ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំពើអាក្រក់​គ្មាន​ឡើយ​សេចក្តីចម្រើន

2 ឆ្នាំ មុន

តាម​ធម្មតា​មនុស្ស​យើង​ពី​ដំបូង​ធ្វើអំពើ​អាក្រក់​កតួច​តាច​ទេ លុះ​យូរ​ៗ​ទៅ​អាច​នឹង​នាំ​ចិត្តហ៊ាន​ប្រព្រឹត្ត​រឿង​ធំ​បាន​ដូច ជា​ប្រព្រឹត្ត​អំពើ​អបាយមុខ ល្បែង​ពា​លា លួច ឆក់​ប្លន់ លេងស្រី ផឹកស្រា និង​សេពគប់​បាបមិត្ត​ពេញបន្ទុក ទីបំផុត​គ្មាន​ឡើយ​សេចក្តីចម្រើន…

តាម​ធម្មតា​មនុស្ស​យើង​ពី​ដំបូង​ធ្វើអំពើ​អាក្រក់​កតួច​តាច​ទេ លុះ​យូរ​ៗ​ទៅ​អាច​នឹង​នាំ​ចិត្តហ៊ាន​ប្រព្រឹត្ត​រឿង​ធំ​បាន​ដូច ជា​ប្រព្រឹត្ត​អំពើ​អបាយមុខ ល្បែង​ពា​លា លួច ឆក់​ប្លន់ លេងស្រី ផឹកស្រា និង​សេពគប់​បាបមិត្ត​ពេញបន្ទុក ទីបំផុត​គ្មាន​ឡើយ​សេចក្តីចម្រើន នឹង​ដល់​នូវ​សេចក្តី​វិនាស​អន្តរាយ​ជាក់​ជា​មិន​ខាន ។

ព្រោះ​ឃើញ​នូវ​សេចក្តី​ទុក្ខ​របស់​សត្វលោក​មាន​សភាព​បែប​នេះ​ហើយ ព្រះ​មាន​ព្រះ​ភាគ​ទ្រង់​សម្តែង​ឱ្យ​សត្វលោក​ស្គាល់​ពី​ការ​អប់រំ​ផ្លូវចិត្ត​ឱ្យ​វៀរចាក​ការ​កាប់សម្លាប់ លួច​ឆក់​ប្លន់​ជា​ហេតុ​នាំ​ឱ្យ​បង្ក​ភាព​វឹកវរ​ក្នុង​សង្គម​ដែល​សុទ្ធតែ​ជា​អំពើអាក្រក់ ដូច្នេះ​ដើម្បី​ឱ្យ​មនុស្ស​ម្នាក់​ៗ​ទទួល​បាន​សុខសួស្តី​ដូច​បំណង ចាំបាច់​ទាល់តែ​ទាំងអស់​គ្នា​ចៀសវាង​ពី​អំពើ​បាប​អកុសល​នានា ។

អំពើអាក្រក់​បាន​បំផ្លាញ​នូវ​ប្រយោជន៍​ខ្លួនឯង​ផង និង​ប្រយោជន៍​អ្នក​ដទៃ​ផង ដូច្នេះ​ជន​គ្រប់​រូប​គួរ​រៀន​លះបង់ រៀន​វៀរ​ចេញ​ឱ្យ​ឆ្ងាយ​ដើម្បី​សេចក្តីសុខ​ខ្លួនឯង និង​សង្គម​ជាតិ​ក៏​ស្ងប់ស្ងាត់​រស់នៅ​ដោយ​សុខសួស្តី ។

ដោយហេតុ​ថា ការ​សាង​ល្អ​ក្នុង​កាល​មុន ក្នុង​ជាតិ​មុន​ជា​សញ្ញា​រៀបចំ​ជីវិត​ឱ្យ​កើតមក​ក្នុង​កំណើត​ជា​មនុស្ស​នេះ វា​ជាដើម​ទុន​មួយ​យ៉ាង​សំខាន់​សម្រាប់​មនុស្សលោក​រើបម្រះ​ចេញពី​ពិភព​ខ្មៅ​ងងឹត​នៃ​កម្ម​ពៀរ​វេរា ។ អំពើអាក្រក់ ការ​ព្យាបាទ បៀតបៀន អមនុស្សធម៌ វា​ជា​អន្លង់​ភក់​នៃ​បាប​បុគ្គល​តែ​ប៉ុណ្ណោះ វា​ជា​ការ​បម្រើ​កិលេស​ពិត​ៗ និង​វា​ជា​ការងារ​ដ៏​ថោកទាប​សៅហ្មង​សម្រាប់​កំណើត​របស់​ខ្លួន ។

មនុស្ស​កើតឡើង​ដោយ​បុណ្យ​កុសល​អំពី​ជាតិ​មុន​មាន​តម្លៃ​ស្មើគ្នា​នឹង​ព្រហ្មចរិយធម៌ ព្រោះ​មនុស្ស​អាច​ប្រព្រឹត្ត​ព្រហ្ម​ចរិយធម៌​បាន មិន​ត្រូវ​បណ្តោយ​ប្រាណ​ដោយ​ក្តី​ប្រមាទ​ឱ្យ​មានការ​លង់​លិច​ក្នុង​អន្លង់​ខ្មៅ​ងងឹត ធ្វើ​ជីវិត​ឱ្យ​ថោកទាប​នោះ​ឡើយ អ្នកប្រាជ្ញ​បាន​ពោល​ថា ជីវិត​នេះ​មាន​ប្រមាណ​តិច​ណាស់ ខ្លី​ណាស់ ។

ជីវិត​នេះ​ជា​របស់​ខ្ចី​គេ ដូច្នេះ​ក្នុង​មួយ​កំណើត​មនុស្ស​នេះ មាន​ភារកិច្ច​ប្រព្រឹត្ត​ព្រហ្មចរិយធម៌ រួច​ហើយ​ត្រូវ​សង​ជីវិត​នេះ​ឱ្យទៅ​ម្ចាស់​របស់​គេ​គឺ ជរា មរណៈ មិន​អាច​គេច​ផុត ចៀស​រួច​បាន​ឡើយ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ