រាជធានីភ្នំពេញ ៖ ជនសង្ស័យចំនួន២នាក់ ក្នុងចំណោមបក្ខពួក៦នាក់ រួមជាមួយនឹងសត្វឆ្កែដែលងា.ប់មួយបាវធំទៀត ត្រូវសមត្ថកិច្ចអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ធ្វើការចាប់ឃាត់ខ្លួន និងដកហូតបាន បន្ទាប់ពីធ្វើសកម្មភាពជិះម៉ូតូដើរទាក់សត្វឆ្កែរបស់ប្រជាពលរដ្ឋតាមភូមិ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពីវេលាម៉ោង៣និង៥០នាទីទៀបភ្លឺឈានចូលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ នៅត្រង់ចំណុចក្បែរវត្តទួល តាមបណ្ដោយផ្លូវបេតុង ស្ថិតក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ។

ជនសង្ស័យដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនខាងលើ ទី១-ឈ្មោះ អឿន លីហុង ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ និងស្នាក់នៅមិនពិតប្រាកដ (ជាអ្នកបើកម៉ូតូ) និងទី២-មានឈ្មោះ ណេត បញ្ញា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ និងស្នាក់នៅមិនពិតប្រាកដ (ជាអ្នកធ្វើសកម្មភាពទាក់ឆ្កែ)។
តាមប្រភពព័ត៌មានពីកម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខបានឲ្យដឹងថា នៅមុនពេលកើតហេតុ សមត្ថកិច្ចបានធ្វើការជិះម៉ូតូល្បាតក្នុងភូមិសាស្ត្រ ដើម្បីទប់ស្កាត់បទល្មើសដែលអាចកើតឡើងដោយប្រការណាមួយ ។

សមត្ថកិច្ចបន្តថា លុះពេលដែលកម្លាំងសមត្ថកិច្ចជិះល្បាតដល់ត្រង់ចំណុចផ្សារឈូកមាស ស្ថិតក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ កម្លាំងសមត្ថកិច្ចក៏ប្រទះឃើញជនសង្ស័យទាំងពីរនាក់ខាងលើ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាវ៉េវអរអេះអ៊ិច ពណ៌សលាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1N-4273 ដោយមានដឹកឆ្កែមួយបាវធំដាក់នៅខាងមុខម៉ូតូទៀត រួមជាមួយបក្ខពួកចំនួនបួននាក់ទៀតជិះម៉ូតូពីរគ្រឿងមិនចាំម៉ាក។ ដោយក្រុមជនសង្ស័យបានជិះបណ្តើរគ្នាតាមបណ្ដោយផ្លូវ២០១១ ទិសដៅពីជើងទៅត្បូង។

សមត្ថកិច្ចបន្តទៀតថា បន្ទាប់ពីដឹងថា ជាមុខសញ្ញាទាក់ឆ្កែរបស់ប្រជាពលរដ្ឋភ្លាម កម្លាំងសមត្ថកិច្ចក៏ធ្វើការស្ទាក់ ដើម្បីចាប់ឃាត់ខ្លួន ខណៈពេលដែលក្រុមជនសង្ស័យបានឃើញកម្លាំងសមត្ថកិច្ចភ្លាម ក៏ព្យាយាមជិះគេចខ្លួនភ្លែត ហើយកម្លាំងសមត្ថកិច្ចក៏ជិះដេញតាមពីក្រោយ ដោយចេញពីផ្លូវមួយចូលទៅផ្លូវមួយទៀតអស់ជាច្រើនផ្លូវ រហូតទៅដល់ចំណុចកើតហេតុលើ ទើបជនសង្ស័យទាំងពីរនាក់នោះបានផ្តួលម៉ូតូចោលបំណងរត់គេចខ្លួន តែត្រូវកម្លាំងសមត្ថកិច្ចក៏ធ្វើការចាប់ឃាត់ខ្លួនភ្លាមៗតែម្តង។

ប្រភពដដែលបន្តទៀតថា ដោយឡែកបក្ខពួកបួននាក់ផ្សេងទៀត ក៏បាននាំគ្នាជិះម៉ូតូគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោលតែម្តង។ បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ខាងលើនោះបាន កម្លាំងសមត្ថកិច្ចបានដកហូតវត្ថុតាងម៉ូតូមួយគ្រឿង ឧបករណ៍សម្រាប់ទាក់ករឆ្កែមួយកំប្លេ និងសត្វឆ្កែដែលងា.ប់មួយបាវធំ ដែលមានចំនួន៥ទៅ៦ក្បាលទៀតផង។

បច្ចុប្បន្ន ជនសង្ស័យទាំងពីរនាក់ រួមទាំងវត្ថុតាំង ត្រូវបានសមត្ថកិច្ចធ្វើការនាំខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីរង់ចាំចាត់ការទៅតាមនីតិវិធីជាបន្តទៀត៕



ចែករំលែកព័តមាននេះ