រាជធានីភ្នំពេញ ៖ ផ្សារត្រពាំងថ្លឹង ស្ថិតនៅតាមបណ្ដោយផ្លូវវ៉េងស្រេង ស្ថិតភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ត្រូវបានអាជ្ញាធរផ្អាកបណ្ដោះអាសន្ន នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១នេះ ។

ការផ្អាកខាងលើ ដើម្បីយកសំណាកធ្វើតេស្តរកវីរុស COVID-19 លើអាជីវករ និងអ្នកពាក់ព័ន្ធជាង៥០០នាក់ បន្ទាប់ពីរកឃើញមានអ្នកផ្ទុកវីរុសប្រភេទថ្មីដែលតា ២នាក់ចូលទៅទិញទំនិញពីអាជីវករនៅក្នុងផ្សារនេះ ។
ដោយឡែករោងចក្រ«ថបសិនធើ»អគារF7 ប្លុកISI ដែលមានទីតាំងស្ថិតនៅក្នុងភូមិទួលពង្រ សង្កាត់ចោមចៅទី១ នោះដែរក៏ត្រូវបានក្រុមគ្រូពេទ្យចុះទៅយកសំណាកកម្មករកម្មការិនីផងដែរ និងរកឃើញអ្នកវិជ្ជមានមេរោគប្រភេទថ្មីដែលតាចំនួន៣នាក់ ។

តាមប្រភពពីអាជ្ញាធរសង្កាត់ចោមចៅទី១ បានឲ្យដឹងថា សម្រាប់ផ្សារត្រពាំងថ្លឹងនេះ អាជ្ញាធរគ្រាន់តែជាការផ្អាកដំណើរការលក់ដូរជាបណ្ដោះអាសន្នប៉ុន្មានម៉ោងសិនប៉ុណ្ណោះ ។ ដើម្បីអនុវត្តវិធានការសុខាភិបាលធ្វើតេស្តសំណាកក្រុមអាជីវករ និងអ្នកពាក់ព័ន្ធនៅទីនោះ សរុបជាង៥០០នាក់ ស្វែងរកវីរុសCOVID-19 ។ ប៉ុន្តែពុំទាន់ជាលក្ខណៈបិទខ្ទប់នៅឡើយទេ ខណៈដែលការធ្វើតេស្តកំពុងដំណើរការហើយពុំទាន់ដឹងថា តើមានអ្នកឆ្លងវីរុសនេះឬអត់នៅឡើយ។

ប្រភពដដែលបានបន្តទៀតថា ការឈានដល់ការផ្អាកជាបណ្ដោះអាសន្នេនេះ គឺក្រោយពេលដែលអាជ្ញាធរ និងក្រុមគ្រូពេទ្យបានរកឃើញមានអ្នកផ្ទុកវីរុសប្រភេទថ្មីដែលតា២នាក់ចូលទៅទិញទំនិញពីអាជីវករនៅក្នុងផ្សារខាងលើកាលពីពេលថ្មីៗនេះ ។

ជាហេតុធ្វើឲ្យមានការព្រួយបារម្ភពីហានិភ័យសុខភាពរបស់អាជីវករ និងអ្នកពាក់ព័ន្ធទាំងអស់ ទើបមានការចុះយកសំណាកភ្លាមៗ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជម្ងឺនេះពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ហើយខណៈនេះពុំទាន់ដឹងពីលទ្ធផលនៅឡើយទេ ។

ប្រភពខាងលើបានឲ្យដឹងបន្ថែមថា ក្រៅពីផ្សារត្រពាំងថ្លឹងនេះក៏នៅមានរោងចក្រមួយទៀតយីហោ «ថបសិនធើ»អគារF7 ប្លុកISI ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១នោះដែរ ក៏ត្រូវបានក្រុមគ្រូពេទ្យចុះទៅយកសំណាកដែរ ជាលទ្ធផលបានរកឃើញអ្នកឆ្លងវីរុសប្រភេទថ្មីដែលតាចំនួន៣នាក់ ។ ក្នុងនោះ គឺស្រី២នាក់ និងប្រុស១នាក់ ហើយក្រុមគ្រូពេទ្យបានបញ្ជូនពួកគាត់ទៅកាន់មណ្ឌលព្យាបាលជម្ងឺនេះហើយ ។

ទន្ទឹមនឹងនេះ អាជ្ញាធរ និងក្រុមគ្រូពេទ្យបានណែនាំដល់អាជីវករនៅក្នុងផ្សារត្រពាំងថ្លឹងព្រមទាំងកម្មករ កម្មការិនីអគារF7 រោងចក្រថបសិនធើទាំងអស់ ត្រូវអនុវត្តនូវិធានការសុខាភិបាល និងវិធានការ៣កុំ និង៣ការពារទាំងអស់ ឲ្យបានខ្ជាប់ខ្ជួន ដើម្បីរួចផុតពីការឆ្លងនូវមេរោគដ៏កាចសាហាវនេះ ៕


ចែករំលែកព័តមាននេះ