រោគធ្លាក់សគឺជាជំងឺមួយប្រភេទដែលតែងតែជួបញឹកញាប់ និងជាក្តីកង្វល់យ៉ាងធំធេងសម្រាប់ស្ត្រីទូទៅ ពិសេសស្រី្តអ្នកមានផ្ទៃពោះ ព្រោះបើគាត់មិនបានធ្វើការព្យាបាលឲ្យបានត្រឹមត្រូវទេនោះ អាចនឹងបណ្តាលឲ្យមានគ្រោះថ្នាក់ដល់ទារកដូចជា ពិការភាព ទារកមិនសូវលូតលាស់ជាដើម ។
លោកស្រីវេជ្ជបណ្ឌិត ពឹង ជុតិមា នាយិកាសេវាកម្មនៃគ្លីនិកអង្គការរ៉ាក់ បានប្រាប់កោះសន្តិភាពឲ្យដឹងថា ស្ត្រីដែលមានផ្ទៃពោះហើយកើតមានបញ្ហាធ្លាក់សអាចបណ្តាលមកពីកត្តា៤យ៉ាង ៖
១-អ័រម៉ូន ៖ ជាទូទៅស្ត្រីដែលមានផ្ទៃពោះ តែងតែមានការប្រែប្រួលអ័រម៉ូនភេទ ហើយនៅពេលដែលមានការប្រែប្រួលនោះនឹងធ្វើឲ្យទឹករំអិលទ្វារមាសស្ត្រីក៏មានការប្រែប្រួលជាហេតុធ្វើឲ្យស្ត្រីមានអារម្មណ៍ថាដូចជាធ្លាក់ស តែធាតុពិតនេះមិនមែនជារោគសញ្ញានៃការធា្លក់សទេ ។
២-បរិស្ថានទ្វារមាស ៖ ថ្វីបើវាមិនមែនជាជំងឺធា្លក់សក៏ពិតមែន តែវាក៏ជាហេតុដែលធ្វើឲ្យស្ត្រីងាយនឹងទទួលរងនូវជំងឺធ្លាក់សដែលបង្កឡើងដោយមេរោគផ្សិត នៅពេលអ័រម៉ូនមានការប្រែប្រួល ។
៣-ការឆ្លងរោគ ៖ បញ្ហាឆ្លងរោគនេះមិនថាតែអ្នកមានផ្ទៃពោះ ឬមិនមានផ្ទៃពោះនោះទេ ឲ្យតែរួមភេទជាមួយដៃគូដែលមានផ្ទុកមេរោគ នោះស្ត្រីអាចនឹងកើតមានជំងឺធ្លាក់ស ។
៤-អនាម័យ ៖ ដោយសារតែស្ត្រីមានផ្ទៃពោះ មានការប្រែប្រួលអ័រម៉ូន ដូច្នេះធ្វើឲ្យទ្វារមាសសម្បូរទៅដោយវត្ថុខាប់ឡើងក្រាស់ខុសពីធម្មតា ងាយនឹងធ្វើឲ្យស្ត្រីឆាប់ទទួលរងនូវការចម្លងមេរោគផ្សេងៗ ប្រសិនបើកង្វះអនាម័យ ដែលបញ្ហានេះតែងតែជួបញឹកញាប់ជាងគេចំពោះស្ត្រីមានផ្ទៃពោះ ។
ព្រោះហេតុនោះ នៅពេលស្ត្រីកើតមានបញ្ហាដូចដែលបានរៀបរាប់ខាងលើ គួរតែប្រញាប់ទៅពិភាក្សាជាមួយគ្រូពេទ្យដើម្បីធ្វើការព្យាបាលឲ្យបានទាន់ពេលវេលា ។ ជាងនេះទៅទៀតសម្រាប់ស្ត្រីគ្រប់រូបនៅពេលដែលដឹងថា ខ្លួនមានផ្ទៃពោះ គួរប្រញាប់ទៅមណ្ឌលសុខភាព ដើម្បីពិនិត្យ និងទទួលថ្នាំជាតិដែករួមទាំងវ៉ាក់សាំងការពារជំងឺមួយចំនួនទៀតសម្រាប់ការពារម្តាយ និងទារកដែលនៅក្នុងផ្ទៃឱ្យមានសុវត្ថិភាព ៕
ចែករំលែកព័តមាននេះ