ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទប់​ច្រាំងទន្លេ ប្រវែង ២.០០០ ម៉ែត្រ ធ្វើ​ឲ្យ​លំនៅដ្ឋាន​ប្រមាណ ១.៤០០​ខ្នង​ផ្ទះ បញ្ចៀស​ការរុះរើ​

2 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម​៖ គ្រោះធម្មជាតិ បាក់​ច្រាំងទន្លេ នៅក្នុង​ស្រុក​ចំនួន ២ គឺ​កងមាស និង​ស្រី​សន្ធរ ដែល​ធ្វើឱ្យប៉ះពាល់​ដល់​លំនៅដ្ឋាន​ប្រជាពលរដ្ឋ​ប្រមាណ ១.៤០០​ខ្នង​ផ្ទះ​។ ដោយមាន​ការខិតខំ​ប្រឹង…

ខេត្តកំពង់ចាម​៖ គ្រោះធម្មជាតិ បាក់​ច្រាំងទន្លេ នៅក្នុង​ស្រុក​ចំនួន ២ គឺ​កងមាស និង​ស្រី​សន្ធរ ដែល​ធ្វើឱ្យប៉ះពាល់​ដល់​លំនៅដ្ឋាន​ប្រជាពលរដ្ឋ​ប្រមាណ ១.៤០០​ខ្នង​ផ្ទះ​។ ដោយមាន​ការខិតខំ​ប្រឹង ប្រែង​របស់​អាជ្ញាធរ រួម​និង​ស្ថាប័ន​គ្រប់លំដាប់​ថ្នាក់ បាន​បូម​ខ្សាច់​ទប់​ច្រាំងទន្លេ កុំឱ្យ​បាក់​បន្តទៀត ធ្វើយ៉ាងណា​ឱ្យ​ប្រជាពលរដ្ឋ រស់នៅ​តាម​ដង​ទន្លេ មាន​ភាពកក់ក្តៅ និង​សុវត្ថិភាព​ទាំង​រដូវប្រាំង និង​វស្សា​។​

​លោក អ៊ុ ប៉ុណ្ណា​កា នាយករង​ទីចាត់ការ​ផែនការ និង​វិនិយោគ​ខេត្ត ប្រាប់​ឲ្យ​ដឹងថា ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត អមដំណើរ​ដោយ​សហការី​ជាច្រើន​នាក់ នា​ព្រឹក​ថ្ងៃទី​១៥ មិថុនា ២០២១ បាន​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស​អញ្ជើញ​ចុះ​ពិនិត្យមើល​ការងារ​សាងសង់​ច្រាំងទន្លេ​ចំនួន ៣​កន្លែង ក្នុងនោះ មាន​ឃុំ​កោះអណ្ដែត ឃុំ​ឫស្សីស្រុក ក្នុងស្រុក​ស្រី​សន្ធរ និង​ទីតាំង​មួយកន្លែង​ទៀត នៅ​ឃុំ​សូរគង ស្រុក​កងមាស ដែល​កំពុងដំណើរការ​សាងសង់ ដោយ​ញាប់ដៃ​ញាប់ជើង​
​ធ្វើយ៉ាងណា ឲ្យ​រួចរាល់ មុន​ទឹក​ដំឡើង​មកដល់​។​

​នាយករង​ទីចាត់ការ​ផែនការ និង​វិនិយោគ​ខេត្ត រំលឹក​ឲ្យ​ដឹងថា គ្រោះធម្មជាតិ បាក់​ច្រាំង​ទន្លេមេគង្គ បានកើត​ឡើងជា​បន្តបន្ទាប់ ដោយនៅ​ក្នុងអំឡុង​ឆ្នាំ​២០១៧ គឺ​ច្រាំង​បានចាប់ផ្ដើម​បាក់ ដោយសារតែ​មានការ​ដុះ​ដី​នៅ​កោះ​តូច ទីតាំង​ត្រង់​កណ្ដាលទន្លេ ដែលជា​ហេតុ​ធ្វើ​ឲ្យ​ចរន្តទឹក​ក្នុង​រដូវវស្សា​បាចសាច​បុក​ច្រាំងទន្លេ​នៅក្នុង​ស្រុក​ចំនួន​ពីរ​ខាងលើនេះ ដែលជា​ហេតុ បណ្ដាល​ឲ្យ​បាក់​បន្តិច​ម្ដងៗ​។ លុះ​មកដល់​ឆ្នាំ​២០១៨ ក្នុង​អាណត្តិ​ឯកឧត្តម គួច ចំរើន ជា​អភិបាលខេត្ត បាន​បង្កើត​គណៈកម្មកា​រ​ចម្រុះ ចុះមក​ត្រួតពិនិត្យ និង​វាយតម្លៃ​ពី​ផលប៉ះពាល់ ទៅ​ថ្នាក់លើ ដើម្បី​សុំ​កិច្ច​អន្តរាគមន៍​។ លុះ​មកដល់​អាណត្តិ ឯកឧត្តម អ៊ុន ចាន់​ដា អភិ​បាក​ខេត្ត បាន​អញ្ជើញ​ចុះ​ពិនិត្យ​បន្ថែមទៀត រួច​បានធ្វើ​របាយការណ៍​លាយលក្ខណ៍អក្សរ ជូន​ដល់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា គឺ​សម្ដេច​តេ​ជោ ហ៊ុន សែន​។

ការស្នើសុំ​នេះ ត្រូវបាន​សម្ដេច​តេ​ជោ ឯកភាព និង​ឲ្យ​ក្រុមហ៊ុន​ឯកជន​មួយ ចុះមក​អន្តរាគមន៍ ដោយបាន​រៀបចំ​បាវ​ខ្សាច់ ដើម្បី​ទុប​នៅ​បាត​ច្រាំង ក្នុងនោះ នៅ​ឃុំ​ឫស្សីស្រុក មាន​ប្រវែង ១.០០០​ម៉ែត្រ ដោយ​ដំណើរការ​ស្ថាបនា បាន​ប្រមាណ ២០%​ជាង និង​ឃុំ​កោះអណ្ដែត ប្រវែង ៥០០​ម៉ែត្រ ដោយ​ដំណើរការ​ស្ថាបនា បាន​ប្រមាណ​ជាង ៧០% ចំពោះ​លំនៅដ្ឋាន​របស់​ប្រជាពលរដ្ឋ ដែល​រង​ផលប៉ះពាល់​ប្រមាណ​ជាង ១.០០០​ខ្នង​ផ្ទះ មាន​ទីតាំង​ស្ថិតនៅក្នុង​ឃុំ​ទាំងពីរ​នេះ នៅ​ស្រុក​ស្រី​សន្ធរ​។

បន្ទាប់មក ថ្នាក់ដឹកនាំ​ខេត្ត បាន​អញ្ជើញ​ចុះ​ពិនិត្យ​ទីតាំង​មួយកន្លែង​ទៀត នៅក្នុង​ឃុំ​សូរគង ស្រុក​កងមាស ដែល​ស្ថិតនៅ​ត្រើយម្ខាង​ទន្លេមេគង្គ ប្រឈម​នឹង​ស្រុក​ស្រី​សន្ធរ ដែល​លំនៅដ្ឋាន​ប្រជាពលរដ្ឋ​រស់នៅ​តាម​ដង​ទន្លេ រង​ផលប៉ះពាល់​ប្រមាណ​ជាង ៤០០​ខ្នង​ផ្ទះ ដែល​ទីនោះ​ច្រាំងទន្លេ​មាន​ប្រវែង ៥០០ ម៉ែត្រ រហូតមកដល់​ពេលនេះ ការស្ថាបនា​ទប់​ច្រាំងទន្លេ សម្រេចបាន​ប្រមាណ ៦០% សរុប​ទាំង ៣​កន្លែង ស្មើនឹង ២.០០០​ម៉ែត្រ​។

​លោក អ៊ុ ប៉ុណ្ណា​កា នាយករង​ទីចាត់ការ​ផែនការ និង​វិនិយោគ​ខេត្ត បញ្ជាក់ថា តាមរយៈ​ការ​បូម​ដី ដែល​ដុះ​នៅ​កោះ​តូច កណ្ដាលទន្លេ​នោះ នឹង​ធ្វើឱ្យ​ចរន្តទឹក​ហូរ​ត្រង់​ចុះទៅ​ផ្នែក​ខាងក្រោម និង​លែង​ជា​បញ្ហា​ចោទ​បន្តទៀត​។

តាម​គោល​ការណ៍​របស់​ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត ក្រោយពី​ទីតាំង​ទាំង ៣​ខាងលើ ស្ថាបនា​ទប់​ច្រាំងទន្លេ កុំអោយ​បាក់​រួចរាល់ នឹង​បន្តទៅ​តំបន់​ផ្សេងទៀត សំដៅ​ធ្វើយ៉ាងណា ឲ្យ​លំនៅដ្ឋាន​ប្រជាពលរដ្ឋ រស់នៅ​តាម​ដង​ទន្លេ មាន​ភាពកក់ក្តៅ ដោយ​មិន​បំលាស់​ទី ទៅ​រស់នៅ​កន្លែង​ផ្សេង​។

ក្នុងនាម​អាជ្ញាធរខេត្ត ក៏ដូចជា​ប្រជាពលរដ្ឋ​ទាំងពីរ​ស្រុក លោក​សូម​ថ្លែងអំណរគុណ ចំពោះ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ជួយ​អន្តរាគមន៍ ចាត់​ឲ្យ​មន្ត្រី​ជំនាញ​របស់​ក្រសួង​ធនធានទឹក ចុះមក​សិក្សា ទាន់ពេលវេលា និង​បាន​ទប់​ច្រាំងទន្លេ មិនអោយ​បាក់​បន្តទៀត ហើយក៏​សូមឱ្យ​សម្ដេច​តេ​ជោ និង​ក្រុមគ្រួសារ​បុត្រាបុត្រី ទទួលបាន​នូវ​សុខភាព​ល្អ ដើម្បី​បន្ត​ដឹកនាំ​នាវា​កម្ពុជា​ឆ្ពោះទៅរក​ការរីកចម្រើន​ឥតឈប់ឈរ​៕ ចាន់ ថេត

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ