ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​ម្នាក់​បើក​ឡាន​គេច​មិត្ត​ភក្ដិ​រ៉េ​ចង្កូត​បុក​បង្គោល​ភ្លើង​ និងទម្លុះ​របង​ការ​រដ្ឋាន

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ នារី​រូប​ស្រស់​ម្នាក់​បើករថយន្ត​លឿន​ប្រដេញ​គ្នា​ពីក្រោយ​រថយន្ត​មិត្ត​ភ័ក្ដិ​២​គ្រឿង​ផ្សេងទៀត សង្ស័យ​ងាក​ចង្កូត​

រាជធានីភ្នំពេញ ៖ នារី​រូប​ស្រស់​ម្នាក់​បើករថយន្ត​លឿន​ប្រដេញ​គ្នា​ពីក្រោយ​រថយន្ត​មិត្ត​ភ័ក្ដិ​២​គ្រឿង​ផ្សេងទៀត សង្ស័យ​ងាក​ចង្កូត​គេច​ពី​រថយន្ត​មិត្តភក្តិ​នៅ​ខាង​មុខ​ បណ្តាល​ឲ្យ​ជ្រុល​ទៅ​បុក​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​មួយ​ដើម​បាក់​រៀប​ដល់​ដី ហើយ​បន្ត​ទៅ​បុក​ទម្លុះ​របង​ការដ្ឋាន​សំណង់​កំពុង​សាងសង់ ​រួច​ទៅ​បុក​ផ្ទប់​និង​ជញ្ជាំង​បេតុង​នៅ​ខាងក្នុងការរដ្ឋានទៀត​ ទើប​រថយន្ដ​អស់​ល្បឿន​ទៅ​មុខ​លែង​រួច ​និង​បណ្តាល​ឱ្យ​​នារី​ជា​ម្ចាស់​រថយន្ត​រង​របួសស្រាល ។

ហេតុការណ៍​ខាងលើនេះ​បាន​​បង្ក​ការ​ភ្ញាក់​ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​១និង​១៥នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣ ខែសីហា ឆ្នាំ​១០២១ នៅ​ចំណុច​ការរដ្ឋានកំពុងសាងសង់មួយកន្លែង តាម​បណ្ដោយ​ផ្លូវ​២៧១ ខាងត្បូង​ផ្សារ​ហេង​លី សង្កាត់​ទឹកល្អក់​២ ខណ្ឌទួលគោក ​រាជធានីភ្នំពេញ ។

រថយន្ត​​​មួយ​គ្រឿង​ខាងលើ​ម៉ាកព្រូស ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ​ 2BG_4152 បើកបរ​ដោយ​នារី​ស្រស់​ស្អាត​ម្នាក់ ​មិនស្គាល់អត្តសញ្ញាណ​ ។

​​តាម​ប្រភព​ពី​នារី​ជា​ម្ចាស់​រថយន្ត​បង្ក​បាន​​ប្រាប់​សមត្ថកិច្ច​​ឱ្យ​​ដឹង​ថា មុន​ពេល​កើតហេតុ គាត់​បើករថយន្ត​តែ​ម្នាក់ឯង​​ គឺបើក​​ពីក្រោយ​រថយន្ត​មិត្ត​ភក្ដិ​របស់​គាត់​ចំនួន​២​គ្រឿងផ្សេង​​ទៀត​ដែល​ធ្វើ​ដំណើរ​នៅ​ពីមុខរថយន្តរបស់​​គាត់​ក្នុង​ល្បឿន​លឿន​គួរសម លុះ​មក​ដល់​កន្លែង​កើតហេតុ ស្រាប់តែ​រថយន្ដ​មិត្ត​ភក្ដិ​បាន​ឈ្លោះប្រកែក​គ្នា​ជាមួយ​សង្សារ​នៅ​ក្នុង​រថយន្តនោះ​ និង​មានការ​ប្រទាញ​ចង្កូតរថយន្ត ​ហើយ​​រថយន្ត​នោះ​រ៉េ​ពេញ​ផ្លូវ ធ្វើ​ឲ្យ​គាត់​ភ្ញាក់​ព្យាយាម​ងាក​ចង្កូត​គេច​ ក៏​ជ្រុល​បុក​បង្គោល​ភ្លើង ​រួច​​បន្ត​បុក​ទម្លុះ​របង​ការដ្ឋាន​សំណង់​កំពុង​សាងសង់​រហូត​ធ្លាយ​របង​ស​ង្ក័​សី​ចូល​ទៅ​ក្នុង​ការរដ្ឋាន​ បណ្តាល​ឲ្យ​ដែក​របងបុក​​ធ្លុះ​ទ្វារ​រថយន្ត​ខាងឆ្វេង​ចាក់​ត្រូវ​ដៃ​របស់គាត់​ បណ្តាល​ឱ្យ​រង​​របួសស្រាល ហើយ​រថយន្ត​មិន​ទាន់​អស់​ល្បឿន​ក៏​បន្ត​ទៅ​បុក​ផ្ទប់​នឹង​ជញ្ជាំង​បេតុង​បន្ថែម​ទៀត ទើប​រថយន្ដ​អស់​ល្បឿន​ទៅ​មុខ​លែង​រួច​។

បន្ទាប់​ពី​កើតហេតុ ​ភ្លាម​ៗ​នោះ​រថយន្ត​មិត្ត​ភក្ដិ​​របស់នារី​ខាងលើ​បាន​បើក​គេច​ចេញ​ទៅ​បាត់​អស់ នៅ​សល់​តែ​នារី​រង​គ្រោះ​ជា​ម្ចាស់​រថយន្ត​បង្ក​ត្រូវ​បាន​កម្លាំង​ល្បាត​ខណ្ឌទួលគោក ជួយ​សង្គ្រោះ​ទាញ​ចេញពី​រថយន្ត និង​បាន​ទាក់ទង​ហៅ​រថយន្ដ​សង្គ្រោះ​គ្លីនិក​ឯកជន​មក​ដឹក​​នាង​យក​​ទៅសង្គ្រោះ​ភ្លាម​ៗ​ផង​ដែរ ។ ចំណែក​រថយន្ត​បង្ក​ ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​វាស់វែង និង​ស្ទូច​យក​ទៅ​រក្សា​ទុក​បណ្តោះអាសន្ន​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ រង់ចាំ​នារី​រង​គ្រោះ​ចូលខ្លួន​ដោះស្រាយ​សងការ​ខូចខាត​បង្គោល​ភ្លើង និង​របង​ការដ្ឋាន​សំណង់​នៅ​ពេល​ក្រោយ​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ