ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត្ថាធិប្បាយ៖ កូវីដ-១៩ បំប្លែងថ្មី Delta ឆ្លងចូល​សហគមន៍ ជាគ្រោះថ្នាក់កាន់តែធ្ងន់!

2 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំ​​​​ពេ​​ញ​​​៖ អ្វី​​ដែល​ជា​ការ​ព្រួយ​បារម្ភ​​រ​បស់​អ្នក​ជំនាញ​សុខា​​ភិ​​បាល​ ​​ពីការឆ្លងរាលដាលជំងឺកូវីដ១៩ ​បង្កឡើង ដោយវីរុសបំ​ប្លែងថ្មី​ ដែលតា នៅ​ក្នុងសហគមន៍យើង នា​​ពេលនេះ ​បាន​កើតឡើងហើយ​។ នោះគឺ​ក្នុងចំណោម​អ្នកឆ្លងវីរុស​កូវីដ១៩…

ភ្នំ​​​​ពេ​​ញ​​​៖ អ្វី​​ដែល​ជា​ការ​ព្រួយ​បារម្ភ​​រ​បស់​អ្នក​ជំនាញ​សុខា​​ភិ​​បាល​ ​​ពីការឆ្លងរាលដាលជំងឺកូវីដ១៩ ​បង្កឡើង ដោយវីរុសបំ​ប្លែងថ្មី​ ដែលតា នៅ​ក្នុងសហគមន៍យើង នា​​ពេលនេះ ​បាន​កើតឡើងហើយ​។ នោះគឺ​ក្នុងចំណោម​អ្នកឆ្លងវីរុស​កូវីដ១៩ ​បំ​ប្លែង​ថ្មី ដែលតា ( B.1.617.2 Delta ) ចំនួន ៣៩​នាក់ ដែលទើ​បរកឃើញថ្មី គឺមាន​ប្រជា​​ពលរដ្ឋ ក្នុងសហគមន៍ ១៤​នាក់​ ក្រៅ​ពីនោះ ជា​ប្រជា​ពលរដ្ឋ​ខ្មែរ​យើង​ ដែល​​ធ្វើ​​ដំណើរ​​វិល​​ត្រឡប់​​​មក​​​ពី​​​ប្រទេស​​​ថៃ។

ករណីនេះ ជាគ្រោះថ្នាក់​មួយដ៏ធ្ងន់ធ្ងរ ​បើសិនជាយើងម្នាក់ៗ ធ្វេស​ប្រហែស​ មិន​បន្ត​អនុវត្តវិធានការការ​​ពារ​ឲ្យ​​បានម៉ឺងម៉ាត់​ទេ​នោះ។

មេរោគបំប្លែងថ្មី ដែលតា កំពុងតែធ្វើអោយពិភពលោកទាំងមូលឈឺក្បាល ដោយសារតែវាឆ្លងលឿន និងសាហាវ។ ដូច្នេះ​ការឆ្លងចូលសហគមន៍ ដោយមេរោគនេះ នឹងធ្វើអោយស្ថានភាពកូវីដ១៩ នៅកម្ពុជា កាន់តែពិបាកគ្រប់គ្រងហើយភាពគ្រោះថ្នាក់ គឺស្ថិតនៅចំពោះមុខគ្រប់ពេល។

កាល​ពី​ព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ ក្រសួងសុខាភិ​បាល​ ​បាន​ប្រកាស​ពីការរកឃើញករណី​ឆ្លងវីរុស​កូវីដ១៩ ​បំ​ប្លែង​ថ្មី ដែលតា ( B.1.617.2 Delta ) ចំនួន ៣៩​នាក់ កាល​ពីថ្ងៃទី២២កក្កដា​ និងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១​។ ក្នុងនោះ មានអ្នកដំណើរ​ឆ្លងដែន មក​ពី​ប្រទេសថៃ ចំនួន ២១​នាក់ ( ស្ត្រី ១១​នាក់ ) បុគ្គលិក​សុខាភិបាល ចំនួន ៤​នាក់ ( ស្ត្រី​ម្នាក់ ) ​​ប្រជាពលរដ្ឋ ក្នុង​សហគមន៍ ដែល​ប៉ះពាល់​ផ្ទាល់ជាមួយ​ពលករឆ្លងដែន​ ចំនួន ៦​នាក់ (​ស្ត្រី ៣​នាក់​) និង​ប្រជាពលរដ្ឋ ក្នុង​សហគមន៍ ដែល​មិន​ប៉ះពាល់​ផ្ទាល់ ចំនួន ៨​នាក់ ( ស្ត្រី ៤​នាក់ )​។

មុននឹង​រកឃើញ​​វីរុសកូវីដ ​បំ​ប្លែងថ្មី ដែលតា គឺទាំង ៣៩នាក់នេះ សុទ្ធតែត្រូវ​បានធ្វើតេស្តរហ័ស រកឃើញផ្ទុកមេរោគកូវីដ ​បន្ទា​ប់​ពី​ឆ្លងកាត់ព្រំដែន​គោក ចេញ​បពី​ប្រទេសថៃ មកដល់​កម្ពុជា ចាប់​ពី​​ថ្ងៃ​ទី​​១១ ដល់​ថ្ងៃទី​១៨ ខែកក្ក​ដា ឆ្នាំ​២០២១​។ ក្នុងនោះ ​បុគ្គលិក​​សុខាភិបាល ៤នាក់​ នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ ​រួមទាំងមនុស្ស ៦​នាក់​ទៀត ជា​​អ្នក​ប៉ះពាល់​​ជាមួយ​អ្នកដំណើរ​​តាម​ព្រំដែន​គោក​ ​ក៏​ត្រូវ​​បាន​​ធ្វើ​​តេស្ត​​​រក​ឃើញ​​​ឆ្លង​កូ​វីដដែរ​​។​ ក្នុងនោះ សូម្បីតែ​ប្រជាពលរដ្ឋ  ដែល​ស្ថិតក្នុង​សហគមន៍ មិន​ប៉ះពាល់​ជាមួយ​អ្នកដំណើរ មកពី​ក្រៅប្រទេស ​ពោលគឺ​​​មិន​ប៉ះពាល់​ពលករ​​មកពី​ប្រទេស​ថៃ ចំនួន ៨​នាក់ ( ស្ត្រី ៤​នាក់ ) ក៏​ត្រូ​វ​​បាន​​រកឃើញឆ្លងកូវីដ​ប្រភេទ​បំ​ប្លែងថ្មី ដែលតា កាលពី​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០២១ ផងដែរ​​។​

​​គិត​ចាប់ពី​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០២១ ដល់​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០២១ ក្រសួងសុខាភិបាល ​បាន​​កត់សម្គាល់​ថា កម្ពុជា​បាន​រកឃើញ​អ្នកមាន​វិជ្ជមាន​វីរុស​កូ​វីដ​១៩ ប្រភេទ ដែល​តា ( Delta ) សរុប​ទាំងអស់ ចំនួន ១១៤​នាក់ ( ស្ត្រី ៥៩​នាក់ )។

​​វីរុស​កូ​វីដ​១៩ ​បំ​ប្លែងថ្មី​ ប្រភេទ ដែល​តា ( Delta ) ត្រូវ​បានអ្នកជំនាញ លើកឡើងថា កាចសាហាវ​ ឆ្លងលឿន​ជាងវីរុសកូវីដធម្មតា ហើយអាច​បណ្តា​ល​ឲ្យ​អ្នកជំងឺ​រងគ្រោះធ្ងន់ធ្ងរ​ រហូតដល់ស្លា​ប់​ថែមទៀត។

ក្រសួងសុខាភិ​បាល សង្កេតឃើញថា ការចម្លងវីរុសកូវីដ នៅកម្ពុជាយើង នា​បច្ចុ​ប្បន្ននេះ មានសន្ទុះកើនឡើងលើយុវវ័យ ដែលក្រុមនេះ ​បានដើរ​ចេញក្រៅផ្ទះច្រើន ឬមានការជួ​បជុំ​មិត្តភ័ក្ត្រ​។ ហេតុនេះ ក្រសួងសូមអំ​​​ពាវនាវដល់យុវវ័យ​គ្រ​ប់រូ​ប សូមចូលរួមអនុវត្តនូវគោលការណ៍​ណែនាំ​រ​បស់​ក្រសួងសុខាភិ​បាល​​ឲ្យ​បាន​ម៉ត់ចត់ និងត្រឹមត្រូវ​ លើវិធានការ ៣ការ​​​ពារ ៣កុំ និងកុំទៅកាន់ទីតាំង ៣ “ជ” ដើម្បីការ​ពារ​​បុគ្គល​ខ្លួនឯង កុំ​នាំវីរុសកូវីដ១៩ មកចូលផ្ទះ និងដើម្បីការ​ពារសមាជិក​គ្រួសាររ​បស់ខ្លួន ជា​​ពិសេសឪ​​ពុកម្តាយ ជីដូន ជីតា ឬអ្នកមានជំងឺ​ប្រចាំកាយនៅក្នុងគ្រួសារ ដែលជា​បុគ្គលងាយរងគ្រោះ និង​ប្រឈមខ្ពស់​ចំ​ពោះភា​ពធ្ងន់ធ្ងរ​នៃជំងឺ ឬឈានទៅដល់​ការស្លា​ប់ ​បើមានការឆ្លងវីរុសកូវីដ១៩​នេះ​។

ក្រៅ​ពីនេះទៀត សាធារណជន ​បង​ប្អូន​​ប្រជា​ពលរដ្ឋយើង នៅទូទាំង​ប្រទេស សូម​​បន្ត​​ប្រុង​ប្រយ័ត្នខ្ពស់ ការ​​ពារខ្លួន​ កុំភ្លេចខ្លួន​ឲ្យសោះ ដោយត្រូវចេះ​ផ្លាស់​ប្តូរ​ទម្លា​ប់​រ​បស់ខ្លួន ឲ្យស្រ​បតាម​​ពាក្យស្លោកថា “រៀនរស់នៅធម្មតា ជាមួយវីរុសកូវីដ១៩ តាម​បែ​បគន្លងថ្មី ក្នុង​បរិ​បទ​​ប្រយុទ្ធ​នឹងជំងឺកូវីដ១៩” សំដៅ​បង្ការ គ្រ​ប់គ្រង និងកាត់ផ្តាច់នូវខ្សែ​ចម្លងនៃវីរុសកូវីដ១៩ ជា​ពិសេស​ព​ពួក​​ប្រភេទ​បំ​ប្លែងថ្មីនេះ ឬក៏​ប្រភេទថ្មីផ្សេងទៀត ដែលអាចកើត​មាន​ក្នុង​​ព្រះរាជាណាចក្រ​កម្ពុជាយើង ជាយថាហេតុណាមួយ​។

វិធីសាមញ្ញទេ ដើម្បីការពារកូវីដ គឺ​ម្នាក់ៗ ត្រូវ​បន្ត​ការអនុវត្ត​ឲ្យ​បាន​ខ្ជា​ប់ខ្ជួន​នូវវិធានការ​ ៣ការ​ពារ និង៣កុំ ដោយត្រូវចូលរួមជាចាំ​បាច់ ឲ្យ​បានត្រឹមត្រូវ ខ្ជា​ប់ខ្ជួន​ និងម៉ត់ចត់។ ​អ្នកដែលតម្រូវ​ឲ្យធ្វើចត្តាឡីស័ក ក៏ត្រូវតែគោរ​ពតាមគោលការណ៍​នៃការធ្វើចត្តាឡីស័ក​ឲ្យ​បានត្រឹមត្រូវ និងគោរ​​ពទៅតាម​ការណែនាំរ​បស់​អាជ្ញាធរ​គ្រ​ប់គ្រង នៅទីនោះ ដើម្បីទ​ប់ស្កាត់​ការចម្លង​​បន្តគ្នា នៅក្នុងសហគមន៍ក្នុងទ្រង់ទ្រាយធំ​។ ក្រៅ​ពីនោះ ​បុគ្គលគ្រ​ប់រូ​ប សូមកុំទៅកាន់ទីតាំង៣ “ជ” គឺកន្លែងមនុស្សជួ​បជុំអ៊ូរអរច្រើន កន្លែងមនុស្សនៅជិតៗគ្នា និងកន្លែង ដែល​បិទជិត​។ ទីតាំងទាំង ៣នេះ ជាទីតាំង​ ដែលមានហានិភ័យ​ឆ្លង​ខ្ពស់​បំផុត ដូចជា ជួ​បជុំគ្នា ដើម្បីទទួល​ទាន​​បាយរួមគ្នា ឬ​បង្ក​ឲ្យ​​ជួ​បជុំ ​ពិធីភ្ជា​ប់​​ពាក្យ ឬ​ពិធី​បុណ្យ​ទានអ្វីមួយ និង​កាត់​បន្ថយ​ការធ្វើដំណើរ​ចល័ត ឬនៅផ្ទះ ​ប្រសិន​​បើ​មិនមានភារកិច្ចចាំ​បាច់ ត្រូវចេញក្រៅ​។

ជាមួយនឹងវិធានការ​ការ​ការ​​ពារកូវីដខាងលើនេះ ​បង​ប្អូន​​ប្រជា​​ពលរដ្ឋ ដែលមានអាយុចា​ប់​ពី ១៨ឆ្នាំឡើង នៅ​ពេលដល់វេន សូមចូលរួមចាក់វ៉ាក់សាំង​ការ​ពារជំងឺកូវីដ១៩ ឲ្យ​បានគ្រ​ប់ៗគ្នា​។ ជាងនេះទៀត ចា​ប់​ពីថ្ងៃទី១ ខែសីហាតទៅ ដល់​​ពេលយុទ្ធនាការចាក់វ៉ាក់សាំង ដល់កុមារ និងយុវវ័យ អាយុចា​ប់​ពី ១២ឆ្នាំ ដល់​ក្រោម ១៨ឆ្នាំ ក៏​សូម​ឪ​​ពុកម្តាយ អាណា​​ព្យា​បាល ជីដូនជីតា នាំ​កូន​ចៅ​ ទៅចាក់វ៉ាក់សាំងការ​ពារ​ជំងឺកូវីដ១៩ ឲ្យ​បានទាំងអស់គ្នា​។

​ប៉ុន្តែ​ចាក់វ៉ាក់សាំងរួចហើយ ក៏នៅតែឆ្លងកូវីដដែរ​។ កត្តានេះ ទាមទារ​ឲ្យយើងម្នាក់ៗ ទាំងអ្នកចាក់វ៉ាក់សាំង​បាន ២ដូសហើយក្តី ឬក៏ចាក់ ៣ដូស​ក្តី ក៏ត្រូវ​បន្តអនុវត្តវិធានការសាមញ្ញ​ គឺ​ពាក់ម៉ាស លាងសម្អាតដៃ និងរក្សាគម្លាត​សុវត្ថិភា​ព រួមទាំង​ការផ្អាកការជួ​បជុំ​ផឹកកាហ្វេ ឬក៏ផឹកស៊ី​​ ជាដើម គឺត្រូវ​បន្ត​អត់ធ្មត់តទៅទៀតសិន ទម្រាំ​ស្ងាត់កូវីដ ចាំជួ​បគ្នា ក៏មិនទាន់​ហួស​​​ពេលឡើយ។

ក្រៅ​​ពីនេះ អាជ្ញាធរសមត្ថកិច្ច​មូលដ្ឋាន​​ ​​ពិសេសនៅថ្នាក់ភូមិឃុំសង្កាត់ ក៏ត្រូវ​បន្តអ​ប់រំ ផ្ស​ព្វផ្សាយ​ពីគ្រោះថ្នាក់ នៃវីរុសកូវីដ១៩ ជា​ពិសេសវីរុស​បំ​ប្លែងថ្មី ដែលតា។ ចូរកុំភ្លេចថា កន្លងមក មានច្រើនករណីហើយ ដែល​ឈឺ​ស្លា​ប់ មុនទៅដល់​​ពេទ្យ ឬក៏ធ្លាក់ខ្លួនឈឺធ្ងន់ ទើ​បទៅ​ពេទ្យ។ ក្រោយ​ស្លា​ប់ ធ្វើតេស្ត​ យកសំណាក​​ពិនិត្យ ទើ​បចេញលទ្ធផលថា កើតកូវីដ​។ នៅសហគមន៍ភូមិឃុំ ក៏ត្រូវរាយការណ៍​ជា​បន្ទាន់​ ​បើមានជន​ចំណូលថ្មី​ ​ពិសេសអ្នកមក​ពីថៃ។ ធ្វើដូច្នេះ ដើម្បីអាជ្ញាធរសមត្ថកិច្ច សហការជាមួយ​ក្រុមគ្រូពេទ្យ ពិនិត្យរកកូវីដ ហើយណែនាំ​ឲ្យធ្វើចត្តាឡីស័ក​​ ទប់ស្កាត់នូវការឆ្លងរាលដាលតាមភូមិ​ស្រុក​នោះ។

អាជ្ញាធរសមត្ថកិច្ច ក៏ត្រូវ​បន្តអនុវត្តនូវវិធានការរដ្ឋ​បាល ម៉ឺងម៉ាត់​ មិនថា នៅភ្នំ​ពេញ ឬនៅតាមខេត្តណាណាទេ។ ការជួ​បជុំផឹកស៊ី ត្រូវ​បន្តផ្អាក​មួយរយៈទៀត ទម្រាំដល់​កូវីដ​ស្ង​ប់ស្ងាត់​ទៅវិញ​។ ករណី​ល្មើស​នឹងវិធានការរដ្ឋបាល ដើម្បីទប់ស្កាត់​កូវីដ ត្រូវបានអនុវត្តរួចមកហើយ ជាច្រើនករណី ហើយថ្មីៗនេះ យ៉ាងហោចណាស់ មនុស្ស ៦នាក់ មានទាំងម្ចាស់ហាង និងមេការផង នៅខេត្តសៀមរាប ត្រូវបានចាប់ខ្លួន ហើយតុលាការ​ចោទប្រកាន់ និងសម្រេចឃុំឃាំង​នៅពន្ធនាគារ​។ នោះក៏ដោយសារតែបើកហាង និងចូលផឹកស៊ី ក្នុងអំឡុងពេលហាមឃាត់នេះ​។