ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ហ៊ុន សែន អនុញ្ញាត​ឲ្យ​អនុរដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក ជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ

4 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ នៅ​វេលា​ម៉ោង​ប្រមាណ​៤​រសៀល​ ថ្ងៃ​ទី​០១ ខែមិថុនា ឆ្នាំ​២០២១​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​…

រាជធានីភ្នំពេញ ៖ នៅ​វេលា​ម៉ោង​ប្រមាណ​៤​រសៀល​ ថ្ងៃ​ទី​០១ ខែមិថុនា ឆ្នាំ​២០២១​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អនុញ្ញាត​ឲ្យអនុរដ្ឋមន្ត្រី​ក្រសួងការបរទេស​សហរដ្ឋអាមេរិក លោក​ជំទាវ Wendy R. Sherman ចូល​ជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ ​។

ក្នុង​ជំនួប​នោះ លោក​ជំទាវ Wendy R. Sherman បាន​ជម្រាប​ជូន សម្តេច​តេ​ជោ​ ថា ដំណើរ​ទស្សនកិច្ច​របស់​លោក​ជំទាវ ​មក​កាន់​ប្រទេស​កម្ពុ​ជានា​ពេល​នេះ គឺ​ដើម្បី​ពាំនាំ​នូវ​លិខិត​របស់ ឯកឧត្តម​ប្រធានាធិបតី Joe Biden គោរព​ជូន​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ។

លោក​ជំទាវ​ ក៏​បាន​បន្ថែម​ថា នេះ​គឺជា​បំណង​របស់ ឯកឧត្តម​ប្រធានាធិបតី សហរដ្ឋអាមេរិក ក្នុង​ន័យ​ធ្វើ​យ៉ាងណា​ឲ្យ​អ្វី​ៗ​មាន​ភាពល្អ​ប្រសើរ​សម្រាប់​ប្រទេស​ទាំង​ពីរ ​។

លោក​ជំទាវ ក៏​បាន​សម្ដែង​នូវ​ការ​ពេញចិត្ត​ចំពោះ​កិច្ច​សហប្រតិបត្តិការ​រវាង​កម្ពុជា និង​សហរដ្ឋអាមេរិក​កន្លង​មក​លើ​វិស័យ​ជា​ច្រើន​ជា​ពិសេស​លើ​ការ​រុករក​អដ្ឋិធាតុ​ទាហាន​អា​មេ​រិ​ក ​ដែល​បាត់​ខ្លួន​នៅ​ក្នុង​ប្រទេស​កម្ពុជា កិច្ច​សហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ភេរវកម្ម កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​មនុស្សធម៌ ដូច​ជា​អនុញ្ញាត​ឲ្យ​នាវា Wasterdam ចូល​ចត​នៅ​ក្នុង​ប្រទេស​កម្ពុជា ​ដើម្បី​ជួយ​សង្គ្រោះ​ប្រជាជន​ដែល​ជាប់​នៅ​លើ​នាវា ​ដោយ​ប្រទេស​ដទៃ​ទៀត​ មិន​អនុញ្ញាត​ឲ្យ​ចុះ​ចត ​ដោយសារ​បញ្ហា​ជំងឺ​កូ​វី​ដ​-១៩​នោះ​ ។

លោក​ជំទាវ ក៏​បាន​គោរព​ជម្រាប​ជូន សម្ដេច​តេ​ជោ អំពី​ឱកាស​នៃ​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ ​ដែល​រួម​មាន​ទាំង​ការ​លុប​បំបាត់​បំណុល​របស់​កម្ពុជា កិច្ច​សហប្រតិបត្តិការ​លើ​ប្រេង និង​ឧស្ម័ន និង​ការ​វិនិយោគ​របស់​សហរដ្ឋអាមេរិក​លើ​បញ្ហា​ទឹក បញ្ហា​ហេដ្ឋារចនាសម្ព័ន្ធ បញ្ហា​ថាមពលបៃតង និង​បញ្ហា​ដទៃ​ទៀត​ជា​ច្រើន ​។

ជា​ការ​ឆ្លើយ​តប សម្ដេច​តេ​ជោ ហ៊ុន សែន បាន​សម្ដែង​នូវ​ក្តី​រីករាយ​ចំពោះ​អ្វី​ដែល​លោក​ជំទាវ​បាន​លើក​ឡើង និង​អ្វី​ដែល​សហរដ្ឋអាមេរិក​បាន​ចូលរួម​ចំណែក​ជួយ​ដល់​កម្ពុជា រួម​មានការ​ចូលរួម​ចំណែក​ក្នុង​ការ​ស្វែងរក​សន្តិភាព​នៅ​កម្ពុជា ការ​ចូលរួម​ចំណែក​អភិវឌ្ឍ​កម្ពុជា​រហូត​មក​ដល់​ពេល​នេះ និង​ការ​ចូលរួម​ចំណែក​របស់​សហរដ្ឋអាមេរិក​ជួយ​ដល់​កម្ពុជា​ដោយ​ផ្ទាល់ និង​ដោយ​ប្រយោល តាម​រយៈ​អង្គការ WHO ក្នុង​ការ​ប្រយុទ្ធ​ឆាំង​ជំងឺ​រាតត្បាត​កូ​វី​ដ​១៩ ​។ ឆ្លៀត​ក្នុង​ឱកាស​នោះ​ផង​ដែរ សម្ដេច​តេ​ជោ ក៏​បាន​សំដែង​នូវ​ការ​អបអរសាទរ​ជូន​ដល់​ប្រជាជន រដ្ឋាភិបាល​សហរដ្ឋអាមេរិក ដែល​បាន​ទប់ស្កាត់​ជំងឺ​កូ​វី​ដ​១៩ បាន​ជោគជ័យ​ ដែល​ជា​ការ​ឆ្លុះ​បញ្ចាំង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ​ គឺ​មានការ​ចុះ​ថយ​ នៃ​ការ​រីករាយ​កណ្ដាល​ឆ្លង​ជំងឺកូ​វី​ដ-​១៩ នៅ​សហរដ្ឋអាមេរិក​គួរ​ជាទី​កត់សម្គាល់​ផង​ដែរ ​។

សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ក៏​បាន​ថ្លែងអំណរគុណ​លោក​ជំទាវ​ផង​ដែរ ក្នុង​ឱកាស​ដែល​លោក​ជំទាវ Wendy R. Sherman បាន​អញ្ជើញ​បំពេញ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​កម្ពុ​ជានា​ពេល​នេះ​ ជា​ពិសេស​អ្វី​ដែល​លោក​ជំទាវ​បាន​លើក​ឡើង ដូច​ជា​ការ​ដោះស្រាយ​បំណុល សម្ដេច​តេ​ជោ​បាន​ស្នើ​ឲ្យ​សហរដ្ឋអាមេរិក ជា​ពិសេស​ឯកឧត្តម​ប្រធានាធិបតី Joe Biden ពិនិត្យ​ពិចារណា​ ដោះស្រាយ​បំណុល​ដែល​កម្ពុជា​មាន​ចំពោះ​សហរដ្ឋអាមេរិក តាម​វិធី​ទ្វេរ​ភាគី ​៖
ទី​១- អនុញ្ញាត​ឲ្យ​កម្ពុជា​ សង​ប្រាក់​បំណុល​នេះ​ តាម​កម្មវិធី​សង​ឡើង​វិញ​បន្តិច​ម្ដង​ៗ
ទី​២- សងបំណុល​តាម​កម្មវិធី​ដែល​មានការ​ប្រាក់​មិន​លើស​ពី​១​ភាគរយ
និងទី​៣- បំណុល​ដែល​កម្ពុជា​ជំពាក់​សហរដ្ឋអាមេរិក​ គឺ​សំណង​ចំនួន ៧០% ត្រូវ​បង្វិល​មក​ធ្វើ​ជា​ជំនួយ​ដល់​កម្ពុជា​វិញ ​ទៅ​លើ​វិស័យ​អប់រំ វិស័យ​
វប្បធម៌ វិស័យ​ដោះ​មីន និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ជាដើម​ ។

លើស​ពី​នេះ​ទៅ​ទៀត ​សម្ដេច​តេ​ជោ​ ក៏​សូម​ស្នើ​ឲ្យ​សហរដ្ឋអាមេរិក​ ពិនិត្យ​ឡើង​វិញ​នូវ​កិច្ច​សហប្រតិបត្តិការ​ លើ​ការ​បញ្ជូន​ជនជាតិ​កម្ពុជា​ពី​សហរដ្ឋអាមេរិក​មក​កម្ពុជា​វិញ​ ។

ជា​ការ​ឆ្លើយ​តប លោក​ជំទាវ ក៏​បាន​ថ្លែងអំណរគុណ​ចំពោះ សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី រាល់​កិច្ច​សហប្រតិបត្តិការ ហើយ​លោក​ជំទាវ​សន្យា​ថា អ្វី​ដែល​ជា​ការ​លើក​ឡើង​របស់ សម្ដេច​តេ​ជោ ដែល​ជា​សំណើ​នេះ លោក​ជំទាវ​នឹង​ជម្រាប​ជូន​ឯកឧត្តម​ប្រធានាធិបតី Joe Biden ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ