ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តព្រះសីហនុ ពង្រឹងវិធានការសុវត្ថិភាពខណៈសកម្មភាពសេដ្ឋកិច្ចកម្រើកឡើងវិញ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ពាណិជ្ជកម្មរបស់ពលរដ្ឋតូចធំនៅខេត្តព្រះសីហនុ បានកម្រើកឡើងវិញ ពិសេសអាហារដ្ឋាន ភោជនីយដ្ឋាន ជាច្រើនបានបើកទទួលភ្ញៀវឱ្យចូលទទួលទាន នៅកន្លែងខ្លួនជាហូរហែ ។ អាជ្ញាធរបានកំពុងចុះអប់រំដល់ម្ចាស់អាជីវកម្មដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ…

រាជធានីភ្នំពេញ ៖ ពាណិជ្ជកម្មរបស់ពលរដ្ឋតូចធំនៅខេត្តព្រះសីហនុ បានកម្រើកឡើងវិញ ពិសេសអាហារដ្ឋាន ភោជនីយដ្ឋាន ជាច្រើនបានបើកទទួលភ្ញៀវឱ្យចូលទទួលទាន នៅកន្លែងខ្លួនជាហូរហែ ។ អាជ្ញាធរបានកំពុងចុះអប់រំដល់ម្ចាស់អាជីវកម្មដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ ១៩ ឱ្យមានប្រសិទ្ធភាពបំផុត ។

លោក តាំង សុចិត្តគ្រឹះស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានឱ្យដឹងថា មន្រ្តីរបស់លោក និងអាជ្ញាធរពាក់ព័ន្ធបានកំពុងសហការគ្នា ចុះធ្វើការណែនាំតាមគោលដៅសកម្មភាពម្ចាស់អាជីវកម្ម ។ លោកថា ម្ចាស់អាជីវកម្មដែលអនុញ្ញាតឱ្យភ្ញៀវចូលទទួល ទានអាហារនៅក្នុងទីតាំងរបស់ខ្លួនត្រូវបំពេញតាមគោលការណ៍ណែនាំរបស់អាជ្ញាធរមានសមត្ថកិច្ច និងតម្រូវឱ្យម្ចាស់អ្នកគ្រប់គ្រង និងបុគ្គលិក ត្រូវមានកាតបញ្ជាក់ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន ២ លើក ។ អ្នកគ្រប់គ្រង និងបុគ្គលិកទាំងអស់ ត្រូវយកសំណាកចំនួន ២ លើកក្នុងមួយខែដែលជាបន្ទុករបស់ម្ចាស់អាជីវកម្ម ។

មន្រ្តីបានបញ្ជាក់ថា ការបើកដំណើរការអាជីវកម្មឡើងវិញ គឺជាការបំពេញតម្រូវការរបស់ភ្ញៀវទេសចរ ជាពិសេសការធានាបាននូវនិរន្តរភាពនៃសកម្មភាពសេដ្ឋកិច្ចសង្គម បង្កើនប្រាក់ចំណូល និងមុខរបរអាជីវកម្មផ្សេងៗរបស់ប្រជាពលរដ្ឋ ។ ការកម្រើកសកម្មភាពសេដ្ឋកិច្ចនៅលើទឹកដីឆ្នេរនេះ មិនត្រឹមនៅក្នុងក្រុងព្រះសីហនុ នោះទេ នៅតាមកោះ ដូចជាកោះរ៉ុង ដែលប្រជាពលរដ្ឋពឹងផ្អែកទៅលើវិស័យទេសចរណ៍ ក្នុងការបង្កើនជីវភាពគ្រួសារនោះបានផ្តើមអនុញ្ញាតឱ្យទទួលភ្ញៀវចូលទទួលទានអាហារនៅកន្លែងលក់ដូររបស់ខ្លួនដែរ ។

ជាការកត់សម្គាល់ខេត្តព្រះសីហនុ នឹងទទួលរៀបចំព្រឹត្តិការណ៍ទេសចរណ៍អាស៊ាននៅដើមឆ្នាំ ២០២២ ខាងមុខនេះ ។ ព្រឹត្តិការណ៍ទេសចរណ៍អាស៊ាននេះមានសារៈសំខាន់ដល់មុខមាត់កម្ពុជាក្នុងវិស័យទេសចរណ៍ ។ សុវត្ថិភាពរបស់ប្រតិភូទេសចរអាស៊ាននាពេលនោះជាចំណុចផ្តើមក្នុងការស្រូបទាញអ្នកទេសចរបរទេសឱ្យចូលមកកម្ពុជាឡើងវិញ ។

លោកប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានបញ្ជាក់បន្ថែមថា ដោយសារខេត្តព្រះសីហនុជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ វេទិកាទេសចរណ៍អាស៊ាននោះ អាជ្ញាធរជូនបានជូនដំណឹង និងផ្សព្វផ្សាយដល់ម្ចាស់អាជីវកម្ម នៅក្នុងក្រុងកោះរ៉ុង ឱ្យបានដឹងដើម្បីត្រៀមខ្លួនទទួលភ្ញៀវទេសចរជាតិ-អន្តរជាតិ មកទស្សនាកម្សាន្ត តែទាមទារឱ្យម្ចាស់អាជីវកម្មទាំងអស់ពង្រឹងគុណភាពសេវាកម្ម សណ្ដាប់ធ្នាប់ បរិស្ថាន អនាម័យ សុខសុវត្ថិភាព និងអាជីវកម្មឱ្យបានល្អ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ