ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុះរើ​ខ្ទេច​ផ្ទះទឹកបែ​ចិញ្ចឹម​ត្រី​​វៀតណាម​នៅ​ជ្រោយចង្វារ នៅ​សល់​រោង៣០​ខ្នង​ និង​ស៊ូ​រ៉ាវ​១​ជនជាតិ​អ៊ី​ស្លា​ម​សុំ​ទុក​ពេល​៣​ថ្ងៃ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ផ្ទះទឹក​បែ​ចិញ្ចឹម​ត្រី ផ្ទះ​តូច​ៗ និង​សំណង់​មិន​រៀបរយ​នៅ​លើ​ផ្ទៃ​ទឹកទន្លេ​សាប ព្រមទាំង​ច្រាំង​ទន្លេ មេគង្គ​នៅ​ក្បាលជ្រោយ​ចង្វារ ក្នុង​មូលដ្ឋាន​ខណ្ឌ​ជ្រោយចង្វារ ត្រូវ​បាន​រដ្ឋបាល​ខណ្ឌ​ប្រើ​កម្លាំង​រុះរើ​ខ្ទេច​អស់ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ…

រាជធានី​ភ្នំពេញ ៖ ផ្ទះទឹក​បែ​ចិញ្ចឹម​ត្រី ផ្ទះ​តូច​ៗ និង​សំណង់​មិន​រៀបរយ​នៅ​លើ​ផ្ទៃ​ទឹកទន្លេ​សាប ព្រមទាំង​ច្រាំង​ទន្លេ មេគង្គ​នៅ​ក្បាលជ្រោយ​ចង្វារ ក្នុង​មូលដ្ឋាន​ខណ្ឌ​ជ្រោយចង្វារ ត្រូវ​បាន​រដ្ឋបាល​ខណ្ឌ​ប្រើ​កម្លាំង​រុះរើ​ខ្ទេច​អស់ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ គី​នៅ​សល់ តែ​រោង​ដេកចាំ​ទូក​នេសាទ និង​ស៊ូ​រ៉ាវ​មួយ​របស់​ជនជាតិ​អ៊ី​ស្លា​ម​នៅ​ក្បាលជ្រោយ​ចង្វារ ត្រូវ​បាន​ម្ចាស់​ធ្វើ​កិច្ចសន្យា​រុះរើ​ដោយ​ខ្លួន ដោយ​ទុក​រយៈពេល​៣​ថ្ងៃ យ៉ាង​យូរថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០២១​នេះ ។

នេះ​ជា​ជោគជ័យ​មួយ​ដែល​ទទួល​បាន​នូវ​ការ​គាំទ្រ​ពី​មហាជន ក្រោម​ការ​ដឹកនាំ និង​បញ្ជា​ផ្ទាល់​ក្នុង​ការ​អនុវត្ត​វិធានការ​រដ្ឋបាល នេះ​ពី​សំណាក់​លោក ឃ្លាំង ហួត ជំនួយការ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​អភិបាល​ខណ្ឌ​ជ្រោយចង្វារ ។

តាម​ព័ត៌មាន​អោយ​ដឹង​ថា នៅ​ក្នុង​មូលដ្ឋាន​ខណ្ឌ​ជ្រោយចង្វារ​មាន​បែ​ចិញ្ចឹម​ត្រី ផ្ទះ​បណ្តែត​ទឹក ផ្ទះ​ទូក​តូច​ៗ និង​សំណង់​មិន​រៀបរយ​នៅ​លើ​ផ្ទៃ​ទន្លេសាប​ចំនួន​១០៨​ខ្នង និង​ពីរ​រោង​ស្នាក់​នៅ​ច្រាំង​ទន្លេ របស់​ជនជាតិ​អ៊ី​ស្លា​ម​នៅ​ក្បាលជ្រោយ​ចង្វារ​ចំនួន​៧៤​ខ្នង សរុប​ទាំងអស់​ចំនួន​១៨២​ខ្នង ។

បន្ទាប់​ពី​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​រដ្ឋបាល​ខណ្ឌ​ជូនដំណឹង​អោយ​រុះរើ​ដោយ​ទុក​រយៈពេល​១​ស​ប្តា​ហ៍ គិត​ចាប់ពី​ថ្ងៃ​ទី​២ ខែមិថុនា ឆ្នាំ​២០២១ ដល់​ថ្ងៃ​ផុ​ន​ឱសានវាទ អាជ្ញាធរ​ខណ្ឌ​ជ្រោយចង្វារ ដឹកនាំ​ដោយ​លោក ឃ្លាំង ហួត ជំនួយការ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​អភិបាល​ខណ្ឌ​ជ្រោយចង្វារ​បាន​ប្រើ​កម្លាំង អនុវត្ត​វិធានការ​រ​ដ្ឋា​បាល​ចុះ​រុះរើ នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០២១ ។

តាម​ព័ត៌មាន​អោយ​ដឹង​ថា នៅ​ក្នុង​ការ​អនុវត្ត​វិធានការ​រដ្ឋបាល​នេះ អាជ្ញាធរ​បាន​ណែនាំ​អោយ​ម្ចាស់ផ្ទះ​បណ្តែត​ទឹក បែ​ត្រី​ចិញ្ចឹម​ចំនួន ១០៨​ខ្នង ក្នុង​នោះ​រុះរើ​ដោយ​ខ្លួនឯង​បាន​២៧​ខ្នង​,​កំពុង​រុះរើ​បាន​ចំនួន​៥៤​ខ្នង ,​មិន​ទាន់​រុះរើ​០៨​ទីតាំង និង​ផ្ទះទឹក​បែ​ត្រី​១៩​បែ​ត្រូវ​បាន​ម្ចាស់​អូស​ចេញពី​ក្នុង​មូលដ្ឋាន​ខណ្ឌ ។

លុះ​ក្រោយមក​រហូត​មក​ដល់​ថ្ងៃ​ទី​១៨ ខែមិថុនា ផ្ទះទឹក​ដែល​នៅ​សល់​ទាំងនោះ​បាន​បន្ត​រុះរើ​ទាំងអស់​ចេញ​ពីលើ​ផ្ទះទឹក​ក្នុង​មូលដ្ឋាន​ខណ្ឌ​ជ្រោយចង្វារ ។

ដោយឡែក ចំណែក​រោង​ស្នាក់​នៅ​នេសាទ​ចំនួន​៧៤​រោង នៅ​ក្នុងភូមិ​១​ក្បាល ជ្រោយចង្វារ​ខាងកើត​សណ្ឋាគារ​សុខា​ក្នុង​សង្កាត់​ជ្រោយចង្វារ កំពុង​តែ​រុះរើ​ចេញ​បណ្តើរ​ៗ​អស់​មួយ​ចំនួន​ធំ​នៅ​សល់​តែ​ចំនួន​៣០​ខ្នង និង​ស៊ូ​រ៉ាវ​មួយ​ខ្នង​តែ​ប៉ុណ្ណោះ ហើយ​ត្រូវ​បាន​ម្ចាស់​ធ្វើ​សន្យា​រុះរើ​ដោយ​ខ្លួនឯង ។

តាម​ព័ត៌មាន​អោយ​ដឹង​ថា រោង​ដែល​នៅ​សល់ និង​ស៊ូ​រ៉ាវ​មួយ​ត្រូវ​បាន​អាជ្ញាធរ ខណ្ឌ​ជ្រោយចង្វារ​ដឹកនាំ​ដោយ​លោក ហ៊ុយ សា​រុណ​អភិបាលរង និង​លោក​កៅ សា​រ៉ា​វុ​ធ អភិបាលរង​ខណ្ឌ​ជ្រោយចង្វារ​ក៏​បាន​ចុះ​ទៅ​ធ្វើ​កិច្ចសន្យា​រុះរើ កាលពី​វេលា​ព្រឹក ថ្ងៃ​ទី​១៧ ខែមិថុនា នៅ​ក្នុង​ឱកាស​នោះ​មានការ​ចូលរួម​ពី​លោក ណូ ម៉ាត់​សាត សមាជិក​គណៈ​ដឹកនាំ​ជាន់ខ្ពស់​នៃ​សាសនា​អ៊ី​ស្លា​ម​កម្ពុជា និង លោក អ៊ី យូ​តំណាង សមាគម​ខ្មែរ​អ៊ី​ស្លា​ម​ផង​ដែរ ។

នៅ​ក្នុង​កំណត់ហេតុ​បានអោយ​ដឹង​ថា នៅ​ពេល​ដែល​ក្រុមការងារ​បាន​ចុះ​មក​ធ្វើការ​ប្រុង​រុះរើ​ប្រភេទ​សំណង់​ខាងលើ ដែល​នៅ​សល់​រោង​ចំនួន​៣០ និង​ស៊ូ​រ៉ាវ​មួយ​ដែល​ធ្វើ​ពី​ឈើ​ប្រក់​សង្ក​សី ។ ពេល​នោះ ក្រុមការងារ​បាន​ជួប​ជាមួយ​លោក ណូ ម៉ាត​សាត សមាជិក គណៈ​ដឹកនាំ​អ៊ី​ស្លា​ម​ជាន់ខ្ពស់ នៃ​សាសនា​អ៊ី​ស្លា​ម និង​តំណាង​សហគមន៍​បាន​សុំ​សន្យា​ធ្វើការ​រុះរើ​នូវ​សំណង់​ទាំងអស់ តាម​ចំនួន​រៀបរាប​ខាងលើ​ចេញ​អោយ​អស់ពី​ទីតាំង ក្នុង​រយៈពេល​៣​ថ្ងៃ​ដែល​គិត​ចាប់ពី​ថ្ងៃ​ទី​១៨ ខែមិថុនា ដល់​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០២១​។

បើ​ការ​រុះរើ​មិន​អស់​អាជ្ញាធរ​នឹង​ចុះ​អនុវត្តិ​វិធានការ​រដ្ឋបាល​ដោយ​តំណាង​សហគមន៍ និង​ប្រជាពលរដ្ឋ​ទាំងអស់​មិន​មានការ​ប្រឆាំង​អ្វី​ឡើយ ។

គួរ​បញ្ជាក់​ថា នៅ​ក្នុង​រយៈពេល​អនុវត្ត​វិធានការ​រដ្ឋបាល​រុះរើ​បែ​ចិញ្ចឹម​ត្រី ផ្ទះ​បណ្តែត​ទឹក ផ្ទះ​តូច​ៗ និង​សំណង់​មិន​រៀបរយ​នៅ​លើ​ផ្ទៃ​ទន្លេ​នៅ​ក្នុង​មូលដ្ឋាន​ខណ្ឌ​ជ្រោយចង្វារ​សម្រេច​បាន​ដោយ​ជោគជ័យ​ស្ទើរ​១០០​ភាគរយ ក្នុង​ចំណោម​បែ​ចិញ្ចឹម​ត្រី ផ្ទះ​បណ្តែត​ទឹក ផ្ទះ​តូច​ៗ និង​សំណង់​មិន​រៀបរយ នៅ​លើ​ផ្ទៃ​ទន្លេ និង​នៅ​ច្រាំង​ទន្លេ​ទាំងអស់ ចំនួន​១៨២​ខ្នង មាន​តែ​១៩​បែ បាន​អូស​ចេញ សង្ស័យ​ទៅ​ប្រមូលផ្តុំ​នៅ​ជិត​ព្រំ​ប្រគល់​ស្រុក​ពញាឮ​បណ្តោះអាសន្ន​សិន ក្រៅពី​នោះ​រុះរើ​ខ្ទេច​គ្មាន​សល់​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ