ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេដឹកនាំ​ត្រូវ​សម្តែង​ទឹកមុខ​ទន់ភ្លន់​ជា​និច្ច

2 ឆ្នាំ មុន

នៅ​ក្នុង​សៀវភៅ​ព្រហ្ម​វិហារធម៌​បាន​ពន្យល់​ថា ម​ទ្ទ​វៈ​(​ម៉ាត់ ទៈ វៈ​)​ជា​ធម៌​ដែល​មេដឹកនាំ​ត្រូវ​តែ​មាននៅ​ក្នុង​សន្តាន​ចិត្តជា​និច្ច ។ ម​ទ្ទ​វៈ ជា​សេចក្ដី​រាបសា ទន់ភ្លន់ គឺ​មេដឹកនាំ​ត្រូវ​សម្ដែង​នូវ​ទឹកមុខ​ញញឹម រួសរាយ​រាក់ទាក់​ជា​និច្ច​ចំពោះ​អ្ន​ក​​ក្រោម​បង្គាប់…

នៅ​ក្នុង​សៀវភៅ​ព្រហ្ម​វិហារធម៌​បាន​ពន្យល់​ថា ម​ទ្ទ​វៈ​(​ម៉ាត់ ទៈ វៈ​)​ជា​ធម៌​ដែល​មេដឹកនាំ​ត្រូវ​តែ​មាននៅ​ក្នុង​សន្តាន​ចិត្តជា​និច្ច ។ ម​ទ្ទ​វៈ ជា​សេចក្ដី​រាបសា ទន់ភ្លន់ គឺ​មេដឹកនាំ​ត្រូវ​សម្ដែង​នូវ​ទឹកមុខ​ញញឹម រួសរាយ​រាក់ទាក់​ជា​និច្ច​ចំពោះ​អ្ន​ក​​ក្រោម​បង្គាប់ និង​ប្រជាពលរដ្ឋ​ទូទៅ ទោះជា​នៅ​ពេល​មាន​ឧបសគ្គ​ពិបាក​យ៉ាងណា​ក៏​ដោយ ។ សេចក្ដី​រីករាយ​រប​ស់​មេដឹកនាំ​ជា​ឱសថ អាច​លើកទឹកចិត្ដ​ទាហាន ឬ​អ្នក​ក្រោម​ឱវាទ ឬ​ក៏​ប្រជារាស្ត្រ​ឲ្យ​មាន​ទឹកចិត្ដ​ប្រយុទ្ធ ឬ​មាន​ក្ដី​ស​ង្ឃឹម​ទៅ​មុខជា​និច្ច ។ ហេតុនេះ មេដឹកនាំ​មិន​ត្រូវធ្វើ​មុខ​ស្រពាប់​ស្រពោន មុខក្រញូវ មុខស្អុយ ប្រកាន់ ឫក​ក្រអឺត​ក្រទម ច្រងេងច្រងាង ឆេវឆាវ អាង​ថា​ខ្លួនឯង​អ្នកធំ​មាន​អំណាច ឬ​មេ​គេ​នោះ​ឡើយ ។

មេដឹកនាំ​ត្រូវ​តែ​រាក់ទាក់​ដាក់​អ្នកតូច អ្នក​ក្រោម​បង្គាប់ និង​ប្រជាពលរដ្ឋ​សាមញ្ញ​ជា​និច្ច ។ ត្រូវ​ព្យាយាម​ស្គាល់ឈ្មោះ​អ្នក​ក្រោម​ឱវាទ​ឲ្យ​បាន​អស់ និង​ត្រូវ​ហៅ​ឲ្យ​ចំ​ៗ​ឈ្មោះ​ថា លោក ក ឬ លោក ខ ជាដើម ។ ការ​ហៅ​ចំ​ឈ្មោះ​មាន​ន័យ​ខាង​ចិត្ដសាស្ដ្រ​មួយ​ធំ​ណាស់ ជា​ពិសេស ចំពោះ​អ្នក​ដែល​មាន​ឋានៈ​តូច​ទាប​ជាង ។

ក្រៅពី​នេះ​មេដឹកនាំ​ត្រូវ​ទទួល​នូវ​សេចក្ដី​គោរព​ពី​អ្នកផង ដោយ​ការ​យកចិត្ដទុកដាក់ មិន​ព្រងើយកន្ដើយ ហើយ​ត្រូវ​ដាក់ខ្លួន​ឲ្យ​មាន​លក្ខណៈ​សាមញ្ញ​ជាមួយនឹង​ប្រជាពលរដ្ឋ និង​អ្នក​ក្រោម​បង្គាប់ ។ មិន​ស៊ី​ជោរ អួតអាង ពេល​គេ​សរសើរ មិន​ត្រូវ​អង្គុយ​លើ​ចង្អេរ​លើក​ខ្លួនឯង ហើយ​បន្ដុះបង្អាប់​អ្នក​ដទៃ ពោល​គឺ​មិន​ត្រូវ​និយាយ​ពី​រឿង​ខ្លួនឯង​ថា គ្រាន់បើ​ជាង​អ្នក​ដទៃ ឬ​តាំង​ខ្លួនឯង​ជា​មេដឹកនាំ​របស់​អ្នក​ទាំង​អស់នោះ​ឡើយ ។ ផ្ទុយ​ទៅ​វិញ ត្រូវ​តាំងខ្លួន​ជា​អ្នកបម្រើ​ប្រជាពលរដ្ឋ​ទើប​ប្រសើរ ។

មេដឹកនាំ​ត្រូវ​ហ៊ាន​សារភាព​កំហុស​ដោយ​ការ​ទទួលខុសត្រូវ និង​ដោយ​ទឹកមុខ​ញញឹម​ពេញចិត្ដ​ចំពោះ​អ្វី​ដែល​បាន​ធ្វើ​ខុស ឬ​បាន​ចាត់ការ​ខុស ។ មេដឹកនាំ​ត្រូវ​ទន់ភ្លន់ តែ​មិន​ទន់ជ្រាយ​នោះ​ទេ បើ​ប្រៀបធៀប​ទៅ​នឹង​ដើមឈើ មេដឹកនាំ​ត្រូវធ្វើ​ដូច​ជាដើម​ផ្ចឹក គ្រញូង និង​បេង ជាដើម ដែល​មាន​ភាព​ទន់​ខាងក្រៅ តែ​រឹងប៉ឹង​ខាងក្នុង ។

មេដឹកនាំ​មិន​ត្រូវធ្វើ​ដូច​ដើម​ល្ហុង និង​អំពៅ ដែល​មាន​លក្ខណៈ​រឹង​ក្រៅ តែ​ប្រហោង​ក្នុង​នោះ​ទេ ។ មេដឹកនាំ​ត្រូវ​ចេះ​ស្គាល់​កាលៈទេសៈ និង​ស្ថានការណ៍ តើ​ពេល​ណា​ត្រូវធ្វើ​មេដឹកនាំ​គេ ? ហើយ​ពេល​ណា​ត្រូវធ្វើ​ជា​អ្នក​ក្រោម​បង្គាប់​គេ ? ។ កាន់តែ​មានការ​រួបរួម មានជោគ​ជ័យ​ក្នុង​ការ​ធ្វើ​ឲ្យ​អ្នកផង​រួបរួម​គ្នា​ដើរ​តាម​ខ្លួន អ្នកដឹកនាំ​កាន់តែ​មាន​ភាព​រាបសា​ទន់ភ្លន់​ឱនលំទោន​ចំពោះ​អ្នក​ជុំវិញ​ខ្លួន​ខ្លាំង​ឡើងជា​លំដាប់ ។

ភាពរួស​រាយ រាក់ទាក់​ឱនលំទោន​របស់​អ្នកដឹកនាំ ជាម​ន្ដ​ស្នេ​ហ៌​មួយ​អាច​ធ្វើ​ឲ្យ​គេ​ដើរ​តាម​គោលការណ៍​នានា​របស់​ខ្លួន និង​របស់​អង្គការ​នយោបាយ​ខ្លួន​បាន​យ៉ាង​មាន​ប្រសិទ្ធភាព ។ ដើម្បី​ដឹកនាំ​គេ ត្រូវធ្វើ​ឲ្យ​គេ​ស្រឡាញ់​ជា​មុន ដើម្បី​ឲ្យ​គេ​ស្រឡាញ់ ត្រូវ​ស្រឡាញ់​គេ​ដោយ​ស្មោះស្ម័គ្រ​ជា​មុន ។ តែ​ត្រូវ​ចាំ​ថា ធ្វើ​ជា​អ្នកបម្រើ​ជាតិ ប្រជាពលរដ្ឋ មិនមែន​ជា​អ្នក​ជិះជាន់​សង្កត់សង្កិន​រាស្ដ្រ​តូចតាច​ឡើយ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ