ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​អ្នកដឹង​ទេ​? បើអ្នកនេសាទ​ប្រើ​ឧបករណ៍​ឆក់​ត្រី វា​អាច​នឹង​ធ្វើ​ឱ្យ​បាត់​និរន្តរភាពសម្រាប់​ការ​នេសាទ​ត្រី​ក្នុង​វាលស្រែ​

2 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ នៅ​ក្នុង​ប្រទេស​កម្ពុជា មាន​ពាក្យ​សុភាសិត​មួយ ដែល​ពិពណ៌នា​អំពី​បាតុភូត គួរ​ឱ្យ​កត់សម្គាល់​មួយ ដោយ​ពោល​ថា​៖ «​ទីណា​មានទឹក ទីនោះ​មាន​ត្រី​»​។ នា​រដូវប្រាំង…

រាជធានីភ្នំពេញ ៖ នៅ​ក្នុង​ប្រទេស​កម្ពុជា មាន​ពាក្យ​សុភាសិត​មួយ ដែល​ពិពណ៌នា​អំពី​បាតុភូត គួរ​ឱ្យ​កត់សម្គាល់​មួយ ដោយ​ពោល​ថា​៖ «​ទីណា​មានទឹក ទីនោះ​មាន​ត្រី​»​។ នា​រដូវប្រាំង វាលស្រែ​ដែល​នៅ​ក្បែរ​ប្រភព​ទឹកនឹង​ប្រែ​រីងស្ងួត​ទាំងស្រុង ហើយ​ជីវិត​ទាំងឡាយ​ក៏​ងាប់​អស់​ដែរ បូ​ករូម​ទាំង​ស្មៅ​ផង​ដែរ​។ ប៉ុន្តែ ពេល​រដូវវស្សា​ចូល​មក​ដល់ បាន​នាំ​ទឹក​មក​ផ្គត់ផ្គង់​ក្នុង​វាលស្រែ ហើយ​អ្វី​ដែល​គួរ​ឱ្យ​ភ្ញាក់ផ្អើល​នោះ គឺ​ត្រី​ក៏​បាន​បង្ហាញខ្លួន​ក្នុង​វាលស្រែ​នោះ​វិញ​ដែរ​។

យោង​តាម​គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ ថ្មី​ៗ​នេះ​បានឱ្យ​ដឹង​ថា រដូវវស្សា ឬ​រដូវភ្លៀង​ធ្លាក់ នៅ​ប្រទេស​កម្ពុជា ចាប់ផ្តើម​ពី​ខែមិថុនា ជា​រៀង​រាល់​ឆ្នាំ​។ ក្នុង​កំឡុង​ពេល​នេះ សកម្មភាព​បង្កបង្កើន​ផល​នៅ​ក្នុង​វាលស្រែ​ក៏​ចាប់ផ្តើម​ដែរ​។ កសិករ​ភ្ជួរ​រាស់​ដី​ដោយ​ប្រើ​ត្រាក់ទ័រ​ខ្នាត​តូច ឬ​ធំ ឬ​ដោយ​គោ​-​ក្របី ដើម្បី​រៀបចំ​ដី​ត្រៀម​សម្រាប់​រដូវ​ដក​ស្ទូង​។ ស្រប​ពេល​ជាមួយ​គ្នា​នោះ កសិករ​ក៏​ប្រមូល​ផល​ត្រី​ក្នុង​វាលស្រែ ដែល​បាន​បង្ហាញខ្លួន​ឡើង ក្រោយ​ពេល​នៅ​ក្នុង​វាលស្រែ​មានទឹក​។

រូបភាព៖ គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ

គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ បាន​បន្ត​ថា​៖ «​កុមារ​ភាគច្រើន រស់នៅ​តាម​ទី​ជនបទ ពួក​គេ​ចេះ​ពី​វិធី​ចាប់​ត្រី​តាម​វាលស្រែ​។ ជា​រឿយ​ៗ អ្នក​អាច​ឃើញ​ពួក​គេ​រីករាយ​នឹង​ចាប់​ត្រី​នេះ ព្រោះ​វា​ជា​សកម្មភាព​មួយ​ដែល​ពួក​គេ​ចូល​ចិត្ត​ក្នុង​វ័យ​កុមារភាព​។ ដូចដែល​បាន​បង្ហាញ​នៅ​ក្នុង​រូបភាព​នេះ កុមារ​ជា​ច្រើន​នាក់ ដើរ​តាម​ក្រោយ​ត្រាក់ទ័រ ដើម្បី​ចាប់​ត្រី​ដែល​ផុស​ចេញពី​ដី​អាចម៍បំណះ​។ កុមារ​ខ្លះ​ប្រើ​ឧបករណ៍​នេសាទ​បែប​ប្រពៃណី​ធ្វើ​ពី​ឫស្សី​ដើម្បី​ចាប់​ត្រី មាន​ដូច​ជា អង្រុត និង​ឈ្នាង​ជាដើម​»​។

ប្រជាជន​កម្ពុជា ភាគច្រើន​ចូល​ចិត្ត​ត្រី​ដែល​នេសាទ​បាន​នៅ​តាម​វាលស្រែ​។ ជា​ធម្មតា ត្រី​ដែល​គេ​ចាប់​បានជា​ទូទៅ​ជា​ប្រភេទ​ត្រី​ខ្មៅ ដែល​មិន​ធ្វើ​ចរាចរ​ផ្លាស់​ទី មាន​ដូច​ជា ត្រី​ផ្ទក់ (Channa striata), ត្រី​ក្រាញ់ (Anabas testudineus) និង​ត្រី​អណ្តែង (Clarias batrachus)​។

ប្រភេទ​សត្វ​រស់នៅ​ក្នុង​ទឹក​ផ្សេង​ៗ ទៀត មាន​ដូច​ជា ក្តាម និង​កង្កែប តាម​វាលស្រែ ក៏​ជា​អាហារ​ចំណូលចិត្ត​សម្រាប់​ប្រជាជន​កម្ពុជា​ដែរ ដែល​ផលិតផល​ជលផល​ដ៏​សំខាន់​មួយ តាំង​យូរណាស់​មក​ហើយ​សម្រាប់​ប្រជាជន​ក្នុងស្រុក​។ សព្វ​ថ្ងៃនេះ ត្រី​ដែល​ចាប់ពី​តាម​វាលស្រែ គឺជា​មុខទំនិញ​ដ៏​ពេញ​និយម និង​ងាយស្រួល​លក់​នៅ​តាម​ទីផ្សារ​ក្នុង​តំបន់​ផង​ដែរ​។

រូបភាព៖ គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ

ប៉ុន្តែ បើ​នេសាទ​ត្រី​នៅ​តាម​វាលស្រែ ដោយ​ប្រើប្រាស់​ឧបករណ៍​ឆក់​ត្រី វា​អាច​នឹង​ធ្វើ​ឱ្យ​បាត់​និរន្តរភាព​សម្រាប់​ការ​នេសាទ​ត្រី​ក្នុង​វាលស្រែ​។ ព្រោះ​ឧបករណ៍​ឆក់​ត្រី វា​ប្រើ​ចរន្តអគ្គិសនី​ដែល​មាន​កម្លាំង​ខ្លាំង បញ្ជូន​ចរន្ត​តាម​រយៈ​ទឹក​ចូល​ទៅ​គ្រប់​ច្រកល្ហក ក្នុង​រង្វង់​អង្កត់​ផ្ទិ​ត ២ ម៉ែត្រ​ឡើង វា​បាន​ធ្វើ​ឱ្យ​ត្រី​ស្រងល់ ឬ​អាច​ឱ្យ​ត្រី​ងាប់​បាន​។ មិនតែប៉ុណ្ណោះ វា​ក៏​អាច​សម្លាប់សត្វ​ផ្សេង​ទៀត ដែល​កប់​ក្នុង​ភក់​ផង​ដែរ​។ ប្រសិនបើ​ឧបករណ៍​ឆក់​ត្រី​នេះ ត្រូវ​បាន​ប្រើ​ក្នុង​រដូវវស្សា ត្រី និង​វារិ​សត្វ​ភាគច្រើន ដែល​រស់នៅ​ក្នុង​ស្រែ នឹង​ងាប់ ដូច្នេះ​អស់ នោះ​មាន​ន័យ​ថា នឹង​មិន​មាន​ត្រី ឬ​វារិ​សត្វ​សម្រាប់​ចាប់​នៅ​ឆ្នាំ​ក្រោយ​ឡើយ​។

គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ សូម​លើកទឹកចិត្ត​កសិករ និង​ប្រជា​នេសាទ​ឱ្យ​ប្រើប្រាស់​តែ​ឧបករណ៍​នេសាទ​តាម​បែប​ប្រពៃណី ដើម្បី​ចាប់​ត្រី​នៅ​តាម​វាលស្រែ ជំនួស​ឱ្យ​ឧបករណ៍​ឆក់ ដើម្បី​រក្សា និង​ការពារ​ធនធាន​ជលផល​តាម​វាលស្រែ​។ សូម​តាមដាន​ជាមួយ​គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ និង​សូម​ជួយ​ចែកចាយ​អត្ថបទ​នេះ ដើម្បី​ជួយ​គ្នា​ក្នុង​ការ​ការពារ​ធនធាន​ជលផល​របស់​យើង សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​៕

រូបភាព៖ គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ

អត្ថបទសរសេរ ដោយ