ខេត្តប៉ៃលិន៖ រហូតមកដល់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១នេះ នៅសល់ពេលតែជិត ១ខែទៀតប៉ុណ្ណោះ រដូវបុណ្យភ្ជុំបិណ្ឌ នឹងឈានចូលមកដល់ ទោះបីជាបញ្ហាវិបត្តិជំងឺកូវីដ១៩ ប្រភេទថ្មី ដែលតា កំពុងឆ្លងរាលដាល ក្នុងប្រទេសកម្ពុជាយើងក៏ដោយ។ សម្រាប់ខេត្តប៉ៃលិន អាជ្ញាធរខេត្ត កំពុងតែសម្រុកធ្វើផ្លូវបេតុងឡើងទៅរមណីយដ្ឋានទឹកធ្លាក់អូរតាវ៉ៅ ហៅ ភ្នំខៀវ ឱ្យរួចរាល់ ទាន់ពេលវេលា ដើម្បីទាក់ទាញភ្ញៀវទេសចរ ក្នុងខេត្ត ជាពិសេសពេលចប់បញ្ហាកូវីដ ១៩ អាចនឹងទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ ឱ្យចូលទៅលេងកំសាន្តយ៉ាងសប្បាយរីករាយ នាពេលបុណ្យទាន ឬថ្ងៃចុងសប្តាហ៍ផងដែរ។
ប្រភពព័ត៌មានបានឱ្យដឹងថា រមណីយដ្ឋានទឹកធ្លាក់អូរតាវ៉ៅ ហៅ ភ្នំខៀវ មានចំងាយពីក្រុងប៉ៃលិន ប្រមាណ ៧ ទៅ ៨គីឡូម៉ែត្រ ឆ្ពោះទៅទិសខាងត្បូង ស្ថិតនៅក្នុងភូមិខ្លុង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដែលជារមណីយដ្ឋានល្អជាងគេបំផុត នៅក្នុងខេត្ត អមទៅដោយព្រៃព្រឹក្សាដុះ លូតលាស់យ៉ាងខៀវខ្ចី នៅសងខាងផ្លូវ។
ប្រភពបន្តទៀតថា មិនត្រឹមតែប៉ុណ្ណោះ ពេលចូលទៅដល់ក្បែរកន្លែងទឹកជ្រោះ គេឮសំឡេងសត្វរៃកណ្តឹងយំត្រសងប្រដេញគ្នា ចុះឡើងៗ ដូចជា សំឡេងនៃភ្លេងតូរ្យតន្ត្រីអ្វីម្យ៉ាង អាចបំពេរអារម្មណ៍អ្នកស្តាប់ឱ្យនឹកឃើញពីអតីតកាល។ លើសពីនេះ នៅពេលស្ងាត់មនុស្សម្នា គេសង្កេតឃើញសត្វស្វាញីឈ្មោល តែងចុះពីលើដើមឈើ មកប្រលែងគ្នា នៅក្បែរដងផ្លូវ ទាំងហ្វូង ព្រោះមានដើមឈើច្រើនជាទីជម្រក សម្រាប់សត្វស្វា និងសត្វផ្សេងៗ។
ម្យ៉ាងវិញទៀត ពេលភ្ញៀវទេសចរនាំគ្នាធ្វើដំណើរ ចូលទៅលេងកម្សាន្ត នាពេលព្រឹក តែងឮសំឡេងសត្វ តាវ៉ៅ សត្វសេក និងសត្វចាប ស្រែកយំកងរំពងពេញព្រៃ ដូចមនុស្សជួបជុំក្រុមគ្រួសារ ក្នុងសហគមន៍។
អ្វីដែលគួរឱ្យចាប់អារម្មណ៍ជាងគេបំផុតនោះ គឺទឹកជ្រោះជាន់ទី៧ ដែលហូរធ្លាក់មកពីលើកំពូ លភ្នំខៀវ ចុះមកតាមដងអូរ លាន់ឮសូរសំឡេងឥតដាច់ ខណ:ពេលភ្ញៀវទេសចរចុះងូតទឹកលេង ធ្វើឱ្យត្រជាក់កាយសប្បាយក្នុងចិត្ត បំបាត់អស់ទុក្ខកង្វល់ បង្កើតនូវអារម្មណ៍ភ្លឺថ្លា ជាពិសេសបំបាត់ស្ត្រេស ខណៈពេលបំពេញការងារច្រើនផងដែរ។
ប្រភពព័ត៌មានពីមេការធ្វើផ្លូវបេតុងម្នាក់ បានឱ្យភ្នាក់ងារសារព័ត៌មានយើងដឹងថា ផ្លូវបេតុង ចាប់ពីខ្លោងទ្វាររមណីយដ្ឋាន រហូតដល់កន្លែងលេងទឹកជ្រោះ មានចំងាយប្រមាណជា ២គីឡូម៉ែត្រ ត្រូវបានអាជ្ញាធរខេត្ត ដឹកនាំដោយលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន រៀបចំចាក់បេតុង មានទទឹងប្រវែង ៦ម៉ែត្រ ហើយប្រហែលជាជិត ១ខែទៀត អាចនឹងរួចរាល់ ដែលញ៉ាំងឱ្យភ្ញៀវទេសចរ ធ្វើដំណើរទៅលេងកំសាន្ត មិនបារម្ភខ្លាចរអិល ឬបែកកង់ម៉ូតូ ឬរថយន្ត ដោយសារមុតនឹងក្បាលថ្មនោះឡើយ។
ប្រភពបន្តទៀតថា នៅពេលចប់វិបត្តិជំងឺកូវីដ១៩ ទឹកធ្លាក់អូរតាវ៉ៅ ហៅ ភ្នំខៀវ នឹងមានភ្ញៀវចូលទៅលេងកំសាន្តច្រើន ព្រោះមានកន្លែងធំទូលាយ ទេសភាពស្រស់ស្អាត គួរឱ្យចង់គយគន់ ព្រោះអាជ្ញាធរខេត្ត នឹងរៀបចំដាំផ្កា នៅតាមសងខាងផ្លូវ តុបតែងធ្វើខ្យុស ព្រមទាំងគ្រោងរៀបចំសាងសង់ផ្ទះលំហែកាយ នៅក្បែររមណីយដ្ឋានផងដែរ៕ នីយ៉ា













ចែករំលែកព័តមាននេះ