រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ជនសង្ស័យម្នាក់ក្នុងចំណោមបក្សពួក៤នាក់ បានធ្វើសកម្មភាពលួចរ៉ឺម៉កម៉ូតូមួយគ្រឿងរបស់ជនរងគ្រោះដែលទុកនៅខាងផ្ទះបានសម្រេច រួចជិះរត់គេចខ្លួន តែរត់មិនរួច ក៏ត្រូវម្ចាស់តាមទាន់ រួចឃាត់ខ្លួនប្រគល់អោយសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែក្រោម ធ្វើការសាកសួរ បង្កឱ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៤និង១០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចផ្លូវ៣០ម៉ែត្រ ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ហើយត្រូវសមត្ថកិច្ចឃាត់ខ្លួនបាននៅចំណុចស្ថានីយបូមទឹកបឹងត្របែក សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។

សេចក្តីរាយការណ៍បន្តថា ជនរងគ្រោះមានឈ្មោះ ធារ៉ា ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរដឹកហ្គាសលក់ ស្នាក់នៅផ្ទះជួល សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។ ចំណែកជនសង្ស័យវិញមានឈ្មោះ សៀរ ពិសិទ្ធ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ហើយត្រូវបានដកហូតម៉ូតូសណ្តោងរម៉កមួយគ្រឿង ដែលជារបស់ជនរងគ្រោះ ។

តាមសម្តីជនរងគ្រោះ បានអោយដឹងថា មុនពេលកើតហេតុ គាត់បានភ្ញាក់ពីដំណេកដូចសព្វដង ព្រោះជាទម្លាប់ ហើយគាប់ជួនពេលនោះ រូបគាត់ក៏ស្រាប់តែលឺសំឡេងក្រេសក្រូសខុសពីធម្មតានៅខាងមុខផ្ទះរបស់គាត់ ណាមួយដោយមានការសង្ស័យទៀត រូបគាត់ក៏បានបើកទ្វារចេញទៅមើល ក៏ស្រាប់តែឃើញក្រុមជនសង្ស័យមានគ្នា៤ទៅ៥នាក់ បាននាំគ្នាជិះយកម៉ូតូសណ្តោងរ៉ឺម៉ករបស់គាត់ចេញទៅយ៉ាងលឿន។ ស្របពេលនោះដែរ រូបគាត់ក៏ទាញម៉ូតូជិះដេញតាម រហូតមកដល់ផ្លូវ២៧១ ទល់មុខស្ថានីយបូមទឹកបឹងត្របែក សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រួចក៏បានស្រែកថា «ចោរៗ» ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ អ្នករត់កង់បី នាំគ្នាជួយដេញឃាត់បានម្នាក់ ចំណែកបក្សពួកផ្សេងៗបានរត់គេចខ្លួនអស់ទៅ។

ប្រភពដដែលបានបន្តទៀតថា នៅពេលឃាត់ខ្លួនបានហើយ ជនសង្ស័យរូបនោះត្រូវបានបងប្អូនប្រជាពលរដ្ឋនាំគ្នាស្វាគមន៍ម្នាក់មួយដៃម្នាក់មួយជើង បណ្តាលឲ្យរងរបួសបែកចិញ្ចើម ទើបមានសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដើមថ្កូវ ចុះទៅដល់ ហើយសួរនាំទៅ ទើបដឹងថា ករណីនេះបានកើតឡើងនៅក្នុងខណ្ឌមានជ័យ ទើបសមត្ថកិច្ចប៉ុស្តិ៍ផ្សាដើមថ្កូវ ទាក់ទងហៅសមត្ថកិច្ចប៉ុស្តិ៍នគរបាល ចាក់អង្រែក្រោម ខណ្ឌមានជ័យ អោយមកទទួលយកជនសង្ស័យ រួមទាំងជនរងគ្រោះយកទៅធ្វើការសាកសួរ និងចាត់ការបន្តតាមនីតិវិធីជាបន្តទៀត៕




ចែករំលែកព័តមាននេះ