ខេត្តព្រះសីហនុ ៖ បុរសជាអ្នករត់តាក់ស៊ីម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលក្រុងព្រះសីហនុ ចាប់បញ្ជូនទៅតុលាការ ពាក់ពន្ធករណីប្រើអំពើហិង្សាដោយចេតនាទៅលើអ្នកដទៃ (បើករថយន្តវ៉ាជែង និងកាក់ម៉ូតូចុះវាយប្រជាពលរដ្ឋតាមដងផ្លូវសាធារណៈ) ។ ជនសង្ស័យឈ្មោះ មុត រ៉ាវុធ ភេទប្រុស អាយុ២៩ឆ្នាំ ជាអ្នករត់តាក់ស៊ី មានទីលំនៅភូមិ៤ សង្កាត់៤ ក្រុង.ខេត្តព្រះ
សីហនុ ។

ដើមចមនៃការឃាត់ខ្លួនអ្នករត់តាក់ខាងលើនេះ កាលពីវេលាម៉ោង៣ និង៣០នាទីថ្ងៃទី១៣ សីហា ឆ្នាំ២០២១ នៅតាមដងផ្លូវមុខសាលាគរុកោសល្យ ស្ថិតនៅក្រុមទី១៥ ភូមិ២ សង្កាត់៣ មានករណីប្រើអំពើហិង្សាមួយ បង្កឡើងដោយជនសង្ស័យជាអ្នករត់តាក់ស៊ី បានធ្វើសកម្មភាពបើករថយន្ត១គ្រឿង ម៉ាក MAZDA ពណ៌ទឹកប៊ិចចាស់ ពាក់ស្លាកលេខ ភ្នំពេញ 2AB-8801 យ៉ាងលឿន វ៉ាជែងអ្នកដំណើរពេញផ្លូវ ជាហេតុធ្វើឲ្យប្រជាពលរដ្ឋមួយ ចំនួនមានការមិនពេញចិត្ត ក៏បានស៊ីផ្លេរដាក់ព្រមទាំងស្រែកជេរផងដែរ ។

លុះពេលជនសង្ស័យបើករថយន្តដល់ចំណុចមុខសាលាគរុកោសល្យ ស្ថិតនៅក្រុមទី១៥ ភូមិ២ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ក៏បានកាក់ម៉ូតូ១គ្រឿងកំពុងជិះឲ្យឈប់ បន្ទាប់មកជនសង្ស័យបានចុះពីរថយន្ត រួចប្រើដៃរុញទៅបុរសដែលជិះម៉ូតូនោះឲ្យដួលទៅលើដី និងបានវាយថែមទៀត បង្កឲ្យមានការភ្ញាក់ ផ្អើលយ៉ាងខ្លាំង ។ ភ្លាមនោះ កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ បានចុះទៅដល់ និងបានធ្វើការឃាត់ខ្លួនជនសង្ស័យជាមួយរថយន្តមួយគ្រឿងផងដែរ ។
ចំណែកជនរងគ្រោះមានឈ្មោះ ម៉ា ផាន់ណា ភេទប្រុស អាយុ៣១ឆ្នាំ ជាអ្នកលក់ដូរ មានទីលំនៅភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ រងរបួសហើមថ្គាមទាំងសងខាង និងហើមប្រអប់ដៃខាងស្តាំ ។ ក្រោយឃាត់ខ្លួនបុរសអ្នករត់តាក់ស៊ីនោះ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ តាមនីតិវិធី ៕
ចែករំលែកព័តមាននេះ