រាជធានីភ្នំពេញ ៖ ក្រោយពីរួមរស់ក្នុងទ្រនំស្នេហ៍ជាមួយបុរសអាណិកជននៅអាមេរិកជាង២ឆ្នាំកន្លងមកនេះ អតីតតារាចម្រៀងក្នុងក្រុមរៃមាសនាងឱក សុម៉ារីម៉ា មានកូនស្រីម្នាក់ហើយ ។ តាមរយៈហ្វេសប៊ុក ក្រុមគ្រួសាររបស់ ឱក សុម៉ារីម៉ា បង្ហោះរូបកូនស្រីរបស់នាងដែលចាប់កំណើតកាលពីវេលារំលងអធ្រាត្រឈានចូលថ្ងៃទី១០ ខែមករា ឆ្នាំ២០១៦ នៅមន្ទីរពេទ្យមួយ ។
«តាមរយៈរូបថតនោះគេអាចសង្កេតឃើញថា កូនស្រីរបស់សុម៉ារីម៉ា មានសុខភាពល្អ ហើយនាងដាក់ឈ្មោះថា «Jane Rith Somariya Nin» ។ កំណើតកូនស្រីលើកដំបូងរបស់អតីតតារាចម្រៀងនាងឱក សុម៉ារីម៉ា នេះ ត្រូវបងប្អូន សាច់ញាតិនាង និងស្វាមី សម្តែងការអបអរសាទរ ព្រមទាំងអ្នកធ្លាប់គាំទ្រនាង ក៏សម្តែងការអបអរសាទរផងដែរ ។
វត្តមានកូនស្រីដែលទើបចាប់កំណើតចេញពីផ្ទៃរបស់ឱក សុម៉ារីម៉ា នេះនឹងក្លាយជាចំណងដៃដ៏ថ្លៃថ្លាមួយ សម្រាប់រឹតចំណងស្នេហ៍រវាងនាង និងស្វាមីឲ្យកាន់តែស្អិតរមួតថែមមួយកម្រិតទៀត ខណៈពេលដែលនាងផ្ញើវាសនាលើទឹកដីអាមេរិកជាង២ឆ្នាំហើយ ។
អតីតតារាចម្រៀងអ្នកនាង ឱក សុម៉ារីម៉ា បានចាកចេញពីប្រទេសកម្ពុជា ទៅច្រៀងរាំកំដរអារម្មណ៍ជនរួមជាតិខ្មែរនៅឯនាយសមុទ្រកាលពីអំឡុងដើមឆ្នាំ២០១៣ ។ តាមគម្រោងឱក សុម៉ារីម៉ា និងតារាខ្មែរមួយចំនួនទៀតសម្តែងនៅទីនោះរយៈពេល៣ទៅ៦ខែ ។ ទោះជាយ៉ាងណាក្តី តាំងពីពេលនោះមក ឱក សុម៉ារីម៉ា មិនចង់វិលត្រឡប់មកប្រទេសកំណើតវិញឡើយ ដោយសារតែនាងបានជំពប់ស្នេហ៍នឹងបុរសអាណិកជនម្នាក់។ សាងស្នេហ៍នឹងបុរសអាណិកជននោះ បន្ទាប់ពីនាងបែកបាក់ស្នេហាជាមួយនឹងស្វាមីលោកសូត្រ មុន្នី កាលពីប៉ុន្មានឆ្នាំកន្លងទៅ ។
ចំណងស្នេហ៍ថ្មីរបស់អតីតតារាចម្រៀងឱក សុម៉ារីម៉ា នេះ ធ្វើឱ្យជីវិតរបស់នាងមានពន្លឺជាថ្មី ក្រោយពីស្រអាប់ ខណៈពេលដែលស្វាមីរបស់នាងស្រឡាញ់ថ្នាក់ថ្នមរូបនាងមិនឲ្យធ្វើអ្វីឡើយ គឺឱ្យនៅតែផ្ទះ និងរៀនភាសាប៉ុណ្ណោះ ។
មិត្តភក្តិម្នាក់បញ្ជាក់ឲ្យដឹងថា បន្ទាប់ពីឱក សុម៉ារីម៉ា មានស្វាមីនៅអាមេរិកមក នាងទទួលបានសេចក្តីសុខ ហើយជា រឿយៗនាងតែងតែបង្ហាញមុខនៅពេលមានពិធីជួបជុំជាមួយមិត្តភក្តិ និងមិត្តភក្តិសិល្បៈដែលទៅសម្តែងនៅទីនោះ ៕
ចែករំលែកព័តមាននេះ