ខេត្តកំពង់ឆ្នាំង ៖ ចោរស្រីម្នាក់ត្រូវបានក្រុមអាជីវករព្រួតគ្នាដេញចាប់ប្រគល់ឱ្យប៉ូលិសភ្លាមៗ ខណៈដែលស្ត្រីរូបនោះបានឆក់យកខ្សែ.កមាសទំងន់២ជីពីអាជីវករលក់មាសនៅតូបលេខ១២៨ នៅផ្សារលើខេត្ត កាលពីវេលាម៉ោង៨ និង៣០នាទីព្រឹក ថ្ងៃទី១៩ មករា ។ លោកហ៊ុល វាសនា អធិការរងក្រុងកំពង់ឆ្នាំង បានឱ្យដឹងថា ស្ត្រីសង្ស័យរូបនោះឈ្មោះស៊ុយ សាវឿន អាយុ៣៧ឆ្នាំ មានទីលំនៅភូមិដា ឃុំដា ស្រុកកំពង់លែង ។ ចំណែកអាជីវករលក់មាសឈ្មោះដួង ចាន់ណារ៉ា អាយុ៣៥ឆ្នាំ មានទីលំនៅភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ។
លោកអធិការរងក្រុងបានស្រង់ចំលើយស្ត្រីសង្ស័យខាងលើនេះថា នៅវេលាម៉ោង៦ព្រឹកថ្ងៃទី១៩ មករា ខ្លួនបានឡើងជិះកាណូតចេញពីស្រុកកំពង់លែងបំណងទៅលេងកូននៅទួលអំពិល ប៉ុន្តែពេលមកដល់ផ្សារលើក៏បានចូលហូបនំបញ្ចុកមួយចាន រួចក៏ដើរសំដៅទៅតូបលក់មាស ។ ស្ត្រីសង្ស័យរូបនោះបន្តថា ខ្លួនមានលុយជាង១០ម៉ឺនរៀល ពេលដល់តូបលក់មាសក៏សួរទិញមាស១ជី និងសួរថ្លៃ ។ អ្នកលក់មាសប្រាប់ថា មានតំលៃ៧៨ម៉ឺនរៀល មិនគិតថ្លៃឈ្នួល ។
ពេលនោះខ្លួនក៏សួរទិញខ្សែ.កច្រវាក់ឆាបទំងន់២ជី ហើយអ្នកលក់ក៏បានច្រកខ្សែ.កទំងន់២ជីហុចឱ្យខ្លួន ។ ភ្លាមនោះខ្លួនក៏ឆក់ខ្សែកនោះរត់ តែរត់មិនបាន១០ម៉ែត្រផង ក៏ត្រូវក្រុមអាជីវករនិងម្ចាស់មាសចាប់បានប្រគល់ឱ្យប៉ូលិសតែម្តង ។ ស្ត្រីដៃដល់រូបនេះបញ្ជាក់ថា ខ្លួនពុំធ្លាប់ធ្វើដូច្នេះទេ ពីមុនមក ហើយខ្លួនមានកូន៥នាក់ កូនតូចអាយុ៦ឆ្នាំ ។ លោកអធិការរងបន្ថែមថា នេះជាលើកទី១ ហើយដែលស្ត្រីស្រុកស្រែចំការហ៊ានធ្វើសកម្មភាពលួចឆក់អ្នកផ្សារបែបនេះ ហើយត្រូវចាប់ខ្លួនបានភ្លាមៗ ប៉ុន្តែបើចោរមានអាជីពវិញ ពួកវាមកធ្វើសកម្មភាព៣-៤នាក់មិនងាយចាប់បានទេ ពេលខ្លះចាប់បានតែមនុស្ស ចំណែកវត្ថុតាងរំដោះឱ្យគ្នាវាបាត់ ៕
ចែករំលែកព័តមាននេះ