ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងរំឭកសណ្ឋាគារ ភោជនីយដ្ឋាន កន្លែងទេសចរណ៍អនុវត្តស្តង់ដារសុវត្ថិភាព

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ដើម្បីរក្សាបាននូវស្ថិរភាពអាជីវកម្ម និងធានាបាននូវសុវត្ថិភាពជូនដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិ ក្រសួងទេសចរណ៍បានប្រកាសដាក់ឱ្យអនុវត្តបទដ្ឋានគតិយុត្ត «ការធ្វើបច្ចុប្បន្នភាពនៃការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងនិតិវិធីស្តង់ដារប្រតិបត្តិអប្បបរមា (ហៅកាត់ថា SOP) តាមគន្លងប្រក្រតីភាពថ្មី»…

រាជធានីភ្នំពេញ ៖ ដើម្បីរក្សាបាននូវស្ថិរភាពអាជីវកម្ម និងធានាបាននូវសុវត្ថិភាពជូនដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិ ក្រសួងទេសចរណ៍បានប្រកាសដាក់ឱ្យអនុវត្តបទដ្ឋានគតិយុត្ត «ការធ្វើបច្ចុប្បន្នភាពនៃការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងនិតិវិធីស្តង់ដារប្រតិបត្តិអប្បបរមា (ហៅកាត់ថា SOP) តាមគន្លងប្រក្រតីភាពថ្មី» សម្រាប់អាជីវកម្មទេសចរណ៍ធំៗចំនួន ៤ មាន ៖ អាជីវកម្មសេវាកម្មស្នាក់នៅទេសចរណ៍, អាជីវកម្មភោជនីយដ្ឋាន-អាហារដ្ឋានទេសចរណ៍, រមណីយដ្ឋានទេសចរណ៍ និងសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍លោក ថោង ខុន បានគូសបញ្ជាក់ថា ការធ្វើបច្ចុប្បន្នភាពវិធានសុវត្ថិភាពទេសចរណ៍ និងនិតិវិធីស្តង់ដារប្រតិបត្តិអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មី សម្រាប់អាជីវកម្មទេសចរណ៍ធំៗចំនួន ៤ ខាងលើ បានរៀបចំឡើងស្របតាមវិធានការចាំបាច់របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងធ្វើបច្ចុប្បន្នភាពលក្ខខណ្ឌនៃការអនុវត្តមួយចំនួន ឆ្លើយតបទៅនឹងគន្លងប្រក្រតីភាពថ្មីតាមស្ថានភាពបច្ចុប្បន្ន ។ វិធានសុវត្ថិភាពនេះ ត្រូវបានដាក់ឱ្យអនុវត្តជាកាតព្វកិច្ច និងជាលក្ខខណ្ឌបន្ថែមក្នុងការស្នើសុំថ្មី ឬបន្តអាជ្ញាបណ្ណទេសចរណ៍ ។ លោកបានបញ្ជាក់ថា «មូលដ្ឋានអាជីវកម្មទេសចរណ៍ណាបំពេញបានតាមលក្ខណៈវិនិច្ឆ័យដូចបានកំណត់ក្នុងវិធានសុវត្ថិភាពទេសចរណ៍ នឹងទទួលបានលិខិតបញ្ជាក់ទទួលស្គាល់អាជីវកម្មដែលមានសុវត្ថិភាពប្រឆាំងនឹងកូវីដ-១៩» ។

ក្នុងឱកាសប្រកាសដាក់ឱ្យអនុវត្តបទដ្ឋាន SOP តាមប្រព័ន្ធវីដេអូអនឡាញ កាលពីថ្ងៃទី ១ ខែសីហា រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានជំរុញដល់អាជ្ញាធររាជធានី-ខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធត្រូវចុះអនុវត្ត ចុះណែនាំ និងផ្សព្វផ្សាយដល់គ្រប់មូលដ្ឋានអាជីវកម្ម និងត្រូវរាយការណ៍ជាប្រចាំ ពិសេសត្រូវអប់រំប្រជាពលរដ្ឋ ភ្ញៀវទេសចរ បុគ្គលបម្រើការនៅតាមគោលដៅទេសចរណ៍នីមួយៗ និងប្រតិបត្តិករទេសចរណ៍ដែលជាដៃគូសហការ ដើម្បីពង្រឹងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ និងធានាឱ្យបាននូវសុខសុវត្ថិភាពជូនភ្ញៀវទេសចរ ។ លោកបានជំរុញឱ្យមានការអនុវត្តបទដ្ឋានគតិយុត្តខាងលើនេះ គឺដើម្បីជួយឱ្យអាជីវកម្មទេសចរណ៍ទាំង ៤ ប្រភេទធំៗខាងលើ អាចធ្វើសកម្មភាពអាជីវកម្មរបស់ខ្លួនបានផង និងសម្របខ្លួនរៀនរស់ក្នុងប្រក្រតីភាពថ្មីមួយ ។

នៅពេលអាជីវកម្មទេសចរណ៍ទាំង ៤ នេះអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងនិតិវិធីស្តង់ដារប្រតិបត្តិអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មីទាំងនេះបានត្រឹមត្រូវ នឹងទទួលបានក្ដីទុកចិត្តពីសំណាក់ភ្ញៀវទេសចរ ។ យើងទាំងអស់គ្នានឹងចូលរួមប្រែក្លាយការគំរាមកំហែងពីជំងឺកូវីដ-១៩ ទៅជាឱកាសសម្រាប់ការលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍ ដើម្បីជំរុញការទាក់ទាញទេសចរក្នុងស្រុក និងអន្តរជាតិ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ