ខេត្តបាត់ដំបង ៖ មុខសញ្ញាចោរលួចចំនួន០៣នាក់ បានដើរចូលអន្ទាក់សមត្ថកិច្ចទាំងថ្ងៃក្នុងការប៉ុនប៉ងចូលលួចទ្រព្យសម្បត្តិនៅក្នុងផ្ទះដែលម្ចាស់មិនបានស្នាក់នៅមួយកន្លែង កាលពីវេលាម៉ោង៤និង២៦នាទីរសៀល នៅថ្ងៃទី២៤ ខែកក្កដា នៅចំណុចភូមិ២០ឧសភា សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។
នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាល លោក ឈឿង គឹមសុង ដែលដឹកនាំកម្លាំងក្រុមអន្តរាគមន៍បង្ការ បង្ក្រាបចុះប្រតិបត្តិការបង្ក្រាបករណីនេះ បាននិយាយថា ជនសង្ស័យទាំង០៣នាក់នោះមាន ១-ឈ្មោះ ម៉ៅ ឡុង ភេទប្រុស អាយុ២៦ឆ្នាំ នៅភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ២-ឈ្មោះ ទូច សុវណ្ណារិន ហៅ លូ ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិដង្កោទាប សង្កាត់ទួលតាឯក ក្រុងបាត់ដំបង និង៣-ឈ្មោះ ទឹង ជា ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិ ២០ឧសភា សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។
លោកបានបញ្ជាក់ថា ជនសង្ស័យទាំង៣នាក់ខាងលើបាននាំគ្នាចូលក្នុងផ្ទះរបស់ឈ្មោះ ឡេង រតនៈ ភេទប្រុស អាយុ២៥ឆ្នាំ នៅចំណុចខាងលើ ក្នុងគោលបំណងលួចទ្រព្យសម្បត្តិ តែត្រូវកម្លាំងរបស់លោកដែលរង់ចាំមុនជាស្រេចនៅក្នុងផ្ទះក្រសោបបានតែម្ដង។
លោក គឹម សុង បានបញ្ជាក់បន្ថែមត្រង់ចំណុចនេះថា ផ្ទះនេះភាគច្រើនម្ចាស់មិនសូវស្នាក់នៅទេ បិទទ្វារទុកចោល ហើយត្រូវក្រុមចោរខាងលើនេះ ចូលលួចជាញឹកញាប់ពេក ទើបគាត់ (ម្ចាស់ផ្ទះ) ប្ដឹងសុំឲ្យកម្លាំងរបជួយអន្តរាគមន៍ ក្រោយមកកម្លាំងជំនាញក៏បានចុះទៅពូនស្ទាក់ចាំមុន រហូតក្របួចបានចោរតែម្ដង។
បើតាមម្ចាស់ផ្ទះបាននិយាយប្រាប់សមត្ថកិច្ចថា គាត់មិនសូវបានស្នាក់នៅក្នុងផ្ទះនេះ ភាគច្រើនគឺបិទទ្វារទុកចោល ហើយក៏ត្រូវក្រុមជនទាំង៣នាក់នេះចូលទៅលួចទ្រព្យសម្បត្តិនៅក្នុងផ្ទះទាំងថ្ងៃៗជាបន្តបន្ទាប់។
ម្ចាស់ផ្ទះនិយាយទៀតថា ពេលខ្លះគាត់បានតាមទាន់ពេលពួកចោរកំពុងតែសែងគ្រែចុះក្រោមទៀតផង។ គាត់ស្ទើរតែអង្វរ.កលោកចោរឲ្យឈប់ចូលលួចទៀត។ មិនតែប៉ុណ្ណោះ ពេលខ្លះថែមទាំងឲ្យលុយវាចាយទៀតផង ដើម្បីសុំកុំឲ្យវាចូលលួច តែពួកវាមិនស្ដាប់ មិនអនុគ្រោះទេ ដូច្នេះហើយទើបគាត់ប្តឹងទៅសមត្ថកិច្ចសុំឲ្យជួយតាមឃ្លាំមើលរហូតចាប់បានជនទាំង០៣នាក់ ដែលមានមុខដដែលៗ។
លោក ឈឿង គឹមសុង បានប្រាប់ថា ការចូលផ្ទះជនរងគ្រោះចុងក្រោយនេះ ពួកគេកំពុងរៀបចំលួចសម្ភារ:នៅក្នុងផ្ទះ តែត្រូវកម្លាំងរបស់លោកពូនចាំមុន និងព័ទ្ធចាប់បានទាំង០៣នាក់តែម្ដង។ ហើយពេលឆែកឆេរ កម្លាំងរបស់លោករកឃើញមានទាំងថ្នាំញៀនទៀតផង ដែលលាក់ទុកជាប់ខ្លួន។
ជាមួយគ្នានោះ សមត្ថកិច្ច ក៏បានដកហូតកង់ចំនួន០២គ្រឿង, តួណឺវីសចំនួន០១ដើម និងម្សៅក្រាមពណ៌ស ស្រអាប់ ច្រកក្នុងថង់ប្លាស្ទិក ដែលសង្ស័យមានសារធាតុញៀនចំនួន០១កូនថង់ រួមទាំងវត្ថុតាងពាក់ព័ន្ធមួយចំនួនទៀត។ បច្ចុប្បន្ន មន្ត្រីការិយាល័យជំនាញកំពុងតែធ្វើការសួរនាំ ដើម្បីកសាងសំណុំរឿងបញ្ជូនជនសង្ស័យខាងលើនេះ ទៅសាលាដំបូងខេត្តហើយ៕
ចែករំលែកព័តមាននេះ