ខេត្តបាត់ដំបង ៖ អាជ្ញាធរ និងមន្ត្រីខណ្ឌជលផលខេត្តបាត់ដំបង បង្កើនការទប់ស្កាត់ការបំផ្លាញព្រៃលិចទឹក ក្រោមការជំរុញពីលោក ងួន រតនៈ គណអភិបាលខេត្តបាត់ដំបង បានប្រកាសណែនាំមកថា កន្លងមកនេះ រដ្ឋបាលខេត្តបាត់ដំបងបានធ្វើការទប់ស្កាត់ បង្ក្រាប ការទន្ទ្រានដីរដ្ឋ ជាពិសេសដីព្រៃលិចទឹក ដែលមានជនឆ្លៀតឱកាសមួយចំនួន បានរំលោភបំពានយក ហើយរដ្ឋបាលខេត្តក៏បានចេញនូវសេចក្ដីជូនដំណឹង អប់រំផ្សព្វផ្សាយ ដើម្បីធ្វើការហាមឃាត់ប្រជាពលរដ្ឋដែលរំលោភបំពានដីរដ្ឋផងដែរ ។ ហើយរដ្ឋបាលខេត្តបានបង្កើតទីបញ្ជាការស្រាលប្រចាំការ ដើម្បីកំណត់មុខ សញ្ញា ជនល្មើស និងបានកសាងសំណុំរឿងជនល្មើសបញ្ជូនទៅតុលាការមួយចំនួនផងដែរ ។
រាល់ការបង្ក្រាបបទល្មើសទាំងអស់នេះ រដ្ឋបាលខេត្តក៏មានការលំបាក និងជួបបញ្ហាប្រឈមមួយចំនួនទៀត ដោយសារទីតាំងដីព្រៃលិចទឹក និងដែន នេសាទមានទំហំធំ ហើយមន្ដ្រីមានចំនួនតិច ខ្វះខាតធនធានមធ្យោបាយ ថវិកា និងសម្ភារ ក្នុងការចុះទប់ស្កាត់ជាដើម។ លោក ម៉ឹល សុផល អភិបាលស្រុកឯកភ្នំ បានឲ្យដឹងកាលពីថ្ងៃទី១២ មិថុនា ថា លោកតែងតែដឹកនាំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៅមូលដ្ឋានឲ្យយល់ដឹងពីផ្លូវច្បាប់ទាក់ទងនិងព្រៃលិចទឹកនេះ និងបានដឹកនាំ ចុះ បង្ក្រាបនិងកំណត់មុខសញ្ញាមេក្លោងជាច្រើន ដើម្បីរៀបចំបញ្ជូន សំណុំរឿងទៅតុលាការ ។
អាជ្ញាធរស្រុក ឃុំ ភូមិ ក៏បានសហការជាមួយមន្ត្រីជលផល សហគមន៍នេសាទ និងកងកម្លាំង តាមឃ្លាំមើលជាប្រចាំ នៅតំបន់ព្រៃលិចទឹក ដើម្បីការពារមិនឲ្យជនល្មើសរុករានថ្មីៗបន្តទៀត ហើយអាជ្ញាធរខេត្តបាត់ដំបង និងមន្ត្រីជំនាញបានបង្កើនការ យកចិត្តទុកដាក់ដោយសហការជាមួយសហគមន៍នេសាទ កងកម្លាំងនិងងស្ថាប័នពាក់ព័ន្ធ ក្នុងការទប់ស្កាត់ការរុករានព្រៃលិច ទឹកដើម្បីបង្កបង្កើនផល ដែលធ្វើឲ្យប៉ះពាល់ដល់ហ្វូងមច្ឆាជាតិ និងជីវៈចម្រុះ ។
លោក កក អ៊ីឡែន នាយរង ខណ្ឌរដ្ឋបាលជលផលខេត្តបាត់ដំបងបានឲ្យដឹងថា ព្រៃលិចទឹក ដែលក្រុមល្មើស រុករាន ភាគច្រើននៅតំបន់ពីរនិងតំបន់បី ដែលក្រុមជនល្មើសបាន ប្រើល្បិចផ្សេងៗ ដើម្បីរុករានយកដីមកបង្កបង្កើនផល ។ ដោយជនល្មើសខ្លះបានប្រើល្បិចដុតព្រៃ ហើយបានយក ស្រូវទៅព្រួសនៅពេលយប់ដោយបន្លំថាជាដីស្រែចាស់ ខ្លះទៀតបាន ប្រើប្រាស់គ្រឿងចក្ររុករានពីខាងក្នុងដោយទុកព្រៃ នៅសងខាង បន្លំភ្នែកមន្ត្រីជំនាញនិងអាជ្ញាធរជាដើម ។ មន្ត្រីខណ្ឌរដ្ឋបាលជលផលខេត្តបាត់ដំបងបានបញ្ជាក់ថា រយៈកាលចុងក្រោយនេះសកម្មភាពរុករានព្រៃលិចទឹក យកធ្វើស្រែពីសំណាក់ជនខិលខូចនៅតែផុលផុស ដោយប្រើប្រាស់រូបភាពផ្សេងៗ បើទោះបីជា អាជ្ញាធរនិងមន្ត្រីពាក់ព័ន្ធខិតខំប្រឹងប្រែងទប់ស្កាត់យ៉ាង ណាក៏ដោយ។
លោកបន្តទៀតថា តាមតួលេខដែលចុះស្រាវជ្រាវគិតត្រឹមខែកក្កដាឆ្នាំ២០២០ ក្រុមជនល្មើសបាន រុករាននៅស្រុកចំនួនបួន ដែលមាន ភូមិសាស្ត្រជាប់បឹងទន្លេសាប មានស្រុកមោងឫស្សី ស្រុកសង្កែ ស្រុកឯកភ្នំ និង ស្រុកថ្មគោល អស់ព្រៃលិចទឹកចំនួន ១០ ៩៩២ ហិកតា នៅក្នុងតំបន់ពីរនិងតំបន់បី និង ភ្លើងឆេះព្រៃ អស់ចំនួន ជាង៨ពាន់ហិកតា។ លោក កក អ៊ីឡែនបានបញ្ជាក់បន្ថែមទៀតថា ដោយសារតែការរុករានទន្ទ្រានព្រៃលិចទឹកមានសកម្មភាពផុលផុស អាជ្ញាធរខេត្តនិងស្ថាប័នពាក់ព័ន្ធបានយកចិត្តទុកដាក់ក្នុងការបង្ក្រាបនិងទប់ស្កាត់ចំពោះសកម្មភាពនេះយ៉ាងខ្លាំងផងដែរ ។
នៅដើមឆ្នាំ២០២១នេះ បង្ក្រាបបាន១១ករណី ឃាត់ខ្លួនជនល្មើស១៦នាក់ និងគ្រឿងចក្រ៥គ្រឿងព្រមទាំងសម្ភារជាច្រើនទៀតបញ្ជូនទៅកាន់តុលាការចាត់ការតាមច្បាប់ ។ លោកបញ្ជាក់ថាបើគិតតាំងពីឆ្នាំ២០១៥មក មន្ត្រីខណ្ឌរដ្ឋបាលជលផលនិងស្ថាប័នពាក់ព័ន្ធរួមគ្នា ឃាត់ខ្លួនជនល្មើសដែលរុករានទន្ទ្រានព្រៃលិចទឹក បាន៨០ នាក់ និងគ្រឿងចក្រ ព្រមទាំង សម្ភារជាច្រើន បញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមច្បាប់។
ទោះបីយ៉ាងណាមន្ត្រីរដ្ឋបាលជលផលខាងលើបានឲ្យដឹងថា ការបង្ការទប់ស្កាត់ការរុករាន ព្រៃលិចទឹក មានការលំបាកផងដែរដោយសារទំហំព្រៃលិចទឹកនៅខេត្តបាត់ដំបងមានរហូតដល់ជាង២០ម៉ឺនហិកតា ចំណែកមន្ត្រីខណ្ឌរដ្ឋបាលជលផលមានតែជាង២០នាក់ កំពុងធ្វើការលើផ្នែកផ្សេងៗទៀតផងដែរ ដូចជា រដ្ឋបាល, វារីរប្បកម្ម និង ទប់ស្កាត់បទល្មើសជាដើម ។លោកបន្ថែមថាក្រៅពីនោះមន្ត្រីនៅខ្វះខាត មធ្យោបាយ សម្ភារ ថវិកាក្នុងការចុះបង្ក្រាបផងដែរ។
លោកបញ្ជាក់ថាដូច្នេះ ទាមទាឲ្យមានការចូលរួមសហការយ៉ាងសកម្មពី អាជ្ញាធរ កងកម្លាំង ប្រដាប់អាវុធ មន្ត្រីសហគមន៍ និង មន្ត្រីជំនាញពាក់ព័ន្ធផ្សេងទៀត រួមគ្នាទប់ស្កាត់ទាំងអស់គ្នា។ ក្នុងអនុក្រឹត្យរបស់រាជរដ្ឋាភិបាលនៅឆ្នាំ២០១១ បានកំណត់ដីព្រៃលិចទឹកនៅ៦ខេត្តជុំវិញ បឹងទន្លេសាប មានចំនួន ៦៤៧ ៤០៦ហិកតា ដោយឡែកខេត្តបាត់ដំបងមានព្រៃលិចទឹកចំនួន ២០៦ ៩៥៣ហិកតា ។
ចែករំលែកព័តមាននេះ