ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពង់ចាម ទទួលបាន​​វ៉ាក់សាំងបន្ថែម សម្រាប់​ចាក់​​ជូន​​ដល់​ប្រជាពលរដ្ឋ និង​កម្មករ​កម្មការិនី ៣២​ម៉ឺន​នាក់ នៅ ៤ស្រុក

2 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម​៖ ពិតជា​រីករាយ​ដោយ​ក្តីរំភើប ព្រោះ​សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បានផ្ដល់​វ៉ាក់សាំង​ប្រឆាំង Covid-19 ដល់​ប្រជាពលរដ្ឋ ចំនួន…

ខេត្តកំពង់ចាម​៖ ពិតជា​រីករាយ​ដោយ​ក្តីរំភើប ព្រោះ​សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បានផ្ដល់​វ៉ាក់សាំង​ប្រឆាំង Covid-19 ដល់​ប្រជាពលរដ្ឋ ចំនួន ៤ ស្រុក ក្នុងនោះ រួមមាន​៖ បាធាយ ជើងព្រៃ ព្រៃឈរ និង​កំពង់សៀម ស្មើនឹង​ចំនួន ៣២​ម៉ឺន​នាក់​។ នេះ​បើតាម​ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម​។​

​ឯកឧត្តម​អភិបាលខេត្ត បាន​ថ្លែង​ដូច្នេះ នៅក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ខេត្ត កាលពី​ព្រឹក​ថ្ងៃទី​៨ ខែមិថុនា ឆ្នាំ​២០២១ នៅ​សាលាខេត្ត​កំពង់ចាម ដោយមាន​ការចូលរួម​ពី​ស្ថាប័ន​ពាក់ព័ន្ធ នៅក្នុង​ខេត្ត​។​

​ឯកឧត្តម អ៊ុន ចាន់​ដា ឲ្យ​ដឹងថា ពលករ ដែល​ធ្វើដំណើរ​មកពី​ប្រទេស​ថៃ នាពេល​កន្លងទៅ​ថ្មីៗ ត្រូវបាន​រកឃើញ​វិជ្ជមាន​កូ​វីដ​១៩ ដែលជា​ប្រភេទ​ជំងឺ​បំ​លែង​ថ្មី ឆ្លង​លឿន​រហ័ស​ជាង​ចាស់ រហូតដល់ ៤០%​។ បើ​ឆ្លង​ហើយ វា​ងាយ​នឹង​ស្លាប់ ប្រសិន​ណា​យឺតយ៉ាវ យកមក​ព្យាបាល​។ ក្នុងនោះ សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល ក៏ដូចជា​ស្ថាប័ន​ក្រសួងសុខាភិបាល បាន​បង្កើន​ការយកចិត្តទុកដាក់​អ្នកជំងឺ​ឆ្លង Covid នៅតាម​បណ្ដា​រាជធានី​ខេត្ត ក្នុងប្រទេស​កម្ពុជា ពោលគឺ​មិនអាច​ធ្វេសប្រហែស បាន​នោះទេ​។​

​ឯកឧត្តម អ៊ុន ចាន់​ដា បន្តថា ជាមួយ​នោះ សម្រាប់​ខេត្តកំពង់ចាម គឺ​ត្រូវដាក់​ផែនការ ដើម្បី​ប្រជាជាតិ ប្រឆាំងនឹង​ជំងឺ​កូ​វីដ ក្នុងនោះ រួមមាន​៖ ១.​ស្រាវជ្រាវ​ឲ្យ​បាន​ឆាប់រហ័ស ក្នុងនោះ មាន​អ្នកពាក់ព័ន្ធ​ដោយផ្ទាល់ និង​ប្រយោល​។ ២.​ធ្វើតេស្ត​រហ័ស​យក​អ្នក​សង្ស័យ មក​ពិនិត្យ​ភ្លាម តាមរយៈ​ឧបករណ៍ Rapit Test ដែល​ផ្ដល់​ដោយ​ក្រសួងសុខាភិបាល និង​មួយផ្នែក​ទៀត​របស់​ឯក​ឧ​ត្ត​ម ហ៊ុន ម៉ា​ណែ​ត ក្នុងករណី​ឃើញ​ហើយ ត្រូវ​យកមក​ព្យាបាល​ជាបន្ទាន់ ដោយ​មិន​បង្អង់​នោះទេ​។ ៣.​ព្យាបាល​រហ័ស ឆាប់​យកមក​ព្យាបាល​ភ្លាម មិន​រង់ចាំ​លទ្ធផល​ពី​ភ្នំពេញ​នោះទេ ការពន្យារពេល នាំ​ឲ្យ​អត្រា​ឆ្លង​ជំងឺ​នេះ លឿន​ផ្ទុះ​តែ​ចូលក្នុង​សហគមន៍ ឲ្យ​តែ​ពិនិត្យឃើញ​តាម​ឧបករណ៍​តេស្ត​រហ័ស ត្រូវ​ប្រញាប់​យកមក​ព្យាបាល​ជាបន្ទាន់​នៅ​មន្ទីរពេទ្យ និង​រងចាំ​លទ្ធផល​បី​ថ្ងៃ​ក្រោយពី​ផ្ទៀងផ្ទាត់ NIPH​។

​ឯកឧត្តម បន្តថា ក្នុងនោះ ក៏ត្រូវ​ធ្វើ​ច​ត្តា​ឡី​ស័ក​រហ័ស អ្នកពាក់ព័ន្ធ ត្រូវ​យកមក​ធ្វើ​ច​ត្តា​ឡី​ស័ក​ឲ្យ​បាន​លឿន​នៅ​មណ្ឌល​ច​ត្តា​ទ្បី​ស័ក ដែលមាន​នៅតាម​បណ្ដាល​ស្រុក និង​ក្រុង​កំពង់ចាម​។ ក្នុងនោះ អ្នក​ប៉ះពាល់​ដោយ​ប្រយោល និង​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅតាម​ផ្ទះ ហើយ​សូម​ឲ្យ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល ត្រូវ​ត្រួតពិនិត្យ​ឲ្យ​បាន​ជាប់​ជាប្រចាំ​ផងដែរ​។​

​ឯកឧត្តម អ៊ុន ចាន់​ដា បញ្ជាក់ថា តាមរយៈ​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ ចុះជួយ​ខេត្តកំពង់ចាម និង​ឯកឧត្តម ហ៊ុន ណេង បាន​ឲ្យ​រូបលោក (​អ៊ុន ចាន់​ដា​) ស្នើសុំ​ត្រង់​ទៅ​សម្ដេច​តេ​ជោ ព្រោះថា​នៅក្នុង​ខេត្តកំពង់ចាម បាន​ផ្ទុះឡើង ចូលក្នុង​សហគមន៍ ក្នុងនោះ មាន​ប្រជាពលរដ្ឋ និង​កម្មករ​កម្មការិនី បាន​ឆ្លង Covid រហូតដល់​ជាង ១.០០០​នាក់​ហើយ​។ ដោយមាន​ទឹកចិត្ត​មនុស្សធម៌​ដ៏​ថ្លៃថ្លា សម្ដេច​តេ​ជោ សែន បានសម្រេច​ផ្ដល់​វ៉ាក់សាំង​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩ ដែល​នឹង​ត្រៀម​ចាក់​ជូន​ដល់​ប្រជាពលរដ្ឋ រួមទាំង​កម្មករ​កម្ម​ការិនី នៅ​ស្រុក​ចំនួន ៤ ក្នុងនោះ មានស្រុក​បាធាយ ជើងព្រៃ ព្រៃឈរ និង​ស្រុក​កំពង់សៀម សរុប​មាន​ប្រជាពលរដ្ឋ​ប្រមាណ ៣២​ម៉ឺន​នាក់​។ ការចាក់​វ៉ាក់សាំង នៅ​ស្រុក​ទាំង ៤​នេះ នឹង​ធ្វើឡើង​ក្នុងពេល​ខាងមុខ​ដ៏​ឆាប់​។​

​ឯកឧត្តម​អភិបាលខេត្ត បន្តថា សម្រាប់​នៅ​ស្រុក​បាធាយ និង​ជើងព្រៃ ត្រូវបាន​ប្រគល់ជូន​ពេទ្យ​យោធា​។ ចំណែក​នៅ​ស្រុក​ព្រៃឈរ និង​កំពង់សៀម គឺមាន​ក្រុមគ្រូពេទ្យ​ខេត្តកំពង់ចាម ដែលមាន​ចំនួន ៥០​ក្រុម ត្រូវបាន​បែងចែក សម្រាប់​បំពេញការងារ តាម​គោលដៅ​នីមួយៗ​។ សកម្មភាព​ចាក់​វ៉ាក់សាំង​នេះ ត្រូវ​ប្រើពេល ១៤​ថ្ងៃ សម្រាប់​ដុស​ទី​១ និង​ដុស​ទី​២ គឺមាន​រយៈពេល ចន្លោះ​ពី ១៤​ថ្ងៃ ទៅ ២៨​ថ្ងៃ គិត​ចាប់​ពីថ្ងៃ​ចាក់​ដូ​ស​ទី​១​។

​ទោះបីជា​ចាក់​វ៉ាក់សាំង​ហើយក៏​ដោយ ក៏​ឯកឧត្តម​អភិបាលខេត្ត បាន​ផ្តាំផ្ញើ​ថា ត្រូវអនុវត្ត​បី​កុំ បី​ការពារ ត្រូវតែ​ពាក់​ម៉ាស ឲ្យ​បាន​ជាប់​ជាប្រចាំ តាម​វិធាន​របស់​ក្រសួងសុខាភិបាល​៕ ចាន់ ថេត​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ