ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ច្រាន​ចោលការ​ផ្សាយ​ព័ត៌មាន​ថា ចិន​គាប​សង្កត់​​កម្ពុជា​​ដើម្បី​ទទួល​ទិន្នន័យ​ក្នុង​ប្រព័ន្ធ​ទប់ស្កាត់​កូ​វី​ដ​១៩

1 ខែ មុន
  • Phnom Penh

ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​របស់​កម្ពុជា បាន​ច្រានចោល​ចំពោះ​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន​អេ​ស៊ា​ន​ថា​ម​ស៍​ថា ចិន​បាន​គាបសង្កត់​កម្ពុជា ដើម្បី​ទទួល​បាន​ទិន្នន័យ​ក្នុង​ប្រព័ន្ធ​ទប់​ស្កា​ង់​កូ​វី​ដ​១៩ ជា​ការ​មិន​ពិត​ទេ​

រាជធានី​ភ្នំពេញ ៖ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​របស់​កម្ពុជា បាន​ច្រានចោល​ចំពោះ​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន​អេ​ស៊ា​ន​ថា​ម​ស៍​ថា ចិន​បាន​គាបសង្កត់​កម្ពុជា ដើម្បី​ទទួល​បាន​ទិន្នន័យ​ក្នុង​ប្រព័ន្ធ​ទប់​ស្កា​ង់​កូ​វី​ដ​១៩ ជា​ការ​មិន​ពិត​ទេ​។

យោង​តាម​សេចក្តី​បំភ្លឺ​របស់​ក្រសួង​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០២១ បាន​ល​លើក​ឡើង​ថា​កាលពី​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០២១ សារព័ត៌មាន​អេ​ស៊ា​ថា​ម​ស៍ (Asia Times) នៅ​ទីក្រុង​ហុងកុង បាន​ផ្សព្វផ្សាយ​ព័ត៌មាន​បំផ្លើស​អំពី​ប្រព័ន្ធ QR Code «​ទប់ស្កាត់​កូ​វី​ដ Stop Covid» ក្រោម​ចំណងជើង​ថា «​ចិន​គាបសង្កត់​កម្ពុជា ដើម្បី​ទទួល​បាន​ទិន្នន័យ​ក្នុង​ប្រព័ន្ធ​ទប់ស្កាត់​កូ​វី​ដ (China squeezes Cambodia for its Covid app data) ដោយ​លើក​ឡើង​ថា រាជរដ្ឋាភិបាល​បាន​ប្រើប្រាស់​ប្រព័ន្ធ​នេះ ដើម្បី​ទាញ​យក​ទិន្ន​ន័យ និង​តាមដាន​ប្រជាពលរដ្ឋ និង​បាន​ប្រឌិត​ថា ឯកអគ្គរដ្ឋទូត​ចិន​បាន​ជួប​មន្ត្រី​កម្ពុជា ដើម្បី​ស្នើ​សុំ​ទិន្នន័យ​ឯកជន​របស់​ប្រជាពលរដ្ឋ​តាម​រយៈ​ប្រព័ន្ធ QR Code ថ្មី​នេះ​។

ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ និង​ក្រសួងសុខាភិបាល សូម​ច្រានចោល​ទាំងស្រុង​នូវ​ការ​ប្រឌិត និង​បំផ្លើស​ព័ត៌មាន​មិន​ពិត​នេះ ដែល​បំពុលសង្គម និង​មតិ​សាធារណៈ ព្រមទាំង​ញុះញង់​ក្នុង​គោលបំណង​រារាំង​ការ​ចូលរួម​របស់​ប្រជាពលរដ្ឋ​ក្នុង​ការ​អនុវត្ត​វិធានការ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។

Picture

ប្រភព​ដដែល​បាន​លើក​ឡើង​ថា ក្រសួង​ទាំង​ពីរ សូម​ប្រកាស​ជម្រាប​ជូន​សាធារណជន​ទាំងអស់​ថា «​ប្រព័ន្ធ QRCode ទប់ស្កាត់​កូ​វី​ដ Stop Covidl» ត្រូវ​បាន​ដាក់​ឱ្យ​ប្រើប្រាស់ បន្ទាប់​ពី​មាន «​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​» ដើម្បី​ចូលរួម​ចំណែក​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ នៅ​កម្ពុជា​។ ប្រព័ន្ធ​នេះ មិនមែន​ត្រូវ​បាន​ប្រើប្រាស់​តែ​នៅ​កម្ពុជា​នោះ​ទេ គឺ​មាន​ប្រើប្រាស់​នៅ​ក្នុង​ប្រទេស​ជា​ច្រើន ក្នុង​តំបន់ និង​ពិភពលោក ក្នុង​ពេល​ជំងឺ​នេះ​កំពុង​រីក​រាលដាល​។

ប្រព័ន្ធ QR Code នេះ កត់ត្រា​លេខ​ទូរស័ព្ទ​តែ​មួយ​គត់ ដោយ​មិន​ប្រមូល​ទិន្នន័យ​ឯកជន​ផ្ទាល់ខ្លួន ឬ​គន្លង​ធ្វើ​ដំណើរ​របស់​អ្នក​ប្រើប្រាស់​នោះ​ទេ​។ ការ​ដាក់​ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ QR Code នេះ មាន​គោលបំណង​ការពារ​សុខភាព​ប្រជាពលរដ្ឋ នៅ​ពេល​មាន​ជំងឺ​រីក​រាលដាល​ជាស​កល ដូច​មាន​ចែង​ក្នុង​មាត្រា​៧២ នៃ​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​មាត្រា​១២ នៃ​កតិកា សញ្ញា​អន្តរ​ជាតិ​ស្តី​ពី​សិទ្ធិ​សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌ (ICESCR) ព្រមទាំង​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត​ជា​ធរមាន​។

ប្រភព​ដដែល​គូសបញ្ជាក់​ថា​៖ «​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​អភិវឌ្ឍ និង​គ្រប់គ្រង​ប្រព័ន្ធ QR Code នេះ ដោយ​ខ្លួនឯង ស្រប​តាម​ស្តង់ដា​បច្ចេកទេស​អន្តរជាតិ​។

ជាក់ស្ដែង ក្រសួង​ស្ថាប័នរដ្ឋ ស្ថានទូត ក្រុមហ៊ុន អង្គការ​ជាតិ និង​អន្តរជាតិ និង​ម្ចាស់​ទីតាំង​នានា បាន​លើកទឹកចិត្ត​ដល់​ប្រជាពលរដ្ឋ និង​បុគ្គលិក​របស់​ខ្លួន​ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ​នេះ ដើម្បី​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ក្នុង​ការ​ការពារ​សុវត្ថិភាព​ផ្ទាល់ខ្លួន សុខុមាលភាព​សាធារណៈ និង​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩»​។

ជាមួយ​គ្នា​នោះ​ដែរ ក្រសួង​ក៏​បាន​លើក​ឡើង​ថា សារព័ត៌មាន Asia Times បាន​ប្រឌិត​ថា ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា បាន​ជួប​ជាមួយ​មន្ត្រី​កម្ពុជា ដើម្បី​ស្នើ​សុំ​ទិន្នន័យ​ឯកជន​របស់​ប្រជាពលរដ្ឋ តាម​រយៈ​ប្រព័ន្ធ QR Code ថ្មី​នេះ​។

ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ និង​ក្រសួងសុខាភិបាល សូម​បដិសេធ​ថា រហូត​មក​ដល់​ពេល​នេះ ក្រសួង​ទាំង​ពីរ​មិន​ធ្លាប់​ជួប ឬ​ទទួល​សំណើសុំ​យក​ទិន្នន័យ​ក្នុង​ប្រព័ន្ធ QR Code ពី​សំណាក់​ឯកឧត្តម​ឯកអគ្គរដ្ឋទូត​ចិន​នោះ​ទេ​។ នេះ​គឺជា​ការ​មួលបង្កាច់ ប្រឌិត​រឿង និង​បំផ្លើសការពិត ទាំងស្រុង​។

ការ​ផ្សព្វផ្សាយ​អត្ថបទ​ព័ត៌មាន​ប្រឌិត​នេះ មាន​គោលបំណង​ប្រែក្លាយ​ការ​ខិតខំ​ប្រឹងប្រែង​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ របស់​រាជរដ្ឋាភិបាល ឱ្យទៅ​ជា​បញ្ហា​នយោបាយ ដើម្បី​តែ​ផល ប្រយោជន៍​របស់​ក្រុម​ខ្លួន ដោយ​ពុំ​គិត​អំពី​អាយុជីវិត និង​ស្ថានភាព​នៃ​ការ​រាតត្បាត​ជំងឺ​កូ​វី​ដ​-១៩ មក​លើ​ប្រជាពលរដ្ឋ​កម្ពុជា និង​ពលរដ្ឋ​បរទេស ដែល​កំពុង​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​។

ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ និង​ក្រសួងសុខាភិបាល ប្រកាស​ច្រានចោល​ទាំងស្រុង​នូវ​ព័ត៌មាន​ប្រឌិត​នេះ និង​សូម​ថ្កោលទោស​ដល់​ជន​មួយ​ចំនួន​ដែល​ប្រឌិត​ព័ត៌មាន​មិន​ពិត​។ ក្រសួង​ទាំង​ពីរ​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​កុំ​ចែកចាយ​ព័ត៌មាន​មិន​ពិត​នេះ និង​សូម​ជឿជាក់​លើ​ការ​ដឹកនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ព្រមទាំង​ចូលរួម​អនុវត្ត​វិធានការ​ទប់ស្កាត់​ការ​ចម្លងជំងឺ​កូ​វី​ដ​-១៩ ឱ្យ​បាន​គ្រប់​គ្នា ដើម្បី​កម្ពុជា​ឆាប់​បាន​បញ្ចប់​នូវ «​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​» ៕