តារាចម្រៀងស្រស់ស្អាតមួយរូបបាត់ចំណូលទាំងស្រុង ដោយសារបិទកន្លែងច្រៀងព្រោះតែកូវីដ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ តារាចម្រៀងនាង ខេង សម្ភស្ស បានសារភាពថា ខ្លួនបានបាត់ចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាពទាំងស្រុង ដោយសារបម្រាមគោចរនៃការបិទភោជនីយដ្ឋានដែលនាងច្រៀង ព្រោះតែការរីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុងសហគមន៍។ តារារូបនេះបានពើបប្រទះនឹងកង្វះជីវភាពសម្រាប់គ្រួសារ ត្បិតចំណូលស្ទើរទាំងស្រុងរបស់នាងបានមកពីការច្រៀងតែមួយមុខ។
តារាចម្រៀងនាង ខេង សម្ភស្ស បានអះអាងប្រាប់កោះសន្តិភាពថា រហូតមកទល់ពេលនេះ គឺមានរយៈពេលប្រមាណជា៤ខែហើយ ដែលនាងមិនអាចរកចំណូលបានពីការច្រៀងនេះ ដោយសារគ្រប់កម្មវិធីច្រៀងមិនថា អាល់ហ្វែរ ឬនៅតាមហាងនោះឡើយ ត្រូវបានបិទទាំងអស់។
នាងបញ្ជាក់ថា បើទោះបីជាចំណូលពីការច្រៀងរបស់នាង មិនសូវទទួលបានកម្រៃច្រើនខ្លាំងក៏ដោយ ប៉ុន្តែវាអាចអោយនាងជួយផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃដោយមិនលំបាកច្រើនឡើយ។ នាងថា បច្ចុប្បន្ននាងមានភារកិច្ចរកប្រាក់ជួយទប់ការចំណាយលើការជួលផ្ទះ បង់ធនាគារ និងការចំណាយប្រចាំថ្ងៃផ្សេងៗទៀត។
ខេង សម្ភស្ស បានបន្ថែមថា មកទល់បច្ចុប្បន្ននេះ នាងស្ទើរតែមិនអាចរកចំណូលទាំងស្រុង ដោយសារនាងនៅមិនទាន់អាចរកការងារណាផ្សេង ក្រៅពីការច្រៀងនេះឡើយ។ នាងបញ្ជាក់ថា កន្លងមក នាងក៏ធ្លាប់ live លក់សម្លៀកបំពាក់ជជុះក្បាលគីបតាមផេកហ្វេសប៊ុកដែរ តែមិនកាក់កបឡើយ ដោយសារតែនាងមិនមានលុយទិញ Boot page ហើយណាមួយនាងជាតារាដែលមិនសូវល្បីផងនោះ។
បើតាម ខេង សម្ភស្ស ថា នៅក្នុងដំណាក់កាលនៃការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ជាលើកទី២នេះ នាងពិតជាពិបាករកចំណូល និងជួបបញ្ហាជីវភាពយ៉ាងខ្លាំង ដោយសារតែនាងមិនអាចស្វែងរកកន្លែងច្រៀងបាននោះឡើយ។ នាងថា មិនថាការច្រៀងនៅហាង ឬតាមខនសឺតនានានោះឡើយ បើសូម្បីតែច្រៀងនៅតាមឆាកតន្ត្រីតាមស្ថានីយទូរទស្សន៍ គឺនាងក៏គ្មានដែរ នៅក្នុងរយៈពេលចុងក្រោយនេះ។ ទោះជាយ៉ាងណា បើទោះបីក្នុងដំណាក់កាលដែលនាងជួបទុក្ខលំបាកនាពេលនេះ ក៏ប៉ុន្តែនាងមិនដែលត្អួញត្អែរប្រាប់អ្នកណាម្នាក់ឱ្យដឹងឡើយ ដោយសារនេះជាការប្រកាន់ជំហរបស់នាង។
នាងថា ខ្ញុំមិនត្អួញត្អែរការលំបាក ដើម្បីចង់បានជំនួយពីអ្នកណាឡើយ ប៉ុន្តែនាងក៏មិនជំទាស់ និងទទួលយក ប្រសិនបើមានសប្បុរសជនចង់ជួយ។ នាងបញ្ជាក់ថា កន្លងមក នាងក៏ទទួលបានការជួយខ្លះពីបងប្អូនមិត្តភក្តិដែលនាងធ្លាប់ស្គាល់ផងដែរ ដោយសារពួកគាត់អាណិតរូបនាង ដោយសារបានដឹងពីទុក្ខលំបាករបស់នាងនាពេលនេះ។
យ៉ាងណា ខេង សម្ភស្ស រំពឹងថា ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជាអាចនឹងថមថយអស់ទៅវិញឆាប់ៗ ដើម្បីនាងមានឱកាសសម្រាប់ប្រកបអាជីពចម្រៀងនេះជាបន្តទៀត៕









<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ