ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ៃលិន រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ចំនួន ៤២​នាក់ ភាគច្រើន គឺ​អ្នក​ចូល​លេងល្បែង ក្នុង​កាស៊ីណូ នៅ​ព្រំដែន​កម្ពុជា​-​ថៃ

2 ឆ្នាំ មុន
  • ប៉ៃលិន

​ខេត្ត​ប៉ៃលិន​៖ នៅ​ថ្ងៃទី​១ ខែមិថុនា ឆ្នាំ​២០២១ ក្រោយពី​ធ្វើតេស្ត​រហ័ស ទៅលើ​ប្រជាពលរដ្ឋ​ចំនួន ៤២​នាក់ ដែល​ភាគច្រើន គឺជា​អ្នក​ចូល​លេង​ក្នុង​កាស៊ីណូ នៅជាប់​ច្រកទ្វារ​អន្តរជាតិ​ព្រំ…

​ខេត្ត​ប៉ៃលិន​៖ នៅ​ថ្ងៃទី​១ ខែមិថុនា ឆ្នាំ​២០២១ ក្រោយពី​ធ្វើតេស្ត​រហ័ស ទៅលើ​ប្រជាពលរដ្ឋ​ចំនួន ៤២​នាក់ ដែល​ភាគច្រើន គឺជា​អ្នក​ចូល​លេង​ក្នុង​កាស៊ីណូ នៅជាប់​ច្រកទ្វារ​អន្តរជាតិ​ព្រំ ស្ថិតក្នុង​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ត្រូវបាន​ក្រុមគ្រូពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន រកឃើញ​វិជ្ជមាន​ទាំងអស់​។ ករណីនេះ ជាការ​ព្រួយបារម្ភ​ខ្លាំង ខណ​:​ពួកគាត់​ទាំងអស់នោះ គឺ​រស់​នៅតាម​ភូមិ​នានា ស្ទើរតែ​ទូទាំង​ខេត្ត​ប៉ៃលិន​។

ប្រភពព័ត៌មាន​បានឱ្យ​ដឹងថា ក្រោយពី​រដ្ឋបាលខេត្ត​ប៉ៃលិន បានសម្រេច​បិទ​ផ្អាក​បណ្តោះអាសន្ន​នូវ​ទីតាំង​អាជីវកម្ម ក្រុមហ៊ុន ស៊ុប​ភើ រិច (Super Rich) និង​ក្រុមហ៊ុន ខ្លា​ខ្មៅ ថែមទាំង​បិទ​ផ្សារ​ព្រំ​ថ្មី (​ហៅ​ផ្សារ​តា​ប៉ាច​) ដោយ​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​អ្នកជំងឺ​កូ​វីដ​-១៩ រហូតមកដល់​ថ្ងៃទី​០១ ខែមិថុនា ឆ្នាំ​២០២១ នេះ គេ​បាន​រកឃើញ​អ្នក​កើត​ជំងឺ​កូ​វីដ​-១៩ រហូតដល់​ទៅ ៤២​នាក់ ដែល​ពួកគេ​ទាំងនោះ ភាគច្រើន គឺជា​អ្នកធ្វើការ និង​អ្នក​លេងល្បែង ក្នុង​ក្រុមហ៊ុន​កាស៊ីណូ​តែម្តង​។

​ក្នុងកំឡុងពេល​ផ្អាក​បណ្តោះអាសន្ន​នូវ​ទីតាំង​ទាំងនេះ រដ្ឋបាល​ស្រុក​សាលា​ក្រៅ បាន​ហ៊ុំ​ព័ទ្ធជុំវិញ​ក្រុមហ៊ុន​ទាំងមូល ផ្អាក​ការចេញ​ចូលក្នុង​បរិវេណ​ក្រុមហ៊ុន ដោយ​ធ្វើការ​ស្រាវជ្រាវ​រក​អ្នកពាក់ព័ន្ធ​ផ្ទាល់ ឬ​ប្រយោល និង​អ្នក​ដែល​គេចខ្លួន ដើម្បី​យកមក​ធ្វើ​ច​ត្តា​ឡី​ស័ក និង​យក​វត្ថុ​សំណាក​។

​ចំពោះ​ទីតាំង និង​អ្នក​ដែលមាន​ការពាក់ព័ន្ធ​នឹង​អ្នកជំងឺ​កូ​វីដ​-១៩ ខាងលើ រដ្ឋបាលខេត្ត​ប៉ៃលិន បានចេញ​វិធានការ​ផ្អាក​ជា​បណ្តោះអាសន្ន និង​បាន​យក​អគារ​ក្រុមហ៊ុន​កាស៊ីណូ​ខាងលើ ធ្វើជា​កន្លែង​ច​ត្តា​ឡី​ស័ក ១៤​ថ្ងៃ​។

ប្រភព​បញ្ជាក់ថា អ្នក​ដែល​ឆ្លង​ជំងឺ​កូ​វីដ​-១៩ មកពី​តាម​បណ្តា​ភូមិ​នានា ក្នុង​ខេត្ត​ប៉ៃលិន និង​អ្នករស់នៅ​ក្រៅ​ខេត្ត​ផងដែរ ដែល​អ្នក​ឆ្លង​ទាំងនោះ មកពី​ភូមិ​អូរ​តា​ពុក​ក្រោម ម្នាក់ ភូមិ​អូរ​តា​ប្រា​ង​ម្ន​ក់ ភូមិ​សួន​អំពៅ​លិច ៣​នាក់ ភូមិ​តា​ង៉ែ​ន​ក្រោម ម្នាក់​នាក់ ភូមិ​វត្ត ២​នាក់ ភូមិ​អូរ​ស្ងួត ២​នាក់ ភូមិ​ប៉ា​ហ៊ី​ត្បូង ២​នាក់ ភូមិ​ផ្សារ​ព្រំ​ជើង ៨​នាក់ ភូមិ​ផ្សារ​ព្រំ ១៦​នាក់ ភូមិ​អូរ​ឈើ​ក្រំ ៣​នាក់ ភូមិ​អូរ​រអិល ម្នាក់ ភូមិ​អូរ​ក្រូច ឃុំ​អូរ​ដា ស្រុក​កំរៀង ខេត្តបាត់ដំបង ម្នាក់ និង​ភូមិ​កួរស្រូវ សង្កាត់​ពោធិ៍​សែន​ជ័យ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ម្នាក់​។

​ដូច្នេះ រដ្ឋបាលខេត្ត​ប៉ៃលិន ក៏បាន​អំពាវនាវ​ដល់​សាធារណជន និង​បងប្អូន​ប្រជាពលរដ្ឋ ដែលមាន​ការប្រាស្រ័យ​ទាក់ទង​ដោយផ្ទាល់ ឬ​ដោយ​ប្រយោល​ជាមួយ​អ្នកជំងឺ​កូ​វីដ​១៩ ខាងលើ សូម​តាមដាន​សុខភាព​ជាប្រចាំ បើ​សង្ស័យ​ត្រូវ​រួសរាន់​ទៅ​ជួប​គ្រូពេទ្យ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត ក្រុង ស្រុក ឬ​មណ្ឌល​សុខភាព ដែល​នៅ​ជិត​បំផុត​។ សូមឱ្យ​ចូលរួម​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ ៣​ការពារ ៣​កុំ របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​៕ ដោយ​៖ នី​យ៉ា​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ