ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវការ! គ្រូបង្វឹក​កូរ៉េ​ដ៏ល្បី​​មួយរូប​ សម្រេចចិត្ត​ចូល​ក្លិប​បាល់ទាត់​កង​យោធពលខេមរភូមិន្ទ​

2 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​១ មិថុនា ឆ្នាំ​២០២១ ក្លិប​បាល់ទាត់​សមាគម​កង​យោធពលខេមរភូមិន្ទ បាន​ប្រកាស​ពី​កិច្ច​កុង

​រាជធានីភ្នំពេញ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​១ មិថុនា ឆ្នាំ​២០២១ ក្លិប​បាល់ទាត់​សមាគម​កង​យោធពលខេមរភូមិន្ទ បាន​ប្រកាស​ពី​កិច្ច​កុងត្រា​រវាង​ក្លិប និង​គ្រូបង្វឹក​ជនជាតិ​កូរ៉េ​ដ៏​ល្បីល្បាញ​នៅ​កម្ពុជា គឺ​លោក លី​ តៃហ៊ុន (Lee Tae-hoon) ក្នុង​កិច្ចសហការ​ចូល​មក​បង្វឹក​ក្រុមបាល់ទាត់​មួយ​ជា​ផ្លូវការ ដើម្បី​ធ្វើ​អោយ​កីឡាករ​បាល់ទាត់​នៅ​ក្នុង​ក្លិប​នេះ កាន់តែ​មានការ​ឈាន​ឡើង​។ ពិធី​នេះ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ ក្រោម​វត្តមាន​លោក​ តែម ម៉ឺន និង​មន្ត្រី​នានា​ ព្រមទាំង​ថ្នាក់ដឹកនាំ​ប៉ុស្តិ៍​លេខ​៥ ដោយសារ​តែ​ប្រធាន​ក្លិប​នេះ​គឺជា​អគ្គនាយក​របស់​ស្ថានីយ៍ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥​។

លោក លី តៃ​ហ៊ុន Lee Tae-hoon ដែល​ជា​គ្រូបង្វឹក​ថ្មី​របស់​ក្រុមបាល់ទាត់​សមាគម​ន៍​កីឡាបាល់ទាត់​កង​យោធពលខេមរភូមិន្ទ បាន​បង្ហាញ​នូវ​អារម្មណ៍​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង ដែល​ក្រុមបាល់ទាត់​មួយ​នេះ បាន​ផ្ដល់​សេចក្ដី​ទុកចិត្ត​អោយ​លោក​ធ្វើ​ជា​គ្រូបង្វឹក ដោយ​លោក​នឹង​ដឹកនាំ​ក្រុម​កង​យោធពលខេមរភូមិន្ទ នឹង​ប្រឹង​ដឹកនាំ​ក្រុម​មួយ​នេះ អោយ​ទទួល​បាន​ផ្លែផ្កា​ល្អ ក្ន​ង​ការ​ប្រកួត​លី​គ​កំពូល​របស់​កម្ពុជា ក្នុង​ពេល​ខាង​មុខ​។ លោក​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា បើ​ទោះជា​ក្នុង​ក្រុមបាល់ទាត់​កង​យោធពលខេមរភូមិន្ទ មិន​មាន​កីឡាករ​ជា​កីឡាករ​ជម្រើសជាតិ​ក្នុង​ក្រុម តែ​លោក​បញ្ជាក់​ថា ការ​ដឹកនាំ​របស់​លោក​កន្លង​មក គឺ​លោក​ធ្វើការ​ជា​ប្រព័ន្ធ គឺ​មិន​សំដៅលើ​កីឡាករ​នោះ​ទេ ហើយ​លោក​ក៏​សំឡឹង​ឃើញ​ថា​ក្នុង​ក្រុម​នេះ មាន​កីឡាករ​ល្អ​ៗ​ច្រើន​ណាស់ ដែល​អាច​ជួយ​អោយ​ក្លិប​នឹង​កាន់តែ​លេចធ្លោ​។ លោក​ក៏​បង្ហាញ​ជំនឿ​ចិត្ត​ផង​ដែរ​ថា វិស័យ​កីឡាករ​បាល់ទាត់​នៅ​កម្ពុជា ក៏​នឹង​មានការ​ឈាន​ឡើង​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ និង អាស៊ី​ទាំងមូល​យ៉ាង​យូរ​ត្រឹម​រយៈពេល​១០​ឆ្នាំទៅ​មុខ​។ លោក​ក៏​បាន​ផ្ដាំផ្ញើ​អោយ​នៅ​តែ​បន្ត​យកចិត្តទុកដាក់​ក្នុង​ការ​ថែទាំ​សុខភាព និង អនាម័យ នៅ​ក្នុង​កាលៈទេសៈ​ដ៏​លំបាក​នេះ ដែល​មាន​ជម្ងឺ​កី​វីត​១៩​ផ្ទុះ​ខ្លាំង​នោះ​ផង​ដែរ​។

​នា​ឱកាសនេះដែរ​ ក៏​ចាត់​ទុក​គឺជា​ប្រវត្តិសាស្ត្រ​របស់​ក្រុម​សមាគម​បាល់ទាត់​កង​យោធពលខេមរភូមិន្ទ​ផង​ដែរ ដោយ​ក្រៅពី​ទទួល​បាន​គ្រូបង្វឹក​ឆ្នើម​ដែល​មានបទពិសោធន៍​ខ្ពស់ ក្រុម​នេះ​ក៏​មាន​អ្នក​អ្នក​ស្ពុ​ន​ស័​រ​ថ្មី ដែល​ជួយ​រ៉ាប់រង​ការ​ចំណាយ​លើ​ឈុត​ថ្មី និង ការ​ប្រកួត ដែល​ជួយ​សម្រួលការ​លំបាក និង កាន់តែ​ងាយស្រួល​ដណ្ដើម​យក​ភាព​លេចធ្លោ​។ មានការ​ប៉ាន់​ស្មានថា វត្តមាន​របស់​គ្រូបង្វឹក​ថ្មី ដែល​មាន​ស្នាដៃ​ដឹកនាំ​ក្រុម​ជម្រើសជាតិ​នៅ​ក្នុង​ពេល​នេះ គឺ​ពិតជា​ធ្វើ​អោយ​ក្រុមបាល់ទាត់​សមាគម​កង​យោធពលខេមរភូមិន្ទ ទទួល​បានការ​ចាប់អារម្មណ៍ និង ឈាន​ឡើង​នៅ​ក្នុង​វិស័យ​បាល់ទាត់ ដោយ​លោក​លី មិន​ត្រឹមតែ​បង្វឹក​កីឡាករ​ប៉ុណ្ណោះ​ទេ តែ​ក៏​នឹង​ជួយ​រៀបចំ​ក្រុម និង ជ្រើសរើស​កីឡាករ​ដើម្បី​អោយ​មានការ​ឈាន​ឡើង​។ លោក និង​ក្លិប​បាន​ចុះហត្ថលេខា​ធ្វើការ​ជាមួយ​គ្នា​រយៈពេល​២​ឆ្នាំ តែ​តាម​ការ​អះអាង​របស់​អ្នកដឹកនាំ​ក្លិប​បាន​លើក​ឡើង​ថា ផ្លែផ្កា​លេចធ្លោ​នៅ​មិន​ទាន់​សង្ឃឹម​ក្នុង​កម្រិត​ខ្ពស់​នៅឡើយ​ទេ ដោយសារ​តែ​ក្នុង​រយៈពេល​២​ឆ្នាំ គឺ​ពិតជា​មិន​អាច​ផ្លាស់​ប្ដូរ​ក្លិប​មួយ​អោយ​មានការ​ឈាន​ឡើង​ដោយ​ស្រួល​ទេ ដ្បិត​បើ​ទោះជា​គ្រូបង្វឹក​ដែល​ល្អ​ប៉ុណ្ណា ក៏​ត្រូវការ​ពេលវេលា​មួយ​វែង ដើម្បី​អភិវឌ្ឍន៍​អោយ​ល្អ​ផង​ដែរ​។

ប្រធាន​ក្លិប​រំពឹង​ថា លោក​លី​ នឹង​បន្តការងារ​លើស​ពី​២​ឆ្នាំ ដោយ​កីឡាករ​នៅ​ក្នុង​ក្លិប​នេះ ក៏​ចង់អោយ​លោក លី ដែល​មាន​ប្រវត្តិ​ដឹកនាំ​ក្រុម​ជម្រើសជាតិ និង​ក្លិប​មួយ​ចំនួន​នៅ​វៀតណាម ជួយ​អោយ​ក្លិប​កង​យោធពល​ខេ​មរ​ភូមិ​ន្ទ​ឈាន​ឡើង​។

គួរ​បញ្ជាក់​ផង​ដែរ​ថា លោក Lee Tae-hoon គឺជា​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា ដែល​គ្រូបង្វឹក​ជនជាតិ​កូរ៉េ​ខាងត្បូង​រូប​នេះ​បាន​ចូល​មក​ដឹកនាំ​ក្រុម​គោព្រៃ​កម្ពុជា ឬ ក្រុម​ជម្រើសជាតិ​កម្ពុជា​បាន​ចំនួន​២​លើក ដោយ​ការ​ដឹកនាំ​នា​លើក​ទី​១ ដ្បិតថា​មិនសូវ​ជា​ទទួល​បាន​ជោគជ័យ​ខ្លាំង តែ​ក៏​សាង​ភាព​លេចធ្លោ​មិន​តិច​ដែរ ចាប់ពី​ឆ្នាំ​២០១០ ដល់​ឆ្នាំ​២០១២​។ ដោយ​មាន​អតីតភាព​ជា​ជំនួយការ​គ្រូបង្វឹក​របស់​ក្រុម​កូរ៉េ​ខាងត្បូង​ផង​នោះ .

លោក Lee បាន​ធ្វើ​ឱ្យ​កូនក្រុម​របស់​ខ្លួន​មាន​ភាពល្អ​ប្រសើរ​ឡើងជា​លំដាប់​ទាំង​ផ្នែក​កាយសម្បទា ព្រមទាំង​បច្ចេកទេស​នៅ​លើ​ទីលាន​ផង​ដែរ​។ ជាមួយ​គ្នា​នេះ​ដែរ អ្វី​ដែល​គេ​អាច​មើលឃើញ​នោះ​គឺ គ្រូបង្វឹក​វ័យ ៥៥ ឆ្នាំ​រូប​នេះ បាន​នាំ​មក​នូវ​បែបផែន​ដឹកនាំ រួម​ទាំង​ការ​បង្វឹក​ដល់​កូនក្រុម​របស់​ខ្លួន​ដោយ​អនុវត្ត​តាម​វិធីសាស្ត្រ​ដែល​វិស័យ​បាល់ទាត់​កូរ៉េ​ធ្លាប់​ធ្វើ​កន្លង​មក​។ ផ្តើម​ចេញពី​ក្រុម​ដ៏​ខ្សោយ​មួយ​ក្នុង​តំបន់ លោក Lee បាន​ដឹកនាំ​ក្រុម​មួយ​នេះ បោះ​ជំហាន​ទៅ​មុខជា​និច្ច ជា​ពិសេស​នៅ​ពេល​នេះ​សមាជិក​ក្រុម​ម្នាក់​ៗ​សុទ្ធតែ​មាន​ឆន្ទៈ​រឹង​មាំ និង​មាន​ភក្តីភាព​ចំពោះ​ក្រុម​ហើយ​ព្យាយាម​ប្រយុទ្ធ​យ៉ាង​ស្វិតស្វាញ​រហូត​ដល់​នាទី​ចុង​ក្រោយ​។ មួយទៀត​នោះ​គឺ​លោក Lee បាន​ប្រើ​នូវ​ទម្រង់​ដែល​គេ​មិនសូវ​ជា​បាន​ជួប​ប្រទះ​នោះ​ឡើយ​នៅ​ក្នុង​តំបន់​អា​ស៊ី​អាគ្នេយ៍​នេះ (​ក្បូន ៣-៥-២) ។ លោក លី ក៏​បាន​ប្រកាស​ថា នឹង​យក​បទ​ពិសោធន៍​ដែល​លោក​ធ្លាប់​មាន​មក​ទាំងអស់ បូក​ជាមួយនឹង​ចំណេះដឹង​ថ្មី​ៗ ក្នុង​នាម​ជា​គ្រូបង្វឹក​ក្រុមបាល់ទាត់​របស់​ក្រុម​កង​យោធពលខេមរភូមិន្ទ​ផង​ដែរ​៕​

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ