបាល ក្នុងការត្រៀមទទួលភ្ញៀវទេសចរពេលកូវីដ ១៩ ធូរស្រាល ។ កៀនស្វាយនៅតែបង្អួតសម្រស់ស្រស់ត្រកាល ហើយរង់ចាំទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិជាបន្តបន្ទាប់នៅពេលដែលស្ថានភាពកូវីដបានធូរស្រាល ។ បើនិយាយពីសោភ័ណភាព និងបរិស្ថានអនាម័យ គឺមានការផ្លាស់ប្ដូរច្រើន ខណៈដែលសេវាម្ហូបអាហាររួមទាំងសេវាទេសចរណ៍ផ្សេងៗទៀតក៏ស្ថិតក្នុងកម្រិតដែលភ្ញៀវទេសចរអាចទទួលយកបាន មិនដូចជាកាលពីប៉ុន្មានឆ្មាំមុននោះឡើយ ។

លោកអភិបាលរងស្រុក បានអំពាវនាវដល់ភ្ញៀវទេសចរទេសចរជាតិ អន្តរជាតិ អញ្ជើញមកសម្រាកលម្ហែកាយនៅរមណីយដ្ឋានកៀនស្វាយដើម្បីផ្តល់ចំណូលដល់សហគមន៍ និងទទួលបានអាមរម្មណ៍រីករាយជាមួយសម្រស់ធម្មជាតិ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ