តាមការស្រាវជ្រាវរបស់អាល្លឺម៉ង់បានរកឃើញថា បណ្តាបុរសដែលចូលចិត្តមើលខ្សែភាពយន្តអាសអាភាសច្រើនធ្វើឱ្យសកម្មភាពខួរក្បាលនៅតំបន់ដែលទាក់ទងនឹងការផ្ទង់ស្មារតីនិងការលើកទឹកចិត្តថយចុះ ។
ទោះជាយ៉ាងនេះក្តី ការសិក្សាដែលបានចុះផ្សាយក្នុងព្រឹត្តិបត្រ JAMA Psychiatry នេះមិនបាននិយាយថា ការមើលភាពយន្តអាសអាភាសបណ្តាលឱ្យថយចុះនូវសកម្មភាពខួរក្បាលទាំងមូលនោះទេ ។
លោកស្រី Simone Kuhn អ្នកដឹកនាំការស្រាវជ្រាវមកពីវិទ្យាស្ថានសម្រាប់ការអភិវឌ្ឍធនធានមនុស្ស Max Planck នៅទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ថ្លែងថា វាមិនទាន់ច្បាស់ទេដែលថា ការមើលរឿងអាសអាភាសនាំឱ្យខួរក្បាលទាំងមូលផ្លាស់ប្តូរនោះ ។ ដោយសំណាងអាក្រក់ យើងមិនអាចឆ្លើយសំណួរនេះបានដោយផ្អែកលើលទ្ធផលរបស់យើងលើកនេះទេ ។ ប៉ុន្តែលោកស្រីបានកត់សម្គាល់ថា លទ្ធផលនៃការរកឃើញលើកនេះគឺជាភ័ស្តុតាងដំបូងគេដែលបញ្ជាក់ពីការជាប់ពាក់ព័ន្ធគ្នារវាងការទស្សនាភាពយន្តអាសអាភាស និងការថយចុះទំហំ និងសកម្មភាពខួរក្បាលនៅក្នុងការឆ្លើយតបទៅនឹងរំញោចផ្លូវភេទ ។
ការពិសោធដោយផ្ទាល់ទៅលើបុរសវ័យពី២១ឆ្នាំទៅ៤៥ឆ្នាំចំនួន៦៤នាក់ពីសំណាក់អ្នកវិទ្យាសាស្ត្រសាកលវិទ្យាល័យ Charite University ស្ថិតក្នុងទីក្រុងប៊ែរឡាំងបានបង្ហាញថា ទំហំ Striatum ជាផ្នែកមួយរបស់ខួរក្បាលដែលជាប់ពាក់ព័ន្ធនឹងទង្វើជំរុញលើកទឹកចិត្តក៏ដូចជានីតិវិធីលើកទឹកចិត្តគឺមានទំហំកាន់តែតូចទៅៗក្នុងពេលដែលពួកគេទស្សនាភាពយន្តអាសអាភាសកាន់ច្រើនឡើងៗ ។ ដោយឡែក តំបន់ខួរក្បាលមួយផ្សេងទៀត ជាផ្នែកមួយរបស់ Striatum ផងដែរ និងមាននាទីធ្វើសកម្មភាពនៅពេលបុគ្គលជួបរំញោចផ្លូវភេទគឺមានសកម្មភាពតិចតួចបំផុត ។
ក្រុមអ្នកស្រាវជ្រាវបានរកឃើញទៀតថា ការភ្ជាប់ទំនាក់ទំនងគ្នារវាង Striatum និងកំពកផ្នែកខាងមុខរបស់ខួរក្បាលកាន់តែអាក្រក់ខ្លាំងឡើងនៅពេលការមើលភាពយន្តអាសអាភាសត្រូវបានបង្កើន ៕
ចែករំលែកព័តមាននេះ