ក្រសួង​ក្រើនរំលឹក​ឲ្យ​រក្សា​វិធាន​សុវត្ថិភាព​ទេសចរណ៍ សម្រាប់​ភោជនីយដ្ឋាន និង​អាហារ​ដ្ឋា​ន – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ក្រើនរំលឹក​ឲ្យ​រក្សា​វិធាន​សុវត្ថិភាព​ទេសចរណ៍ សម្រាប់​ភោជនីយដ្ឋាន និង​អាហារ​ដ្ឋា​ន

1 អាទិត្យ មុន
  • Phnom Penh

រាជធានី​ភ្នំពេញ ៖ ក្រសួងទេសចរណ៍​បាន​ចេញ​សេចក្ដីណែនាំ​ដល់​មន្ទីរ​ទេសចរណ៍​រាជធានី​-​ខេត្ត ឱ្យ​ពង្រឹង​ការ​អនុវត្ត​វិធានការ​នានា​របស់​រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និង​វិធាន​សុវត្ថិភាព​ទេសចរណ៍ សម្រាប់​អាជីវកម្ម​សេវាកម្ម​ភោជនីយដ្ឋាន និង​អាហារ​ដ្ឋា​ន​ទេសចរណ៍ ស្រប​ពេល​ដែល​ចលនា​ទេសចរណ៍​ក្នុងស្រុក​ចាប់ផ្ដើម​មាន​សកម្មភាព​។ តាម​សារា​ចរណ៍​ណែនាំ​របស់​ក្រសួងទេសចរណ៍…

រាជធានី​ភ្នំពេញ ៖ ក្រសួងទេសចរណ៍​បាន​ចេញ​សេចក្ដីណែនាំ​ដល់​មន្ទីរ​ទេសចរណ៍​រាជធានី​-​ខេត្ត ឱ្យ​ពង្រឹង​ការ​អនុវត្ត​វិធានការ​នានា​របស់​រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និង​វិធាន​សុវត្ថិភាព​ទេសចរណ៍ សម្រាប់​អាជីវកម្ម​សេវាកម្ម​ភោជនីយដ្ឋាន និង​អាហារ​ដ្ឋា​ន​ទេសចរណ៍ ស្រប​ពេល​ដែល​ចលនា​ទេសចរណ៍​ក្នុងស្រុក​ចាប់ផ្ដើម​មាន​សកម្មភាព​។ តាម​សារា​ចរណ៍​ណែនាំ​របស់​ក្រសួងទេសចរណ៍ បាន​ផ្ដោត​លើ​ខ្លឹមសារ​ណែនាំ​សំខាន់​ៗ ៧​ចំណុច​៖

Picture

១-​មន្ទីរ​ទេសចរណ៍​រាជធានី​ភ្នំពេញ ត្រូវ​សហការ​ជាមួយ​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​រដ្ឋបាល​ខេត្តកណ្តាល និង​អាជ្ញាធរ​មូលដ្ឋាន ជូនដំណឹង​អំពី​គោលការណ៍​អនុញ្ញាត​ឱ្យ​បើក​ដំណើរការ​ប្រតិបត្តិការ​អាជីវកម្ម​ភោជនីយដ្ឋាន​ជា​ធម្មតា​ឡើង​វិញ​នេះ ឱ្យ​ដល់​គ្រប់​មូលដ្ឋាន​អាជីវកម្ម​ទាំងអស់​។ ជាមួយ​គ្នា​នេះ ត្រូវ​បន្ត​ពិនិត្យ និង​ពង្រឹង​បន្ថែម​ទៀត​នូវ​ការ​អនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍ និង​រាល់​វិធានការ​ជា​ធរមាន ចំពោះ​អាជីវកម្ម​សេវាកម្ម​ស្នាក់​នៅ​ទេសចរណ៍ ភោជនីយដ្ឋាន និង​អាហារ​ដ្ឋា​ន​ទេសចរណ៍​។

Picture

២-​មន្ទីរ​ទេសចរណ៍​រាជធានី​-​ខេត្ត ត្រូវ​បន្ត​សហការ​ជាមួយ​រដ្ឋបាល​ខេត្ត និង​អាជ្ញាធរ​មូលដ្ឋាន​ពិនិត្យ និង​ពង្រឹង​បន្ថែម​ទៀត​នូវ​ការ​អនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍ ចំពោះ​គ្រប់​អាជីវកម្ម​សេវាកម្ម​ស្នាក់​នៅ​ទេសចរណ៍ ភោជនីយដ្ឋាន និង​អាហារ​ដ្ឋា​ន​ទេសចរណ៍​។ ដោយឡែក​ចំពោះ​មូលដ្ឋាន​អាជីវកម្ម​ខាងលើ ដែល​ស្ថិត​នៅ​ក្នុង​តំបន់​ដែល​បាន​ដាក់​ចេញ​វិធានការ​បិទ​ខ្ទប់ មន្ទីរ​ទេសចរណ៍​រាជធានី​-​ខេត្ត ត្រូវ​បន្ត​សហការ​ជាមួយ​រដ្ឋបាល​ខេត្ត និង​អាជ្ញាធរ​មូលដ្ឋាន​បន្ត​ពង្រឹង​នូវ​រាល់​វិធានការ​ជា​ធរមាន​។

Picture

៣-​ត្រូវ​បន្ត​ពង្រឹង​ការ​អនុវត្ត​ឱ្យ​បាន​យ៉ាង​ខ្ជាប់ខ្ជួន និង​ម៉ឺងម៉ាត់​នូវ​វិធានការ​ទាំងឡាយ​ដែល​បាន​ដាក់​ចេញ​ដោយ​ក្រសួងសុខាភិបាល និង​វិធាន​សុវត្ថិភាព​ទេសចរណ៍​របស់​ក្រសួងទេសចរណ៍​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ ពិសេស​វិធានការ «៣​ការពារ និង ៣​កុំ​»​។ គ្រប់​មូលដ្ឋាន​អាជីវកម្ម​ខាងលើ ត្រូវ​កត់ត្រា​អត្តសញ្ញាណ (​ជា​ពិសេស​អាសយដ្ឋាន និង​លេខ​ទូរស័ព្ទ​ទំនាក់ទំនង​) ភ្ញៀវ​ទេសចរណ៍​ទាំងអស់ និង​ត្រូវ​ចុះ​ឈ្មោះ​បង្កើត និង​ប្រើប្រាស់​ប្រព័ន្ធ QR Code «​ទប់ស្កាត់​កូ​វី​ដ​-១៩» និង​តម្រូវ​ឱ្យ​ភ្ញៀវ​ទេសចរ​ត្រូវ​តែ​ស្កេ​ន​ជា​ដាច់ខាត​មុន​ចូល​ទៅ​ក្នុង​កន្លែង​របស់​ខ្លួន​។

ទន្ទឹម​នឹង​នេះ ត្រូវ​រៀបចំ​ការ​ត្រួតពិនិត្យ​កម្ដៅ ការ​បាញ់​អាល់កុល​សម្លាប់​មេរោគ និង​តម្រូវ​ឱ្យ​ភ្ញៀវ​ទេសចរ​ត្រូវ​ពាក់​ម៉ាស (​លើកលែង​នៅ​ពេល​បរិភោគ​អាហារ និង​ភេសជ្ជៈ​) និង​រក្សា​គម្លាត​សុវត្ថិភាព​ស្រប​តាម​គោលការណ៍​សុខាភិបាល​។ ៤-​មន្ទីរ​ទេសចរណ៍​រាជធានី​-​ខេត្ត ត្រូវ​បន្ត​សហការ​ជាមួយ​រដ្ឋបាល​រាជធានី​-​ខេត្ត និង​អាជ្ញាធរ​មូលដ្ឋាន ណែនាំ​បន្ត​ដល់​គ្រប់​មូលដ្ឋាន​អាជីវកម្ម​ខាងលើ​តាមដាន​ត្រួតពិនិត្យ​រាល់​បុគ្គលិក​របស់​ខ្លួន ដែល​កំពុង​ជាប់​កាតព្វកិច្ច​ធ្វើ​ច​ត្តា​ឡី​ស័ក និង​តម្រូវ​ឱ្យ​អ្នកគ្រប់គ្រង​មូលដ្ឋាន​អាជីវកម្ម​ខាងលើ ត្រូវ​ជូនដំណឹង​មក​អាជ្ញាធរ​មូលដ្ឋាន​នូវ​រាល់​ករណី​សង្ស័យ​ចំពោះ​ភ្ញៀវ​ទេសចរណ៍​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ជំងឺ​កូ​វី​ដ​-១៩ (​បន្ទាប់​ពី​ស្កេ​ន QR Code “​ទប់ស្កាត់​កូ​វី​ដ​-១៩”) និង​មិន​ត្រូវ​អនុញ្ញាត​ឱ្យ​ភ្ញៀវ​ទេសចរណ៍ និង​ប្រជាពលរដ្ឋ​ដែល​កំពុង​ជាប់​ធ្វើ​ច​ត្តា​ឡី​ស័ក ឬ​ត្រូវ​ផ្តល់​សំណាក​ធ្វើតេស្ត​រក​ជំងឺ​កូ​វី​ដ​-១៩ ចូល​ទៅ​ប្រើប្រាស់​សេវាកម្ម​ជា​ដាច់ខាត​។

៥-​គ្រប់​មូលដ្ឋាន​អាជីវកម្ម​ខាងលើ ត្រូវ​ពង្រឹង​ការ​គ្រប់គ្រង​ឱ្យ​បាន​ល្អ​ប្រសើរ ជា​ពិសេស​ត្រូវ​កំណត់​សមត្ថភាព​ផ្ទុក (Carrying Capacity) អតិបរមា ដែល​អាច​ទទួលភ្ញៀវ​បាន​ក្នុង​ពេល​តែ​មួយ អនុលោម​តាម​ស្តង់ដា​គម្លាត​សុវត្ថិភាព និង​មិន​ត្រូវ​ទទួលភ្ញៀវ​លើស​ពី​ចំណុះ​នេះ​ជា​ដាច់ខាត​។ មិន​ត្រូវ​រៀបចំ​ឱ្យ​មានការ​ជួបជុំ​ជា​ដាច់ខាត​។ ចំពោះ​ការ​ជួបជុំ​ជា​ក្រុម​តូច​ដែល​ចាំបាច់ (​លក្ខណៈ​ជា​ក្រុម​គ្រួសារ​ផ្ទាល់​) នៅ​ក្នុង​ភោជនីយដ្ឋាន អាហារ​ដ្ឋា​ន​ទេសចរណ៍ ចាំបាច់​ត្រូវ​តែ​រក្សា​គម្លាត​សុវត្ថិភាព​បុគ្គល ត្រូវ​មាន​យ៉ាងតិច ១.៥ ម៉ែត្រ​ពី​គ្នា និង​មាន​ចំនួន​កម្រិត​អាស្រ័យ​តាម​ការ​កំណត់​ដោយឡែក​របស់​រដ្ឋបាល​រាជធានី​-​ខេត្ត​។

៦-​ព្រម​ជាមួយ​វិធានការ​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ គ្រប់​មូលដ្ឋាន​អាជីវកម្ម​ខាងលើ​ត្រូវ​ពង្រឹងគុណភាព​សេវាកម្ម ថែរក្សា​បរិស្ថាន​-​អនាម័យ និង​រក្សា​តម្លៃ​ផលិតផល និង​សេវាកម្ម​ឱ្យ​បាន​សមរម្យ​។ ៧-​គ្រប់​មូលដ្ឋាន​អាជីវកម្ម​ខាងលើ ត្រូវ​អនុវត្ត​សារា​ចរណ៍​នេះ​ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​។ ករណី​ខក​ខានមិនបាន​អនុវត្ត ឬ​អនុវត្ត​មិន​បាន​ត្រឹមត្រូវ​តាម​ខ្លឹមសារ​សារា​ចរណ៍​ណែនាំ​នេះ មន្ទីរ​ទេសចរណ៍​មិន​ត្រូវ​អនុញ្ញាត​ឱ្យ​អាជីវកម្ម​នោះ បើក​ដំណើរការ​ជា​ដាច់ខាត និង​អាច​ប្រឈម​ទៅ​នឹង​វិធានការ​ច្បាប់​ជា​ធរមាន ពិសេស​ច្បាប់​ស្តី​ពី​វិធានការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ និង​ជំងឺ​កាច​សាហាវ និង​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេង​ទៀត​៕ ដោយ ៖ សុខ សា​រ៉ា​យ