ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​ទាន់​ចប់​ទេ ករណី​ឪពុកចុង អះអាង​ថា ដួល​សង្កត់​លើ​កូនស្រី​អាយុ​២​ឆ្នាំ​ស្លា​.​ប់ អង្គភាព​ការពារ​កុមារ​ ចុះ​ស៊ើបអង្កេត​ហើយ

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អង្គភាព​ការពារ​កុមារ ហៅ​កាត់ ​(CPU) កាលពី​វេលា​ម៉ោង​០៣​រសៀល​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០២១ បាន​ចុះ​ធ្វើការ​ស៊ើបអង្កេត​ទៅ​លើ​ករណី​ឃា​.​ត​កម្ម ទៅ​លើ​កុមារ​អាយុ…

រាជធានី​ភ្នំពេញ ៖ អង្គភាព​ការពារ​កុមារ ហៅ​កាត់ ​(CPU) កាលពី​វេលា​ម៉ោង​០៣​រសៀល​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០២១ បាន​ចុះ​ធ្វើការ​ស៊ើបអង្កេត​ទៅ​លើ​ករណី​ឃា​.​ត​កម្ម ទៅ​លើ​កុមារ​អាយុ ០២​ឆ្នាំ នៅ​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​២ រាជធានី​ភ្នំពេញ ។

ការ​ចុះ​ស៊ើបអង្កេត​នេះ ក្រោយ​ពី​បាន​ទទួល​ដំណឹង​អំពី​ការ​ស្លាប់​របស់​កុមារី​អាយុ​០២​ឆ្នាំ​ម្នាក់ ដោយ​មានការ​សង្ស័យ​ច្រើន ទើប​ក្រុមការងារ​ស៊ើបអង្កេត​បទល្មើស​ឃាតកម្ម (HIT) និង​ក្រុមការងារ​បច្ចេកទេស និង​វិទ្យាសាស្ត្រ (FST) នៃ​អង្គភាព​ការពារ​កុមារ (CPU) រួម​សហការ​ជាមួយ​ការិយាល័យ​បច្ចេកទេស និង​វិទ្យាសាស្ត្រ និង​ការិយាល័យ​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ពិនិត្យ​ផ្ទាល់ នៅ​កន្លែង​កើត​ហេតុតែ​ម្តង ។

ពេល​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ភ្លាម ត្រូវ​បាន​ហ៊ុំ​ព័ទ្ធ និង​ចាប់ផ្តើម ធ្វើការ​ស៊ើបអង្កេត ដោយ​ក្រុមការងារ​ស៊ើបអង្កេត​បទល្មើស​ឃាតកម្ម HIT បាន​ប្រទះ​ឃើញ​សាកសព​កុមារី អាយុ​០២​ឆ្នាំ​នេះ នៅ​ក្នុង​បន្ទប់​ជួល​តូច​មួយ ។

តាម​ការ​ពិនិត្យ​សាកសព​បឋម បាន​បង្ហាញ​ថា កុមារ​រង​គ្រោះ​បាន​រង​របួស​ធ្ងន់ធ្ងរ​ជា​ច្រើន​កន្លែង នៅ​លើ​ដងខ្លួន ។ អង្គភាព​ការពារ​កុមារ (CPU) ក្នុង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​នាយកដ្ឋាន​នគរបាល​បច្ចេកទេស និង​វិទ្យាសាស្ត្រ​នៃ​ក្រសួងមហាផ្ទៃ រួម​ជាមួយ​លោក​វេជ្ជបណ្ឌិត ន​ង សុវណ្ណ​រតន៍ បាន​រួម​គ្នា​ធ្វើ​កោសល្យវិច័យ​ទៅ​លើ​សាកសព ដើម្បី​បញ្ជាក់​អំពី​ទម្ងន់ នៃ​ស្នាម​របួស​មាននៅ​លើ​ដងខ្លួន ដែល​របួស​ទាំងនេះ​ហើយ បាន​បណ្តាល​ឲ្យ​កុមារី​រង​គ្រោះ ទទួលមរណភាព ។

បុរស​អាយុ​២៩​ឆ្នាំ​ម្នាក់ ត្រូវជា​ឪពុកចុង របស់​សព​កុមារី ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន និង​បញ្ជូន​ទៅ​កាន់​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្ទឺ​ង​មាន​ជ័យ​២ ដើម្បី​សួរនាំ​បន្ថែម ។

គួ​រម្លឹក​ឡើង​វិញ​ថា កុមារី​តូច​ម្នាក់​បាន​ស្លា​.​ប់ ដោយសារ​តែ​ត្រូវ​បុរស​ជា​ឪពុកចុង​ដួល​សង្កត់ពីលើ (​នេះ​បើ​តាម​ការ​អះអាង​របស់​បុរស​អាយុ​២៩​ឆ្នាំ​ត្រូវជា​ឪពុកចុង​) បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​២​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០២១ នៅ​ចំណុច​បន្ទប់​ផ្ទះ​ជួល​មួយ​កន្លែង ស្ថិត​តាម​បណ្តោយ​ផ្លូវលំ ក្នុង​ក្រុម​ទី​៧ ភូមិ​ឬ​ស្សី​៣ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

កុមារី​រង​គ្រោះ មានឈ្មោះ នា​ន់ ស្រី​និ​ច អាយុ​២​ឆ្នាំ​និង​៨​ខែ ស្នាក់​នៅ​ជាមួយ​យាយ​តា​បង្កើត នៅ​ចំណុច​កើតហេតុ​ខាងលើ ។ ចំណែក​បុរស​ជា​ឪពុកចុង មានឈ្មោះ សុខ រ​ដ្ឋា អាយុ​២៩​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល​ម្តុំ​ៗ​គ្នា ជាមួយ​ស្ត្រី​ម្តាយបង្កើត​កុមារី​រង​គ្រោះ​មានឈ្មោះ នា​ន់ ស្រី​និ​ច អាយុ​២៤​ឆ្នាំ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានអោយដឹងជាបឋមថា នៅ​វេលា​យប់​ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០២១ ម្តាយបង្កើត​កុមារី​រង​គ្រោះ និង​រូប​ខ្លួន បាន​ទៅ​យក​កូនស្រី​ពី​យាយ​តា ទៅ​បន្ទប់​ជួល​របស់​ខ្លួន​មួយ​ថ្ងៃ ព្រោះ​ខាន​ជួប​កូន​យូរ ហាក់​នឹកនា ។ លុះ​រហូត​ដល់​ម៉ោង​១​រសៀល ថ្ងៃ​ទី​៣០ ខែ​ឆ្នាំ​ដដែល បុរស​ជា​ឪពុកចុង បាន​ជូន​កូនស្រី​មក​អោយ​យាយ​តា​វិញ ។ បន្ទាប់​មក នៅ​រសៀល​ថ្ងៃខែ​ដដែល កុមារី​រង​គ្រោះ​បាន​រត់​លេង​ក្បែរ​បន្ទប់​ជួល ហើយ​បុរស​ជា​ឪពុកចុង បាន​ដើរទៅ​ហៅ​អោយ​ត្រឡប់​មក​បន្ទប់​វិញ តែ​ពេល​នោះ ដោយសារ​តែ​ខ្លួន​មិន​បាន​ប្រយ័ត្ន ក៏​បាន​រអិល​ជើង ហើយ​ក៏​ដួល​ទាំង​ជំហរ សង្កត់​ទៅ​លើ​កូនស្រី​ចុង បណ្តាល​អោយ​រង​របួសធ្ងន់ ភ្លាម​ៗ​នោះ រូបគេ​(​បុរស​ជា​ឪពុកចុង​) បាន​បី​កុមារី​រង​គ្រោះ​មក​បន្ទប់​ជួល​របស់​យាយ​តា ហើយ​ប្រាប់​ថា កុមារី​រង​គ្រោះ​រង​គ្រោះ ត្រូវ​រូបគេ​ដួល​សង្កត់ពីលើ ។ ក្រោយមក​មិន​បាន​ប៉ុន្មាន​ផង កុមារី​រង​គ្រោះ​ក៏​ត្រូវ​ដាច់ដង្ហើម​ស្លា​.​ប់​តែ​ម្តង ។

បន្ទាប់​ពី​កើត​មានរឿង​ហេតុ​ហើយ​នោះ កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន បាន​ចុះ​អន្តរាគមន៍ និង​បាន​ធ្វើការ​ឃាត់ខ្លួន​បុរស​ជា​ឪពុកចុង​ភ្លាម​ៗ យក​ទៅ​កាន់​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ស្ទឹង​មាន​ជ័យ​២ ដើម្បី​ធ្វើការ​សាកសួរ​ដំណើរ​រឿងហេតុ ។

ដោយឡែក ចំពោះ​សាកស​.​ព​កុមារី​រង​គ្រោះ ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ធ្វើតេស្ត​សំណាក​រក​មេរោគ​កូ​វី​ដ​១៩ ជា​មុន​សិន មុន​ពេល​ឈាន​ដល់​ការ​ធ្វើ​កោសល្យវិច័យ​សព ពិនិត្យ​អោយ​បាន​ច្បាស់លាស់​ថា តើ​ជា​ករណី​ឪពុកចុង​ដួល​ដោយ​អ​ចេតនា​សង្កត់​លើ ឬ​ជា​ករណី​អ្វី​ផ្សេង ក្រៅពី​នេះ ?

ជុំវិញ​រឿងហេតុ​ខាងលើ​នេះ​ដែរ តាម​ការ​អោយ​ដឹង​ពី​សំណាក់​យាយ​តា​បង្កើត​របស់​កុមារី​រង​គ្រោះ បញ្ជាក់​ថា ៖ ស្ត្រី​ជា​ម្តាយបង្កើត​របស់​កុមារី​រង​គ្រោះ​បាន​ផ្តាច់ចំណង​ប្តី​ប្រពន្ធ​ជាមួយ​ប្តី​ដើម​តាំងពី​កូនស្រី​នៅ​ក្នុង​ផ្ទៃ​បាន​ប៉ុន្មាន​ខែ​មក​ម្ល៉េះ ។ លុះ​ក្រោយ​ពេល​ចាប់កំណើត​កូនស្រី​មក កូនស្រី​ត្រូវ​បាន​យាយ​តា​ជា​អ្នក​ទទួល​រ៉ាប់រង​ចិញ្ចឹម ចំណែក​ស្ត្រី​ជា​ម្តាយ​បាន​ទៅ​នៅផ្ទះ​ជួល​ម្នាក់ឯង ដោយ​ប្រកបការងារ​ជា​កម្មការិនី​រោងចក្រ ។ ក្រោយមក​ក៏​បាន​មាន​ទំនាក់ទំនង​ជាមួយ​បុរស​ម្នាក់ ដោយ​បាន​រួម​រស់នៅ​ជាមួយ​គ្នា​ទើបបាន​៣​ខែ​ប៉ុណ្ណោះ ក៏​កើត​មានរឿង​ហេតុ​ចង្រៃ​នេះ​កើតឡើង​តែ​ម្តង​ទៅ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ