ខេត្តស្វាយរៀង ៖ នៅរសៀលថ្ងៃទី១៩ វិច្ឆិកា ២០១៥ នេះ ឈ្មោះ សុខ សំអ៊ាន បានបង្ហោះសំបុត្របញ្ជាក់កំណើត តាមប្រព័ន្ធសង្គមហ្វេសប៊ុក (Facebook) ធ្វើឲ្យមហាជនប្រតិកម្មយ៉ាងខ្លាំងចំពោះសំបុត្របញ្ជាក់កំណើតរបស់ឈ្មោះ ញ៉ែម ឈឿន ដោយសរសេរថា កើតនៅថ្ងៃទី១៧ មេសា ១៩៥៨ នៅភូមិតាពៅ ឃុំបាវិត ស្រុកចន្ទ្រា ខេត្តស្វាយរៀង ប្រទេសវៀតណាម ធ្វើនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០០៤ ចុះហត្ថលេខាដោយលោក សាញ់ សាខុន មេឃុំបាវិត បច្ចុប្បន្នចៅសង្កាត់បាវិត ។
ជុំវិញបញ្ហាខាងលើ លោក សេង សិលា អភិបាលក្រុងបាវិត បានបំភ្លឺថា មានអ្នកក្លែងឯកសារធ្វើឲ្យចលាចល ប៉ុន្តែសំបុត្របញ្ជាក់កំណើតរបស់ ឈ្មោះ ញ៉ែម ឈឿ នៅគល់បញ្ជី គឺសរសេរថា នៅប្រទេសកម្ពុជា មិនមែននៅប្រទេសវៀតណាមទេ ។ លោកអភិបាលក្រុងបាវិត បានបន្តថា នេះគឺជាចេតនារបស់សកម្មជនគណបក្សប្រឆាំង ដែលធ្វើឲ្យមានចលាចលដោយ ឈ្មោះ សុខ សំអ៊ាន ភេទប្រុស រស់នៅក្រុងបាវិត ជាអ្នកថតសំបុត្រកំណើតរបស់ឈ្មោះ ញ៉ែម ឈឿន ទើបតែបង្ហោះតាមប្រព័ន្ធសង្គមហ្វេសប៊ុក នៅចន្លោះម៉ោង១ទៅម៉ោង២រសៀលថ្ងៃទី១៩ វិច្ឆិកា ២០១៥ នេះ ។ ហើយនៅក្នុងឯកសារគល់បញ្ជី អ្នកធានា គឺឈ្មោះ នង ឡេង ភេទប្រុស មានតួនាទីជាជំទប់ទី២ ឃុំបាវិត មកពីកូតាគណបក្សសម រង្ស៊ី បើតាមការពិនិត្យនៅលើសំបុត្របញ្ជាក់កំណើតឈ្មោះ ញ៉ែម ឈឿន ឃើញថា មានការក្លែងលេខ១ទៅជាលេខ២ និងខុសលេខរៀង បានន័យថា ពិតជាមានអ្នកលួចសរសេរបន្ថែមដើម្បីបំពុលបរិយាកាសក្នុងសង្គម ដូចនេះ សមត្ថកិច្ចបាននិងកំពុងធ្វើការស៊ើបអង្កេត និងស្រាវជ្រាវរកការពិតឱ្យឃើញ ។
ជុំវិញការលើកឡើងខាងលើនេះ នៅល្ងាចថ្ងៃទី១៩ វិច្ឆិកា ២០១៥ គេហទំព័រកោះសន្តិភាពមិនអាចរកការឆ្លើយតបភ្លាមៗនៅឡើយទេពីមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ក៏ដូចជាគណបក្ស សម រង្ស៊ី ៕
ចែករំលែកព័តមាននេះ