ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តមណ្ឌលគិរី បើកសាលារៀន មុនគេ ចាប់ពីថ្ងៃទី៦ ខែកញ្ញានេះតទៅ

2 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី៖ បន្ទាប់ពីទទួលបានការចាក់វ៉ាកសាំងចំនួនពីរលើកកន្លងទៅនេះ សិស្សសាលាមធ្យមសិក្សា ក្នុងខេត្តមណ្ឌលគិរី ត្រូវបានដាក់ឲ្យដំណើរការឡើងវិញ ចាប់ពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ​២០២១ ទោះបីចំនួនអ្នកកើតជំងឺកូវីដ១៩ ក្នុងខេត្តភាគឦសាន​នេះ…

ខេត្តមណ្ឌលគិរី៖ បន្ទាប់ពីទទួលបានការចាក់វ៉ាកសាំងចំនួនពីរលើកកន្លងទៅនេះ សិស្សសាលាមធ្យមសិក្សា ក្នុងខេត្តមណ្ឌលគិរី ត្រូវបានដាក់ឲ្យដំណើរការឡើងវិញ ចាប់ពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ​២០២១ ទោះបីចំនួនអ្នកកើតជំងឺកូវីដ១៩ ក្នុងខេត្តភាគឦសាន​នេះ នៅបន្តកើត​ឡើង​​ជារៀងរាល់ថ្ងៃក៏ដោយ​។

គណៈគ្រប់គ្រងវិទ្យាល័យ ហ៊ុន សែន មណ្ឌលគិរី បានចេញសេចក្តីជូនដំណឹងដល់អាណាព្យាបាល និងសិស្សានុសិស្ស ដែលរៀនថ្នាក់ទី៩ និងថ្នាក់ទី១២ ជ្រាបថា សាលាចាប់ផ្ដើមដំណើរការបង្រៀន និងរៀនដោយផ្ទាល់ ចាប់ពីថ្ងៃចន្ទ ទី៦ ខែកញ្ញា ឆ្នាំ២០២១ តទៅ។ ដូច្នេះសូមសិស្សានុសិស្ស និងអាណាព្យាបាល បញ្ជូនកូនមករៀន តាមការកំណត់របស់សាលា។

សូមបញ្ជាក់ថា ទីតាំងវិទ្យាល័យ ហ៊ុន សែន មណ្ឌលគិរី ត្រូវបានយកធ្វើជាមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាល។​ ដូចនេះ សិស្សានុសិស្ស ត្រូវមករៀននៅវិទ្យាល័យបច្ចេកទេសអន្តេវាសិកដ្ឋាន (ច្រកចូលបុរីកុមារ និងអន្តេវាសិកដ្ឋាន ជាប់មន្ទីរអប់រំ យុវជន និងកីឡា ខេត្តមណ្ឌលគិរី)។ សម្រាប់សិស្សានុសិស្ស កម្រិតថ្នាក់ទី៧ ថ្នាក់ទី៨ ថ្នាក់ទី១០ ននិងថ្នាក់ទី១១ ត្រូវ​រៀនពីចម្ងាយ តាមអនឡាញដដែល។

មន្ទីរអប់រំ យុវជន និងកីឡា ខេត្តមណ្ឌលគិរី បានឲ្យដឹងថា នៅខេត្តមណ្ឌលគិរី សាលាមធ្យមសិក្សា ដាក់ឲ្យដំណើរការឡើងវិញ មាន ៨សាលា។ សិស្សទី៩ មានចំនួន ៩៥៤នាក់ ស្រី ៥០៧នាក់ ដែលត្រូវត្រៀមប្រឡង នៅខែវិច្ឆិកា ឆ្នាំ​២០២១។ ចំណែកសិស្សទី១២ ចំនួន ៤៤៨នាក់ ស្រី ២៣៣នាក់ ត្រូវប្រឡងថ្នាក់ជាតិ នៅខែធ្នូ ឆ្នាំ២០២១។ ដោយឡែក សិស្សក្នុងកម្រិតសិក្សាផ្សេងទៀត ត្រូវរៀនតាមប្រព័ន្ធ​អនឡាញ តាមផ្ទះ។

ខេត្តមណ្ឌលគិរី បាន​រៀបចំឲ្យសិស្សថ្នាក់ទី៩ និងថ្នាក់ទី១២ ត្រូវទៅរៀនផ្ទាល់ នៅក្នុងថ្នាក់រៀន ដោយសាលា បានរៀបចំឲ្យ​ពួកគេ អង្គុយរៀន ដាច់ឆ្ងាយពីគ្នា។ ក្នុងមួយថ្នាក់ មានសិស្សត្រឹម ១០នាក់ ទៅ ២០នាក់ប៉ុណ្ណោះ ទៅតាមទីធ្លា និង​បន្ទប់រៀន​ជាក់ស្តែង ដើម្បីចៀសវាងការចម្លងជំងឺកូវីដ១៩ ស្របទៅតាមវិធានការក្រសួងសុខាភិបាល និងក្រសួងអប់រំ៕ សាយ ករុណា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ