ខេត្តកណ្តាល ៖ អុជធូបទៀនសែនព្រះខែនៅលើផ្ទះពេលយប់ភ្លេចខ្លួន រួចទៅដេកលង់លក់ក្នុងដំណេក អគ្គិភ័យកើតឡើងបណ្តាលឱ្យឆេះផ្ទះអស់៣ខ្នង ដែលករណីនេះបានកើតឡើងនៅកន្លែង២ផ្សេងគ្នា ស្ថិតនៅក្នុងឃុំគគីរធំ ស្រុកកៀនស្វាយ ។
ផ្ទះទាំង៣ខ្នងដែលភ្លើងលេបត្របាក់ខាងលើនេះ មានផ្ទះឈើ២ខ្នងជាប់គ្នាត្រូវអគ្គិភ័យបំផ្លាញកាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី២៥ វិច្ឆិកា ស្ថិតនៅក្នុងភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ដែលម្ចាស់ផ្ទះទី១ស្ត្រីជាប្រពន្ធឈ្មោះ អ៊ុក ស្រស់ អាយុ៤៥ឆ្នាំ និងប្តីឈ្មោះ អេង ធា អាយុ៤៨ឆ្នាំ និងមានកូន៥នាក់ ផ្ទះទំហំ៥,២ម៉ែត្រគុណ៨ម៉ែត្រ ប្រក់ស័ង្កសី ឆេះអស់១០០% និងទ្រព្យសម្បត្តិដែលខូចខាតមាន មាស១តម្លឹង៣ជី ប្រាក់អាមេរិក២.៨៤០ដុល្លារ ប្រាក់ខ្មែរ៤លានរៀល ម៉ូតូសង់កូរ៉េ១គ្រឿង ម៉ាស៊ីនបូមទឹក២ ទូរស័ព្ទ២ គ្រែដេក២ ទូរទស្សន៍១ និងសម្ភារមួយចំនួន ។
និងម្ចាស់ផ្ទះទី២ ស្ត្រីជាប្រពន្ធឈ្មោះ សុន ថាវី អាយុ៣៤ឆ្នាំ ប្តីឈ្មោះ ចឹក ប៊ុនថេង អាយុ៣៧ឆ្នាំ និងមានកូន៣នាក់នៅជាមួយជីតា ហើយទាំង២នាក់ប្តីប្រពន្ធមិននៅផ្ទះទេ ទៅធ្វើការនៅប្រទេសថៃ ផ្ទះមានទំហំ៥ម៉ែត្រគុណ៨ម៉ែត្រ ប្រក់ស៊ីហ្វូស៊ីម៉ងត៍ ឆេះអស់១០០% និងទ្រព្យសម្បត្តិដែលត្រូវភ្លើងបំផ្លាញ មាន សៀវភៅគ្រួសារ គ្រែដេក៣ ម៉ាស៊ីនបូមទឹក១ សម្លៀកបំពាក់ និងសម្ភារមួយចំនួនទៀត ។
មូលហេតុដែលបណ្តាលឱ្យភ្លើងឆេះផ្ទះទាំង២ខាងលើនេះ គឺដំបូងឆេះចេញពីផ្ទះឈ្មោះ សុន ថាវី ដោយសារអុជធូបទៀនសែនព្រះខែនៅយប់កើតហេតុ ។
ដោយឡែក ផ្ទះទី៣ឈើលើថ្មក្រោម ទំហំ៥ម៉ែត្រគុណ៨ម៉ែត្រ ប្រក់ស័ង្កសី ត្រូវអគ្គិភ័យបំផ្លាញកាលពីវេលាម៉ោង១១និង១០នាទីយប់ថ្ងៃទី២៥ វិច្ឆិកា ស្ថិតនៅក្នុងភូមិកោះតេជោ ឃុំគគីរធំ ស្រុកកៀនស្វាយ ដោយសារការអុជធូបទៀនសែនព្រះខែដូចគ្នា ផ្ទះមួយខ្នងនេះឆេះអស់១០០% ដែលមានម្ចាស់ឈ្មោះ ឌឿក ឌីម៉ង់ អាយុ៤៩ឆ្នាំ និងប្រពន្ធឈ្មោះ ដួង សាវ៉ាត ។ ទ្រព្យសម្បត្តិដែលខូចខាត មាន ប្រេងសាំង២ប៊ីដុង កង់២គ្រឿង គ្រែដេក២ មាស១តម្លឹង ប្រាក់អាមេរិក៥០ដុល្លារ និងអីវ៉ាន់គ្រឿងទេស សម្លៀកបំពាក់ និងសម្ភារមួយចំនួនធំ ៕
ចែករំលែកព័តមាននេះ