ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សត្វ​ខ្ទីង​កំសត់​ ជាប់អន្ទាក់​ព្រានព្រៃ ដាច់​ជើង​រហូត​ងាប់ នៅ​ម្តុំ​ភ្នំ​ខ្នង​វាល

2 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ ក្រុម​អ្នក​ធ្វើ​ដំណើរ​ផ្សងព្រេង កាលពី​ថ្ងៃ​ទី​១៧ មិថុនា ២០២១​នេះ បាន​ធ្វើ​ដំណើរ​ចម្ងាយ​៦០​គីឡូ ពី​ចំណុច​ភ្នំ​ខ្នង​វាល នៃ​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ ខេ​ត្តកំពង់​ស្ពឺ…

ខេត្តកំពង់ស្ពឺ ៖ ក្រុម​អ្នក​ធ្វើ​ដំណើរ​ផ្សងព្រេង កាលពី​ថ្ងៃ​ទី​១៧ មិថុនា ២០២១​នេះ បាន​ធ្វើ​ដំណើរ​ចម្ងាយ​៦០​គីឡូ ពី​ចំណុច​ភ្នំ​ខ្នង​វាល នៃ​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ ខេ​ត្តកំពង់​ស្ពឺ បាន​ប្រទះ​ឃើញ​សត្វ​ខ្ទីង​មួយ​ក្បាល ដំបូង​ឡើយ ក្រុម​ដើរ​ផ្សងព្រេង ឃើញ​ភ្លាម​ពិតជា​រំភើប​ខ្លាំង​ណាស់ នៅ​ពេល​ឃើញ​សត្វ​ខ្ទីង​នោះ​នៅ​ខាង​មុខ​! ពេល​ដែល​ខំ​ដើរ​យ៉ាង​លឿន ព្រោះតែ​ចង់​ឃើញ​វា
ស្រាប់តែ​ទៅ​ដល់ អារម្មណ៍​រំភើប​របស់​ក្រុម​ដើរ​ផ្សងព្រេង ប្រែជា​ខូចចិត្ត​យ៉ាង​ខ្លាំង ដោយ​សភាព​នៃ​សត្វ​ខ្ទីង​នោះ បាន​ជាន់​អន្ទាក់​ព្រានព្រៃ​ជាប់​រហូត​ដាច់​ជើង​មួយ​កំណាត់​មុខ ជា​ហេតុ​ធ្វើ​អោយ​វា មិន​អាច​ដើរទៅ​ណា​បាន ខ្លួនប្រាណ​វា​ស្គម គួរ​អោ​យស​ង្វែ​គ ។

សត្វ​ខ្ទីង​ស្ថិត​ក្នុង​ប្រភេទ​មាន​ដោយ​កម្រ ភ្លាម​ៗ​នោះ​ដែរ អ្វី​ដែល​ពួក​គេ​អាច​ជួយ​បាន​នោះ គឺ​បាន​រាយការណ៍​ទៅ​កាន់​អង្គការ អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ​កម្ពុជា (WAC) ដើម្បី​មក​សង្គ្រោះ​សត្វ​ខ្ទីង​កំសត់​មួយ​ក្បាល​នេះ ។

ក្រោយ​ពី​ទទួល​បាន​ដំណឹង​នេះ ក្រុម​មន្ត្រី​នៃ​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ​កម្ពុជា Wildlife Alliance បាន​ជិះ​ឧទ្ធម្ភាគចក្រ មក​ជួយ​សង្គ្រោះ ប៉ុន្តែ​វា​ហួសពេល​ទៅ​ហើយ សត្វ​ខ្ទីង​ញី​មួយ​ក្បាល​នេះ បាន​ងាប់​បាត់​ទៅ​ហើយ នេះ​បើ​យោង​តាម​ហ្វេ​ស​ប៊ុ​ក​ផេ​ក Solo Landscapes បង្ហោះ​សារ​នៅ​ថ្ងៃ​ទី​២១ មិថុនា​នេះ ។

ក្រុម​អ្នក​ធ្វើ​ដំណើរ​ផ្សងព្រេង សូម​អរគុណ​ដល់​អង្គការ Wildlife Alliance និង​សូម​អង្វរ​ដល់​ព្រានព្រៃ​ទាំងឡាយ មេត្តា​បញ្ឈប់​ការ​ជួញដូរ ពិសេស​អ្នក​ចូល​ចិត្ត​បរិភោគ​សត្វព្រៃ​ទៀត​ទៅ សត្វ​ខ្ទីង​ញី ដ៏​កំសត់​នេះ ទឹកមុខ​វា​បង្កប់​នូវ​ភាព​ឈឺចាប់ និង​ភ័យ​ខ្លាច ពេល​ដែល​ពួក​យើង​ឃើញ​ផ្ទាល់ សូម​ឯង​ទៅ​អោយ​បាន​សុខ ។

សត្វ​ខ្ទីង ជា​ប្រភេទ​សត្វ​ព្រៃធំ​មួយ​ប្រភេទ​ដែល​មាន​តម្លៃ​កាត់ថ្លៃ​មិន​បាន ហើយ​អ្វី​ដែល​ជា​ការ​ព្រួយបារម្ភ​នោះ គឺ​ការ​រស់នៅ​ក្នុង​ធម្មជាតិ​កំពុង​ប្រឈម​នឹង​បញ្ហា​ជា​ច្រើន ពិសេស​គឺ​ការ​រេចរឹល​នៃ​តំបន់​ព្រៃ​ភ្នំ​ដែល​ចេះ​តែ​រួញ​តូច​ទៅ​ៗ ។ មួយវិញទៀត ដោយសារ​សត្វ​នេះ​មាន​តម្លៃ ពួក​ព្រានព្រៃ​តែង​តាម​ប្រមាញ់​ដោយ​ប្រើប្រាស់​កាំភ្លើង​តែ​ម្តង ដែល​ពី​សម័យ​ដើម​មុន​សង្គ្រាម ព្រានព្រៃ​មាន​តែ​ស្នា​មិន​អាច​ប្រមាញ់​បាន​សត្វ​ធំ​ៗ​បែប​នេះ​ទេ ។

ខ្ទីង​មាន​មាឌធំ ខ្លួន​ខ្មៅ បូក​ក្រាស់​លាតសន្ធឹង​រហូត​ដល់​ស្ទើរ​ពាក់កណ្តាល​ខ្នង ចំណែក​.​ក​ខ្លី​បន្តិច រាង​មាំ ដោយ​មាន​បូក​នៅ​ផ្នែក​ខាងក្រោម ។ ជើង​ទាំង​បួន​ចាប់ពី​ជង្គង់​ចុះ​ក្រោម​ពណ៌​ប្រផេះ ។ នៅ​លើ​ថ្ងាស មាន​រោម​វែង​ពណ៌​ប្រផេះ ឬ​ពណ៌​លឿង​មាស​ស្រាល ។ កូន​របស់​វា​មាន​ពណ៌​ត្នោត រហូត​ដល់​វា​មាន​អាយុ​ពី​៤​ទៅ​៥​ខែ ទើប​ក្លាយទៅជា​ពណ៌​ខ្មៅ ។ ខ្ទីង​ញី​មាន​មាឌ និង​ស្នែង​តូច​ជាង​ខ្ទីង​ឈ្មោល ហើយ​ពុំ​សូវ​មាន​បូក និង​បួរ​ដូច​ខ្ទីង​ឈ្មោល​ទេ ។

ប្រជាជន​ដែល​រស់នៅ​តាម​តំបន់​ព្រៃ​ភ្នំ ច្រើន​ហៅ​ឈ្មោះ​សត្វ​នេះ​ថា «​ខ្ទីង​ភ្នំ​» ។ ស្នែង​ខ្ទីង​មាន​រាង​សំប៉ែត​ជាង​ស្នែងទន្សោង ហើយ​ដុះ​មក​ពណ៌​ប្រផេះ​ខៀវ ផ្នែក​គល់​ដុះ​ចេញ​ក្រៅ​រួច​កោង​ឡើង​ទៅ​លើ​ដូច​ទន្សោង​ដែរ ។ ខ្ទីង​មាន​ទម្ងន់​ពី​៥០០​ទៅ​១,០០០​គីឡូក្រាម ។ ខ្ទីង​ឈ្មោល​ពេញវ័យ​មាន​កម្ពស់​១,៨៥​ម៉ែត្រ និង​ញី ១,៦០​ម៉ែត្រ ។ ខ្ទីង​ឈ្មោល​មាន​កម្ពស់​ខ្ពស់​បំផុត​រហូត​ដល់​២​ម៉ែត្រ ។

សត្វ​ខ្ទីង អាច​រស់នៅ​បាន​ពី​តំបន់​ទំនាប​រហូត​ដល់​រយៈកម្ពស់​២,០០០​ម៉ែត្រ (​តំបន់​ខ្ពង់រាប និង​ជួរ​ភ្នំក្រវាញ​) ។ ខ្ទីង​រស់នៅ​ក្នុង​ព្រៃស្រោង ព្រៃ​ល្បោះ វាលស្មៅ និង​អាច​រស់នៅ​រយៈកម្ពស់​ខ្ពស់​ជាង​ទន្សោង ។ ជា​ធម្មតា ខ្ទីង​ចេញ​រកស៊ី​នៅ​ពេល​ព្រឹក និង​ពេល​ល្ងាច ។ វា​ចូល​ចិត្ត​រស់នៅ​ជា​ហ្វូង ។ អាហារ​របស់​វា គឺ​ល្បាស់​ខ្ចី ទំពាំង ស្មៅ និង​វល្លិ​ជាដើម ។ ខ្ទីង​ញី​អាច​បង្កើតកូន​បាន​១​បន្ទាប់​ពី​ពពោះ​រយៈពេល​៩​ខែ ។

ខ្ទីង ជា​សត្វ​មួយ​ប្រភេទ​ដែល​ទទួល​រង​នូវ​ការ​គំរាមកំហែង​យ៉ាង​ខ្លាំង ហើយ​ចំនួន​របស់​វា​មានការ​ថយ​ចុះ​គួរ​ឲ្យ​ព្រួយបារម្ភ ។ ខ្ទីង​រស់នៅ​ក្នុង​តំបន់​មួយ​ចំនួន​ដូច​ជា ភូមិភាគ​ឦសាន ភូមិភាគ​ខាងជើង ខេត្តកោះកុង ខេត្តពោធិ៍សាត់ (​ជួរ​ភ្នំក្រវាញ​) និង​ខេត្តកំពង់ស្ពឺ​ជាដើម ។

បច្ចុប្បន្ន ខ្ទីង​ស្ថិត​ក្នុង​ក្រុម​ប្រភេទ​សត្វ​មាន​ដោយ​កម្រ មាន​ដង់ស៊ីតេ​រស់នៅ​កម្រិត​ទាប ។​គេ​កម្រ​ឃើញ​វា​រស់នៅ​តាម​វាលទំនាប​ណាស់​ព្រោះ​សត្វ​នេះ​មិន​ចូល​ចិត្ត​កម្តៅថ្ងៃ​យូរ​ពេក​ទេ ។ សត្វ​ខ្ទីង កំពុង​ប្រឈម​មុខ​នឹង​ការ​រងគ្រោះថ្នាក់​ដោយសារ​ការ​បាត់បង់​ទីជម្រក​រស់នៅ ការ​បរបាញ់​ដើម្បី​យក​សាច់ ស្នែង ឆ្អឹង និង​ការ​ជួញដូរ​។ ខ្ទីង​ប្រភេទ​នេះ ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​ក្រហម IUCN (VU) ថា ជា​ប្រភេទ​ងាយ​រងគ្រោះថ្នាក់​ជា​សាកល ។ សត្វ​ខ្ទីង ស្ថិត​នៅ​ក្នុង​ឧ​ប​សម្ព័ន្ធ​ទី​១ នៃ​អនុសញ្ញា​សាយ​តេស ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ