ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តមណ្ឌលគិរី ត្រូវបានកំណត់ជាគោលដៅ​អេកូទេសចរណ៍លំដាប់អន្តរជាតិ និងជាខេត្ត​ដ៏សំខាន់ ក្នុងការផ្គត់ផ្គង់ផ្កា បន្លែ និងផ្លែឈើ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ៖ កាលពី​ព្រឹកថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម​អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ…

រាជធានីភ្នំពេញ៖ កាលពី​ព្រឹកថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម​អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាង “ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តមណ្ឌលគិរី (២០២១-២០៣៥)”។

កិច្ចប្រជុំនេះ​ មានការអញ្ជើញចូលរួមពីសំណាក់លោក​ ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួង សិក្សារៀបចំផែនការមេអភិវឌ្ឍន៍ទេសចរណ៍​ខេត្តមណ្ឌលគិរី​ ឯកឧត្តមទេសរដ្ឋមន្រ្តី​ ឯកឧត្តម លោកជំទាវរដ្ឋមន្រ្តី ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា គណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍​។

“ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តមណ្ឌលគិរី (២០២១-២០៣០ )” ត្រូវបានសិក្សារៀបចំដោយគណៈកម្មការអន្តរក្រសួង ដឹកនាំដោយលោក​ ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។

“ផែនការមេ” នេះ មានលក្ខណៈជាផែនការសមាហរណកម្មជាមួយអន្តរវិស័យគាំទ្រសំខាន់ៗមួយចំនួន ដើម្បីជាត្រីវិស័យដ៏សំខាន់​ចង្អុលបង្ហាញយន្តការ និងទិសដៅយុទ្ធសាស្រ្តសំខាន់ៗ ដើម្បីឆ្លើយតបនឹងចក្ខុវិស័យនៃការអភិវឌ្ឍជាតិ ក្នុងរយៈពេល (២០២១-២០៣៥) និងបណ្តា​ឆ្នាំខាង​មុខ ដោយផ្អែកលើស្ថានភាពបច្ចុប្បន្ន និងការប្តេជ្ញាចិត្តច្បាស់លាស់របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងគតិបណ្ឌិតរបស់​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដោយផ្តោតលើគោលបំណងសំខាន់ ៣​ គឺ៖ ទី១- ខេត្តមណ្ឌលគិរី ជាគោលដៅទេសចរណ៍ប្រកបដោយគុណភាព ប្រកបដោយឧត្តមានុវត្តន៍។ ​ទី២-ខេត្ត​ម​ណ្ឌល​គិរី ជាមជ្ឈមណ្ឌលសេដ្ឋកិច្ចប្រកបដោយភាពឆ្លាតវៃ និងច្នៃប្រឌិត និងជាមជ្ឈមណ្ឌល សម្រាប់តំបន់ភាគឦសាន។ ទី៣-ខេត្តមណ្ឌលគិរី ជាខេត្ត ដែលមានការគិតគូរច្បាស់លាស់នូវទស្សនទាន “ការអភិរក្សដើម្បីការអភិវឌ្ឍ ហើយការអភិវឌ្ឍទ្រទ្រង់ដល់ការអភិរក្ស”​។

“ផែនការមេសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តមណ្ឌលគិរី (២០២១-២០៣៥)” កំណត់ចក្ខុវិស័យសំខាន់ៗ ដូចខាងក្រោម៖ ទី១-ខេត្តមណ្ឌលគិរី ត្រូវកំណត់ជាគោលដៅអេកូទេសចរណ៍លំដាប់អន្តរជាតិ និងជាខេត្តដ៏សំខាន់ក្នុងការផ្គត់ផ្គង់ផ្កា បន្លែ និងផ្លែឈើ សម្រាប់បំពេញតម្រូវការក្នុងប្រទេស និងឈានដល់ការនាំចេញទៅទីផ្សារក្រៅប្រទេស។ ទី២-ឆ្នាំ២០៣៥ ចំនួនភ្ញៀវទេសចរអន្តរជាតិ មកកាន់ខេត្តមណ្ឌលគិរី នឹងកើនឡើងដល់ប្រមាណ ៩០ ម៉ឺននាក់ ខណៈដែលចំនួនភ្ញៀវទេសចរក្នុងស្រុក នឹងកើនឡើងដល់ប្រមាណ ២​លាននាក់ បង្កើតការងារប្រមាណ ៨ ម៉ឺនកន្លែង និងបង្កើតចំណូលដោយផ្ទាល់ប្រមាណ ៥០០ លានដុល្លារ និងដោយប្រយោលប្រមាណ ១.០០០ លានដុល្លារ ជាមួយមេគុណប្រសិទ្ធភាព (Multiplier Coefficient) ចំនួន ២ដង ចាក់បញ្ចូលក្នុងសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចខេត្តមណ្ឌលគិរី​។ ​ទី៣-រួមចំណែកធ្វើឲ្យភូមិភាគឦសាន ដែលមានខេត្តមណ្ឌលគិរីជាស្នូល ជាប៉ូលសេដ្ឋកិច្ចទី៤ បន្ទាប់ពីតំបន់រាជធានីភ្នំពេញ តំបន់ឆ្នេរ និងតំបន់សៀមរាប និងធ្វើសមាហរណកម្មខេត្តមណ្ឌលគិរីជាមួយតំបន់ផ្សេងៗក្នុងប្រទេស និងក្នុងតំបន់​។ ​ទី៤-រក្សាតុល្យភាពឲ្យបានម៉ឺងម៉ាត់រវាងការអភិវឌ្ឍសេដ្ឋកិច្ច ទេសចរណ៍ និងអន្តរវិស័យគាំទ្រ ជាមួយការអភិរក្សធនធានធម្មជាតិ បេតិកភណ្ឌវប្បធម៌ ជនជាតិដើមភាគតិច ធានាបានផ្លែផ្កានៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមជាអតិបរមា ឈរលើគោលការណ៍នៃការបែងចែកផលប្រយោជន៍ប្រកប ដោយសមធម៌ទៅដល់ភាគីពាក់ព័ន្ធ​។

តំបន់អាទិភាពសំខាន់ៗ ចំនួន ៦ សម្រាប់ការអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី ត្រូវបានកំណត់ដូចខាងក្រោម៖ ​តំបន់របៀងអេកូទេសចរណ៍ និងទេសចរណ៍ធម្មជាតិនៃដែនជម្រកសត្វព្រៃទាំង ៥ (ដែនជម្រកសត្វព្រៃភ្នំព្រេច ណាមលៀរ លំផាត់ កែវសីមា និងស្រែពក) ដែលអនុញ្ញាតឲ្យមានតែការវិនិយោគ និងអភិវឌ្ឍន៍សកម្មភាពទេសចរណ៍ ដែលមានការគិតគូរច្បាស់លាស់ អំពីបរិស្ថាន។  តំបន់របៀងទេសចរណ៍វប្បធម៌ និងអេកូទេសចរណ៍ ប៊ូស្រា-ដាក់ដាំ ដែលលើកទឹកចិត្តឲ្យមានការអភិវឌ្ឍតែសកម្មភាពអេកូទេសចរណ៍ និងទេសចរណ៍ធម្មជាតិ ភ្ជាប់ជាមួយទេសចរណ៍វប្បធម៌ជនជាតិដើមភាគតិច។ ក្រុងសែនមនោរម្យ ដែលជាបណ្តុំសកម្មភាពទេសចរណ៍ពហុបំណង។ តំបន់ស្រុកអូររាំង ភ្ជាប់ជាមួយគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះខេត្តមណ្ឌលគិរី ដែលអាចអភិវឌ្ឍន៍ជាតំបន់ប្រជុំជនរណប ភ្ជាប់ជាមួយក្រុងសែនមនោរម្យ។ តំបន់ប្រជុំជននៃស្រុកកោះញែក ដែលមានសក្តានុពលក្នុងការរៀបចំអភិវឌ្ឍន៍ជាមណ្ឌលទេសចរណ៍នាពេលអនាគត ហើយដែលការអភិវឌ្ឍមានវិសាលភាពទូលំទូលាយជាងក្នុងតំបន់អភិរក្សនៃដែនជម្រកសត្វព្រៃ និងតំបន់ទេសចរណ៍សមាហរណតាមច្រកព្រំដែន ដែលអនុញ្ញាតឲ្យមានការអភិវឌ្ឍជារមណីយដ្ឋានសមាហរណ។

ទន្ទឹមនឹងនេះ ស្ថាប័នអនុវត្តផែនការមេនេះ ត្រូវបានស្នើឲ្យបង្កើតឡើង ដូចខាងក្រោម៖ កម្រិតថ្នាក់ជាតិ ​គឺគណៈកម្មការ​អន្តរក្រសួងមួយ ត្រូវបានបង្កើតឡើងដើម្បីដឹកនាំ និងសម្របសម្រួលការអនុវត្ត ផែនការមេនេះ និងមានលេខាធិការដ្ឋានមួយ ដើម្បីធានាដំណើរការការងារប្រចាំថ្ងៃ​។ កម្រិតថ្នាក់ក្រោមជាតិ៖ គណៈកម្មាធិការអភិវឌ្ឍន៍ទេសចរណ៍ខេត្តមណ្ឌលគិរី គឺជាសេនាធិការឲ្យគណៈកម្មការ អន្តរក្រសួងខាងលើ ក្នុងការជំរុញការអនុវត្តផែនការមេនេះ។ យន្តការស្ថាប័នគាំទ្រមួយចំនួន និងត្រូវបានបង្កើតឡើង ដើម្បីគាំទ្រការអនុវត្តផែនការមេនេះ ដូចជា ការបង្កើតអង្គភាពគ្រប់គ្រងគោលដៅទេសចរណ៍អាទិភាព​ទាំង០៦ខាងលើ (DMO-Destination Management Organization) ដែលមានទម្រង់ជាយន្តការអន្តរក្រសួង និងយន្តការស្ថាប័នចាំបាច់នានា​។

ជាលទ្ធផល អង្គប្រជុំ បានពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងផែនការមេ និងសម្រេច ដូចខាងក្រោម៖ ​ទី១.គាំទ្រជា​ស្មារតីរួមលើខ្លឹមសារសំខាន់ៗនៃ “ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តមណ្ឌលគិរី ២០២១-២០៣៥”។ ​ទី២.ក្រុមការងារ​បច្ចេកទេសត្រូវបញ្ចូលបន្ថែមធាតុចូលដែលទទួលបានពីកិច្ចប្រជុំនេះ ដើម្បីរៀបចំជាសេចក្កីព្រាងចុងក្រោយ ដើម្បីគោរពជូនរាជរដ្ឋាភិបាល​ពិនិត្យ និងអនុម័តដាក់ឲ្យប្រើប្រាស់ក្នុងពេលឆាប់ៗខាងមុខនេះ៕ សុខ សារ៉ាយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ