រាជធានីភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា មណ្ឌលប្រឡងយកប័ណ្ណបើកបរ ( ទ្រឹស្តី និងដៃចង្កូត) នៅរាជធានីភ្នំពេញ បានចាប់ផ្ដើមបើកដំណើរការឡើងវិញហើយ បន្ទាប់ពីបានផ្អាករយៈពេលប្រមាណ៣ខែកន្លងមកនេះ ដោយសារតែការរីករាលដាលនៃជំងឺកូវីដ១៩។

លោក ឈួន វ៉ន់ អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូន របស់ក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យកោះសន្តិភាពដឹងថា តាំងពីដើមឆ្នាំ២០២១ កន្លងមកនេះ ដោយសារការរីករាលដាលនៃជំងឺកូវីដ១៩ បានធ្វើអោយការផ្តល់សេវាប្រឡងយកប័ណ្ណបើក បរ មធ្យោបាយយានជំនិះគ្រប់ប្រភេទមានការរអាក់រអួល នៅតាមមណ្ឌលប្រឡងយកប័ណ្ណបើកបរនានា ហើយរហូតមកដល់ពេលនេះ មានរយៈពេលជាង៥ខែមកហើយសម្រាប់នៅទូទាំងប្រទេស ប៉ុន្តែសម្រាប់មជ្ឈមណ្ឌលប្រឡងយកប័ណ្ណបើកបរនៅភ្នំពេញ ត្រូវបានផ្អាកប្រមាណ៣ខែមកហើយ ប៉ុន្តែដោយសារតែមើលឃើញពីភាពចាំបាច់របស់អ្នកបើកបរនៅលើដងផ្លូវ បានឆ្លងកាត់ការប្រឡងយកប័ណ្ណបើកបរត្រឹមត្រូវ មុននឹងបើកបរនៅលើដងផ្លូវ គឺក្រសួងសម្រេចបើកដំណើរការឡើងវិញ ដោយអនុវត្តតាមវិធានការសុខាភិបាល ។
លោកបន្តថា ការប្រឡងអនុញ្ញាតឱ្យចូលម្តងត្រឹមតែ១០ទៅ១៥នាក់ប៉ុណ្ណោះ ដើម្បីបង្ការការចម្លងនៃវីរុសកូវីដ១៩ ដែលការសម្រេចបើកដំណើរឡើងវិញនេះ គឺធ្វើឡើងនៅមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញព្រែកលៀប។

លោក ឈួន វ៉ន់ បានឱ្យដឹងទៀតថា សម្រាប់ប្រជាពលរដ្ឋដែលមានបំណងប្រឡងយកប័ណ្ណបើកបររថយន្តធុនធំ ចាប់ពីប្រភេទ គ និង ឃ ឡើងទៅ គឺតម្រូវឱ្យចូលរៀននៅសាលារៀនបើកបរជាមុន ហើយត្រូវមានបញ្ជាក់វិញ្ញាបនបត្រ បញ្ចប់ការសិក្សាពីសាលានីមួយៗ ទើបអាចដាក់ពាក្យស្នើសុំប្រឡងបាន ប៉ុន្តែសម្រាប់ប្រជាពលរដ្ឋដែលមានបំណងប្រឡងយកប័ណ្ណបើកបរប្រភេទធុនតូច មានប្រភេទ ក និងខ មិនចាំបាច់បញ្ជាក់វិញ្ញាបនបត្រ ឬបញ្ជាក់ការសិក្សាបញ្ចប់ការសិក្សានោះទេ គឺអាចមកដាក់ពាក្យស្នើសុំប្រឡងយកបណ្ណបើកបរតែម្ដង។
លោកបានបញ្ជាក់ថា «អ៊ីចឹងទាក់ទងនឹងបងប្អូនប្រជាពលរដ្ឋយើង អាចទៅទទួលសេវាប្រឡងយកប័ណ្ណបើកបរឡើងវិញ គឺនៅមន្ទីរសាធារណការដឹកជញ្ជូនព្រែកលៀប។ ហើយនៅក្នុងយុទ្ធការនេះ ទោះ បីយើងឱ្យរៀបចំឡើងវិញ គឺដោយសារតែមានសេវាចាំបាច់សម្រាប់បងប្អូនយើងត្រូវការប្រចាំថ្ងៃ ដើម្បីមានវិធានការទាក់ទងទៅនឹងយន្តការទប់ស្កាត់ការរីករាលដាលនៃកូវីដ១៩ ហើយពីមុនយើងមួយបន្ទប់ពី២៥ទៅ៣០នាក់ ប៉ុន្តែឥឡូវនេះតែ១០នាក់អីទេ ដែលយើងមានរក្សាគម្លាត យើងបាញ់អាល់កុល លាងដៃ និងវាស់កម្ដៅ ហើយប្រសិនបើអ្នកណាសង្ស័យ យើងអាចមានតេស្តរហ័សទៀត ដើម្បីណែនាំឱ្យបងប្អូនយើងប្រុងប្រយ័ត្នទាំងអស់គ្នា។ ប៉ុន្តែទោះបីយ៉ាងណាក៏ដោយ សូមឱ្យបងប្អូនប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវត្រូវតែមានប័ណ្ណបើកបរ ត្រឹមត្រូវតាមប្រភេទយាន។ អ៊ីចឹងបងប្អូនត្រូវតែមកប្រឡងទាំងអស់គ្នា ត្រូវបានបើកបរទាំងអស់គ្នាមុននឹងចរាចរណ៍នៅលើដងផ្លូវ»។ លោកអគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូន ក្រសួងសាធារណការ និងដឹកជញ្ជូន អំពាវនាវសុំឱ្យប្រជាពលរដ្ឋដែលបើកបរនៅលើដងផ្លូវចាំបាច់ត្រូវតែប្រឡងយកប័ណ្ណបើកបរជាមុនសិន ។

ចំណែកមន្ត្រីអង្គភាពផ្តល់ប័ណ្ណបើកបរ និងសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានឲ្យដឹងថា ដោយសារស្ថានភាពកូវីដ បានធ្វើឱ្យការផ្ដល់សេវាប្រឡងយកប័ណ្ណបើកបរជូនប្រជាពលរដ្ឋមានភាពរអាក់រអួល តាំងពីខែកុម្ភៈ ដើមឆ្នាំ២០២១មកម្ល៉េះ គឺធ្វើ២ ឬ៣ថ្ងៃបិទមួយសប្ដាហ៍ ឬពីរសប្ដាហ៍ ប៉ុន្តែនៅថ្ងៃទី០១ ខែកក្កដា ត្រូវបានបិទទាំងស្រុង រហូតដល់ថ្ងៃទី១០ ខែសីហា ទើបបើកដំណើរការឡើងវិញ ក្នុងពេលនេះ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ។
លោកបន្តថា ការបិទរយៈពេលយូរនេះ ដោយសារចូលរួមទប់ស្កាត់កូវីដ១៩ផង ណាមួយត្រូវប្តូរទីតាំងប្រឡងយកប័ណ្ណបើកបរទៅកន្លែងថ្មីផងដែរ។ មន្ត្រីអង្គភាពផ្តល់ប័ណ្ណបើកបរដដែលបានឱ្យដឹងទៀតថា ទីតាំងប្រឡងយកប័ណ្ណបើកបរថ្មីនេះ ក្នុងនាមច្រក-ចេញចូលតែមួយរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលមានទីតាំងនៅមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ព្រែកលៀប គឺដាក់ពាក្យប្រឡងនៅទីនោះ ចំណែកការប្រឡងទាំងទ្រឹស្តី និងដៃចង្កូត នៅឬស្សីកែវ ជាទីតាំងរបស់ក្រុមហ៊ុន កាំត្រង់ស៊ីបដែលក្រុមហ៊ុននេះជាដៃគូ ក្នុងការធ្វើស្លាកលេខ និងប័ណ្ណបើកបររបស់ក្រសួងសាធារណការ និងដឹកជញ្ជូនតែម្តង (រដ្ឋបាលនៅព្រែកលៀប ប្រឡងនៅឬស្សីកែវ) ៕
ចែករំលែកព័តមាននេះ