រាជធានីភ្នំពេញ ៖ តារាចម្រៀងជើងចាស់លោក មាស សារ៉ាន់ បានបង្ហាញជំហរនឹងមិនមានបំណងបញ្ចប់អាជីពចម្រៀងនៅអំឡុងពេលនេះឡើយ បើទោះបីជាបច្ចុប្បន្នលោកមានវ័យកាន់តែចាស់ និងញាំញីដោយជំងឺក៏ដោយ។ ក្នុងវ័យ៦៦ឆ្នាំ លោក មាស សារ៉ាន់ កំពុងញាំញីដោយសារជំងឺ ដោយក្នុងខណៈពេលនេះលោកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ព្រោះតែរជំងឺក្រួសក្នុងតម្រង់នោម។
យ៉ាងណា ដោយសារការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ រហូតមកទល់ពេលជំងឺរបស់លោកបានវិលមកភាពល្អប្រសើរជាងមុន។ ទោះស្ថិតក្នុងស្ថានភាពយ៉ាងនេះក្តី លោក មាស សារ៉ាន់ នៅតែប្រកាន់ជំហរនឹងមិនបោះបង់អាជីពជាតារាចម្រៀងរបស់លោកនៅឡើយទេ ត្បិតលោកនៅតែអាចកាន់ក្បាលមេក្រូច្រៀងបាននៅឡើយ។
តារាចម្រៀងតាំងពីសង្គមលោក មាស សារ៉ាន់ បានអះអាងប្រាប់កោះសន្តិភាពថា មួយរយៈចុងក្រោយនេះ លោកបានធ្លាក់ខ្លួនឈឺ ដោយសារជំងឺក្រួសក្នុងតម្រង់នោម ប៉ុន្តែពេលនេះលោករៀងគ្រាន់បើវិញហើយ។
លោកបញ្ជាក់ថា មុនពេលលោកឈឺនេះ លោកក៏ទើបតែថតបទចម្រៀងអោយគេបានចំនួន២បទរួចហើយដែរ។ ជាងនេះទៅទៀត កន្លងមកលោកក៏បានដើរច្រៀងតាមពិធីនានា២៤ខេត្ត-ក្រុងដោយមិនមានបញ្ហាអ្វីនោះឡើយ។
លោក មាស សារ៉ាន់ បន្ថែមថា ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ពោលគឺក្នុងអំឡុងពេលនៃការរាតត្បាតពីជំងឺកូវីដ១៩ លោកបានបាត់បង់ការងារច្រៀងនេះប្រហែលជា១០រោង។ ទោះជាយ៉ាងណា បើតាមលោក មាស សារ៉ាន់ ថា ប្រសិនបើសុខភាពលោកនៅល្អ សម្លេងនៅតែអាចច្រៀងបាន ហើយទស្សនិកជននៅតែគាំទ្រនោះ លោកនឹងមិនបោះបង់អាជីពច្រៀងនោះឡើយ។ អាចនិយាយបានថា លោកនឹងនៅតែច្រៀងដរាបណាលោកនៅតែអាចច្រៀងបាន ព្រោះលោកមានអាជីពជាតារាចម្រៀងនេះតែមួយគត់។
គួរបញ្ជាក់ថា ដោយសារសែសាឡាយជាអ្នកឈាមជ័រសិល្បៈចម្រៀងពីលោក មាស សាម៉ន តារាចម្រៀងលោក មាស សារ៉ាន់ បានចាប់អាជីពចម្រៀងនេះតាំងពីសម័យលន់ណុល រហូតមកទល់បច្ចុប្បន្ន។ ក្នុងរង្វង់គ្រួសារលោក មាស សារ៉ាន់ មានកូនពីរនាក់ដែលមានស្នងអាជីពសិល្បៈពីលោក គឺតារាចម្រៀងលោក មាស សារិទ្ធ និងកូនស្រីលោកម្នាក់ទៀតមានបរិញ្ញាបត្រផ្នែកឧបករណ៍ភ្លេងព្យ៉ាណូ ហើយបច្ចុប្បន្នបានក្លាយជាគ្រូបង្រៀងភ្លេងនៅសាលារៀនមួយនៅរាជធានីភ្នំពេញ៕
ចែករំលែកព័តមាននេះ