ស្ថានីយ៍​ផលិត​ពូជ​ត្រី​តម្លៃ​១,៧​លាន​ដុល្លារ​នឹង​ជួយ​កម្ពុជា​ក្នុង​ការ​កាត់​បន្ថយ​នាំ​ចូល​ផលិតផល​វារីវប្បកម្ម – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថានីយ៍​ផលិត​ពូជ​ត្រី​តម្លៃ​១,៧​លាន​ដុល្លារ​នឹង​ជួយ​កម្ពុជា​ក្នុង​ការ​កាត់​បន្ថយ​នាំ​ចូល​ផលិតផល​វារីវប្បកម្ម

3 ថ្ងៃ មុន
  • Phnom Penh

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​ជលផល​នៃ​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់​ និង​នេសាទ​បាន​ និង​កំពុង​សាងសង់​ស្ថានីយ៍​ផលិត​កូន​ត្រី​ពូជ​មួយ​កន្លែង​លើ​ផ្ទៃដី​ទំហំ ១០,៤​ហិ​កតា នៅ​ភូមិ​បា​ដើម សង្កាត់​សាម​ឃួ​យ ស្រុក​សេ​សាន ខេត្តស្ទឹងត្រែង…

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​ជលផល​នៃ​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់​ និង​នេសាទ​បាន​ និង​កំពុង​សាងសង់​ស្ថានីយ៍​ផលិត​កូន​ត្រី​ពូជ​មួយ​កន្លែង​លើ​ផ្ទៃដី​ទំហំ ១០,៤​ហិ​កតា នៅ​ភូមិ​បា​ដើម សង្កាត់​សាម​ឃួ​យ ស្រុក​សេ​សាន ខេត្តស្ទឹងត្រែង ក្រោម​គម្រោង​ហិរញ្ញប្បទាន​ធនាគារពិភពលោក (M-IWRMP3-C1) ចំនួន មួយ​លាន​ពីរ​ប្រាំ​សែន​ដុល្លារ​អា​មេ​រិ​ក ។​ គម្រោង​នេះ នឹង​ចូល​រួម​យ៉ាង​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​វារីវប្បកម្ម​កម្ពុជា ហើយ​វា​នឹង​អាច​កាត់​បន្ថយ​បាន​នូវ​ការ​នាំ​ចូល​ផលិតផល​វារីវប្បកម្ម​ពី​បរទេស​មក​ក្នុងស្រុក​ផង​ដែរ ។

Picture

លោក​វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់​ និង​នេសាទ​បាន​សរសេរ​លើ​បណ្ដាញ​សង្គម​របស់​លោក ​នៅ​ថ្ងៃ​ទី​០៩ ​មិថុនា ២០២១​នេះ​ឱ្យ​ដឹង​ថា​ សំណង់​ស្ថានីយ៍​ផលិត​ពូជ​ត្រី​នេះ​ទ្រង់ទ្រាយ​ធំ ដែល​បាន​រៀបចំ​ទៅ​តាម​រចនា​បទ និង​បច្ចេកទេស​ខ្ពស់ បំពាក់​ដោយ​ឧបករណ៍ សម្ភារៈ​បរិក្ខារ​ទំនើប​ៗ​សម្រាប់​ដំណើរការ​។ ស្ថានីយ​នេះ​នឹង​បម្រើ​ដល់​ការ​សិក្សា​ស្រាវជ្រាវ បង្កាត់​ភ្ញាស់ ប្រភេទ​ត្រី​កំពុង​រងគ្រោះថ្នាក់ និង​ផ្គត់ផ្គង់​កូន​ត្រី​ពូជ ដែល​មាន​តម្លៃ​សេដ្ឋកិច្ច ដើម្បី​បំពេញតម្រូវការ​ទីផ្សារ​ក្នុងស្រុក និង​នាំ​ចេញ​។

លោក​បន្ត​ថា ស្ថានីយ៍​នេះ មាន​អគារ​សម្រាប់​ការងារ​ពិសោធន៍​ស្រាវជ្រាវ បណ្ដុះបណ្ដាល ការិយាល័យ បណ្ណាល័យ អគារ​បង្កាត់ ភ្ញាស់ និង​ថែបំប៉ន​កូន​ត្រី​ចំនួន​៦ ព្រមទាំង​អគារ​ស្នាក់​នៅ សម្រាប់​មន្ត្រីរាជការ និស្សិត និង​កម្មករ​។ ក្នុង​ស្ថានីយ៍​នេះ ក៏​បាន​សាងសង់​ឃ្លាំង​ផ្ទុក​សម្ភារ ឃ្លាំង​ស្ដុក​ចំណី រោង​ម៉ាស៊ីនភ្លើង ប្រព័ន្ធ​ផ្លូវ​បេតុង និង បណ្ដាញ​អគ្គិសនី ចំណតរថយន្ត របង​ការពារ រោង​យាម និង​អណ្តូងទឹក​ស្អាត​។

​លោក​បន្ថែម​ថា​ស្ថានីយ៍​ផលិត​កូន​ត្រី​ពូជ​នេះ មាន​ស្រះ​មេ​អាច​ស្ដុក​ទឹកបាន ២០.១៤០ ម៉ែត្រត្រីគុណ ដែល​យក​ប្រភព​ទឹក​ពី​ទន្លេសេកុង ដោយ​ប្រើ​ម៉ូ​ទ័​រ​បូមទឹក​ចំនួន​៣​គ្រឿង និង​មាន​ស្រះ​កូន​ត្រី​ចំនួន​១២ ស្រះ​បំប៉ន​ត្រី​សាច់​ចំនួន​៤ និង​ស្រះ​ត្រី​មេ​ពូជ​ចំនួន​៦​ទៀត មាន​ប្រព័ន្ធ​ប្រឡាយ​បញ្ចេញ​និង​បញ្ចូល​ទឹក ស្រះ​ចម្រោះ​ទឹក​កខ្វក់​និង​កាក​សំណល់ ដើម្បី​កែ​លម្អរ​គុណភាព​ទឹក សម្រាប់​ប្រើប្រាស់​ឡើង​វិញ និង​ការ​ការពារ​បរិស្ថាន ដោយ​មិន​បង្ហូរ​ផ្ទាល់​ចូល​ទៅ​ក្នុង​ទន្លេ និង​មាន​ទំនប់​ការពារ​ទឹកជំនន់​ដែល​អាច​កើតឡើង​ជាយថាហេតុ ។

លោក​បញ្ជាក់​ថា ទោះបី​ស្ថានភាព​ជំងឺ​កូ​វី​ដ​១៩​កំពុង​រាលដាល​ឆ្លង​ក្នុង​សហគមន៍​ក៏​ដោយ ក៏​រដ្ឋបាល​ជលផល​បាន​និង​កំពុង​ជំរុញ​ការ​សាងសង់​ស្ថានីយ៍​នេះ ឱ្យ​បាន​រួចរាល់​ជា​ស្ថាពរ​នៅ​ខែតុលា​ឆ្នាំ​២០២១ តាម​ការ​គ្រោងទុក​។ ស្ថានីយ៍​នេះ​នឹង​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​វិស័យ​ជលផល ពិសេស​ការ​អភិវឌ្ឍ​វារីវប្បកម្ម​នៅ​ភូមិភាគ ឦសាន និង​ធនធាន​ជលផល​ទឹកសាប ។

រដ្ឋមន្ត្រី​កសិក​កម្ម​រូប​នេះ​បាន​បញ្ជាក់​កន្លង​មក​ថា រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ កម្ពុជា​បាន​កាត់​បន្ថយ​ការ​នាំ​ចូល​ផលិតផល​វារីវប្បកម្ម​ពី​ក្រៅប្រទេស​បាន​មួយ​ចំនួន ក្រោយ​ពេល​កសិករ​កម្ពុជា​កាន់តែ​ច្រើន​បាន​ងាក​មក​ផលិត​ត្រី ដោយ​ខ្លួនឯង​និង​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក​និង​អាច​ឈាន​ដល់​ការ​នាំ​ចេញ ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ផង​ដែរ ។

សម្ដេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏​បាន​ថ្លែង​លើកទឹកចិត្ត​ដល់​កសិករ ក្នុង​ការ​បង្កើន​ផលិតផល​កសិកម្ម ដោយ​កាត់​បន្ថយ​ការ​នាំ​ចូល​នូវ​អ្វី​ដែល​ខ្លួន​ផលិត ដើម្បី​ទុក​លទ្ធភាព​ជូន​កសិករ​ផលិត​និង​ផ្គត់ផ្គង់​ក្នុងស្រុក​ជំនួស​វិញ ៕