ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាំ​​ទេ​! តួអង្គ​រឿង​ខ្មោច «​ដើម​ចេកជ្វា​» បាន​វិល​មក​វិ​ថី​សិល្បៈ​វិញ​ហើយ

3 ឆ្នាំ មុន
  • ភ្នំពេញ

ទស្សនិកជន​ដែល​និយម​ទស្សនា​ភាពយន្ត​ខ្មែរ​ដែល​ចាក់​បញ្ចាំង​តាម​រោង​ភាពយន្ត​កាលពី​ជាង​១០​ឆ្នាំ​មុន ប្រហែលជា​មិន​ទាន់​ភ្លេច​នៅឡើយ​ទេ នូវ​តួអង្គ​ស្រី​ដែល​សម្តែង​ក្នុង​រឿង​ខ្មោច «​ដើម​ចេកជ្វា​» ដែល​ល្បីល្បាញ​នា​អំឡុង

រាជធានី​ភ្នំពេញ ៖ ទស្សនិកជន​ដែល​និយម​ទស្សនា​ភាពយន្ត​ខ្មែរ​ដែល​ចាក់​បញ្ចាំង​តាម​រោង​ភាពយន្ត​កាលពី​ជាង​១០​ឆ្នាំ​មុន ប្រហែលជា​មិន​ទាន់​ភ្លេច​នៅឡើយ​ទេ នូវ​តួអង្គ​ស្រី​ដែល​សម្តែង​ក្នុង​រឿង​ខ្មោច «​ដើម​ចេកជ្វា​» ដែល​ល្បីល្បាញ​នា​អំឡុង​ពេល​នោះ​។ ពេល​នេះ​តារា​សម្តែង​រូប​នេះ បាន​លេច​វត្តមាន​មក​វិញ​សារ​ជា​ថ្មី ក្នុង​នាម​ជា​តួអង្គ​ម្តាយ​តាម​រយៈ​រឿង «​នគរ​មាស​» ដែល​កំពុង​ចាក់​ផ្សាយ​នៅ​លើ​កញ្ចក់​ទូរទស្សន៍ CTN​។

សាំង ភស្តា ជា​និស្សិត​ដែល​បាន​បញ្ចប់​ការ​សិក្សា​ផ្នែក​របាំ​បុរាណ​ដែល​មាន​ឈាមជ័រ​ឪពុក​ក៏​ជា​អ្នកសិល្បៈ​បុរាណ​ម្នាក់​ផង​នោះ បាន​បង្ហាញខ្លួន​សម្តែង​កុន​លើក​ដំបូង​តាម​រយៈ​ភាពយន្ត​ខ្នាត​ធំ​រឿង «​ខ្មោច​ដើម​ចេកជ្វា​» កាលពី​អំឡុង​ឆ្នាំ​២០០៥​។ ប៉ុន្តែ​ក្រោយ​ពី​ប្រឡូក​ក្នុង​ភាពយន្ត​ខ្នាត​ធំ​ក្នុង​រឿង​ខាងលើ និង​រឿង «​ព្រា​យក​ន្ទ​ង​ខៀវ​» ព្រម​ជាមួយនឹង​រឿង​អប់រំ​ខ្លី​ៗ​បាន​មួយ​រយៈ​នោះ តារា​ស្រី​ដែល​មាន​សប្បុរស​ខ្មៅ​ស្រអែម​រូប​នេះ ក៏​បាត់​វត្តមាន​ឈឹង​ពី​វិស័យ​សិល្បៈ​ភាពយន្ត​អស់​ជា​ច្រើន​ឆ្នាំ​។

យ៉ាងណា ទើបតែ​ពេល​ថ្មី​ៗ​នេះ ដែល​បានឃើញ​វត្តមាន​សម្តែង​របស់​នាង​ជា​ថ្មី​ឡើង​វិញ នៅ​ក្នុង​រឿង «​នគរ​មាស​» តាម​រយៈ​តួអង្គ​ម្តាយ​តួឯក​ស្រី​ឈ្មោះ អប្សរ និង​ជា​ភរិយា​ស្តេចត្រាញ់​។

សាំង ភស្តា បាន​អះអាង​ប្រាប់​កោះសន្តិភាព​តាម​សារ​អេ​ឡិច​ត្រូ​និ​ច​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា បន្ទាប់​ពី​នាង​បាន​ប្រឡូក​ក្នុង​ពិភព​សម្តែង​មួយ​រយៈ​នោះ នាង​ក៏​បាន​ដកខ្លួន​មក​វិញ ដោយសារ​តែ​នាង​មាន​ភារកិច្ច​ត្រូវ​បាន​បញ្ចប់​ការ​សិក្សា​រយៈពេល​៤​ឆ្នាំ​នៅ​សាលា​ភូមិន្ទ​វិចិត្រសិល្បៈ​។

នាង​បញ្ជាក់​ថា ក្រោយ​ពី​បាន​បញ្ចប់​ការ​សិក្សា នាង​ក៏​បាន​រៀប​ការ​មានគ្រួសារ ដែល​នោះ​ក៏​ជា​មូលហេតុ​ដែល​នាង​កាន់តែ​ឃ្លាតឆ្ងាយ​ពី​អា​សម្តែង​នេះ​ផង​ដែរ​។ នាង​បន្ថែម​ថា កន្លង​មក បើ​ទោះបីជា​នាង​មិន​មានឱកាស​បាន​សម្តែង​ភាពយន្ត​ថ្មី​ៗ​ក៏​ដោយ ប៉ុន្តែ​នាង​ក៏​បាន​សម្តែង​របាំ​តាម​កម្មវិធី​ថ្នាក់​ជាតិ​ជា​បន្តបន្ទាប់​ផង​ដែរ​។

នាង​ថា ក្នុង​នាម​ជា​សិស្ស​ដែល​ទទួល​ការ​បណ្តុះបណ្តាល​ពីសា​លា​ភូមិន្ទ​វិចិត្រសិល្បៈ​នោះ គឺ​នាង​និង​កូនសិស្ស​មួយ​ចំនួន​ទៀត ត្រូវ​បាន​លោកគ្រូ​អ្នកគ្រូ​ហៅ​អោយ​ចូល​រាំ​របាំ​តាម​កម្មវិធី​ថ្នាក់​ជាតិ​ជា​បន្តបន្ទាប់​។ សាំង ភស្តា បាន​លើក​ឡើង​ទៀត​ថា ការ​ពិត​នាង​មានការ​ស្រឡាញ់ និង​ចូល​ចិត្តការ​សម្តែង​នេះ​ខ្លាំង​ណាស់ តែ​ដោយសារ​តែ​សមត្ថភាព​នាង​នៅ​មាន​កម្រិត ហេតុនេះ​នាង​តែងតែ​បរាជ័យ​ម្តង​ជា​ពីរ​ដង​នៅ​ពេល​ដែល​នាង​បាន​ធ្វើតេស្ត​សាកល្បង​ដើម្បី​សម្តែង​ម្តង​ៗ​។ កត្តា​នេះ​ហើយ បាន​ជម្រុញ​ចិត្ត​របស់​នាង​លេង​ហ៊ាន​បញ្ជៀប​ខ្លួន​បន្ត​ទៀត​សម្រាប់​ការ​សម្តែង ត្បិត​នាង​មានការ​ខ្លាចរអា​ល​នូវ​ការ​បរាជ័យ​នេះ​ទៀត​។

យ៉ាងណា បើ​តាម សាំង ភស្តា ជា​ភ​ព្វ​សំណាង​មួយ​ដែល​អ្នកដឹកនាំ​រឿង «​នគរ​មាស​» បាន​ផ្តល់​ឱកាស​ជា​ថ្មី​ដល់​រូប​នាង​អោយ​ចូល​សម្តែង​ក្នុង​រឿង​នេះ ដែល​នេះ​ត្រូវ​បាន​នាង​គិត​ថា វា​ជា​ចំណុច​ចាប់ផ្តើម​របស់​នាង​សារ​ជា​ថ្មី​ក្នុង​ពិភព​សម្តែង​ខ្សែភាពយន្ត​។

សាំង ភស្តា បាន​អះអាង​ថា ដើម​ឡើយ​នាង​ក៏​បាន​បដិសេធ​មិន​ចូលរួម​សម្តែង​រឿង​ខាងលើ​នេះ​ដែរ ដោយសារ​នាង​នៅ​តែ​ខ្លាច​ការ​បរាជ័យ​ម្តងទៀត​នៅ​ពេល​ដែល​ធ្វើតេស្ត​ចូល​សម្តែង​។ នាង​បញ្ជាក់​ថា ក្រោយ​ពី​អ្នកដឹកនាំ​រឿង​បាន​រៀបចំ​ពី​សាច់​រឿង​នេះ ដោយ​វា​ជា​ប្រភេទ​រឿងបុរាណ ហើយ​មាន​លាយឡំ​នូវ​របាំ​បុរាណ ដូចនេះ​នាង​មានការ​ចាប់អារម្មណ៍​ខ្លាំង​។ នាង​ថា ប្រសិនបើ​នាង​មិន​បាន​ចូលរួម​សម្តែង​រឿង​នេះ​ទេ នោះ​ជា​ការ​សោកស្តាយ​របស់​នាង ហេតុនេះ​នាង​ក៏​សម្រេចចិត្ត​មក​សាកល្បង​ធ្វើតេស្ត​តួរ​តែ​ម្តង​។

នាង​បន្ថែម​ថា អ្នកដឹកនាំ​រឿង​បាន​សម្រេច​អោយ​នាង​ចូល​សម្តែង​ក្នុង​រឿង​នេះ ដោយសារ​នាង​មាន​ជំនាញ​លើ​ផ្នែក​របាំ​បុរាណ ហើយ​នៅ​ពេល​សម្តែង​នាង​ក៏​អាច​ចូលរួម​ជា​យោបល់​ខ្លះ​ៗ​លើ​ផ្នែក​របាំ​នេះ​ផង​ដែរ​។

សូម​បញ្ជាក់​ថា សាំង ភស្តា បាន​រៀប​ការ​មាន​ស្វាមី​នៅ​ឆ្នាំ​២០១៤ ដែល​រហូត​មក​ដល់​បច្ចុប្បន្ន​នាង​មាន​កូ​ប្រុស​ស្រី​ចំនួន​២​នាក់​ហើយ​។ ទោះជា​យ៉ាងណា​នាង​រំពឹង​ថា ចំណុច​ចាប់ផ្តើម​នៃ​ការ​សម្តែង​ភាពយន្ត​ជា​ថ្មី​ឡើង​វិញ នា​ពេល​នេះ​អាច​នឹង​ធ្វើ​អោយ​នាង​មានឱកាស​បាន​ចូលរួម​សម្តែង​រឿង​ថ្មី​ៗ​ជា​បន្តបន្ទាប់​ទៀត ត្បិត​នាង​ក៏​ស្រឡាញ់ និង​ចូល​ចិត្តការ​សម្តែង​នេះ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ