ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំនាញ​ខាង​សត្វ​ ៖ ​បើ​មាន​ករណី​ផ្ទុះ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​​អ្នក​ចិញ្ចឹម​ជ្រូក​ខ្នាត​តូច​ដួល​រំលំ​ទាំងអស់

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ អ្នកជំនាញ​និង​ជា​ប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា​មានការ​វាយតម្លៃ​ថា​ក្នុង​កាលៈទេសៈ​បច្ចុប្បន្ន​នេះ បើ​មាន​ករណី​ផ្ទុះ​ឬ​មានការ​ឆ្លង​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​នៅ​កម្ពុជា នោះ​នឹង​ធ្វើ​ឱ្យ​អ្នក​ចិញ្ចឹម​ជ្រូក​លក្ខណៈ​ខ្នាត​តូច​អាច​ដួល​រំលំ​ទាំងអស់ ស្រប​ពេល​ដែល​ក្រសួងកសិកម្ម​បាន​ស្នើ​រដ្ឋបាល​ខេត្ត​ជាប់​ព្រំដែន​ប្រទេស​វៀតណាម​ជួយ​ទប់ស្កាត់​ការ​នាំ​ចូល​សត្វ​ជ្រូក សាច់​ជ្រូក និង​ផលិតផល​សាច់​ជ្រូក​ខុសច្បាប់​ពី​ប្រទេស​វៀតណាម ដែល​អាច​បណ្តាល​ឱ្យ​ឆ្លង​រាលដាល​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ លោក ស្រ៊ុ​ន…

រាជធានី​ភ្នំពេញ​៖ អ្នកជំនាញ​និង​ជា​ប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា​មានការ​វាយតម្លៃ​ថា​ក្នុង​កាលៈទេសៈ​បច្ចុប្បន្ន​នេះ បើ​មាន​ករណី​ផ្ទុះ​ឬ​មានការ​ឆ្លង​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​នៅ​កម្ពុជា នោះ​នឹង​ធ្វើ​ឱ្យ​អ្នក​ចិញ្ចឹម​ជ្រូក​លក្ខណៈ​ខ្នាត​តូច​អាច​ដួល​រំលំ​ទាំងអស់ ស្រប​ពេល​ដែល​ក្រសួងកសិកម្ម​បាន​ស្នើ​រដ្ឋបាល​ខេត្ត​ជាប់​ព្រំដែន​ប្រទេស​វៀតណាម​ជួយ​ទប់ស្កាត់​ការ​នាំ​ចូល​សត្វ​ជ្រូក សាច់​ជ្រូក និង​ផលិតផល​សាច់​ជ្រូក​ខុសច្បាប់​ពី​ប្រទេស​វៀតណាម ដែល​អាច​បណ្តាល​ឱ្យ​ឆ្លង​រាលដាល​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

លោក ស្រ៊ុ​ន ពៅ ប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា​មាន​ប្រសាសន៍​ថា​« បើ​តាម​ការ​ប្រ​មើ​មើល​របស់ខ្ញុំ មួយ​សារ​នេះ​ប្រជា​កសិករ​(​អ្នក​ចិញ្ចឹម​ជ្រូក​ខ្នាត​តូច​)​ត្រូវ​អស់ ក្នុង​ករណី​បើ​មានការ​ឆ្លង​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​មាននៅ​កម្ពុជា តែ​ក្រុមហ៊ុន​ធំ​ៗ​គេ​មានបទពិសោធន៍ មាន​ដើមទុន​គេ​ធ្វើ​បែប​អ៊ិ​ន​វែ​ប បាន​សេចក្តី​ថា ជ្រូក​ដេក​នៅ​កន្លែង​ម៉ាស៊ីនត្រជាក់ ហើយ​អ្នក​មើលថែរ​នៅ​ក្នុង​ទ្រុង​ជ្រូក​ក៏​ត្រូវ ដេក​និង​ហូប​នៅ​កន្លែង​ចិញ្ចឹម​ជ្រូក មិន​អាច​ចេញពី​ទ្រុង​ជ្រូក​នេះ​បាន​ទេ​។​ដូច្នេះ​គេ​អាច​រក្សា​និង​ការពារ​សុវត្ថិភាព​ពី​ការ​ឆ្លង​ជំងឺ ព្រោះ​វា​ធ្លាប់​មានបទពិសោធន៍​រួច អីចឹង​លើក​ទី​២​នេះ​វា​មិន​ធ្ងន់ធ្ងរ​ដូច​លើក​ទី​១​នោះ​ទេ សម្រាប់​កសិដ្ឋាន​និង​ក្រុមហ៊ុន ។​តែ​ដោ​ឡែក​សិ​ករ​យើង​ត្រូវ​ដួល​រលំ​១០០%»​។

លោក​លើក​ឡើង​ថា នៅ​កន្លែង​ណា​ផ្សេង​ទៀត អាច​រឹត​បណ្តឹង​បាន តែ​តាម​ខាង​រៀត​ណា​ម រឹត​បណ្តឹង​អត់​បាន​ទេ​។​ហេតុ​អ្វី​បានជា​ខ្ញុំ​ថា​អត់​បាន? ព្រោះ​ខ្ញុំ​ធ្វើការ​លើ​ដី​វៀតណាម​- កម្ពុជា​អស់​រយៈពេល​ជាង​១០​ឆ្នាំ​ហើយ នេះ​គេ​ហៅ​ថា​រុន​ស្រមោច​។​ដូច្នេះ​បើ​យើង​បន្ទោស​ទៅ​លើ​សមត្ថកិច្ច​តាម​ព្រំដែន​វា​អត់​បាន ព្រោះ​គាត់​(​ឈ្មួញ​)​ដឹក​តាម​ម៉ូតូ ឬ​កង់​មួយ​ពីរ​ក្បាល ហើយ​ជ្រូក​ទាំងនោះ​ជា​ជ្រូក​ដែល​គេ​បោះចោល​(​មាន​ជំងឺ​)​។

លោក​សង្កត់ធ្ងន់​ថា​«​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​នេះ បើ​កើត​នៅ​កន្លែង​គឺ​ត្រូវ​សម្លាប់​ជ្រូក​ទាំងនោះ​ចោល​ទាំងអស់ មិនមែន​ឱ្យ​អ្នកឯង​ដឹក​មក​លក់​អីចឹង​ទេ ហើយ​នៅ​ត្រង់នេះ​មិនមែន​សមត្ថកិច្ច​យើង​ស៊ីលុយ​កាក់​របស់​គាត់​ទេ នេះ​មក​ពី​ប្រជាជន​ខ្មែរ​យើង​ទៅ​ទិញ ទៅ​ដូរ​ពី​ខាងគេ​មក ធ្វើ​ឱ្យ​ឆ្លង​មេរោគ​ពេញ​ប្រទេស ទើបតែ​រើប​ពី​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​បាន​ប៉ុន្មាន​ឆ្នាំ​ពី​ឆ្នាំ​២០១៩​ដល់​ឆ្នាំ​២០២១ តែ​ឥលូវ​ចង់​ត្រលប់​ទៅ​ដំណាក់កាល​ឆ្នាំ​២០១៩​វិញទៀត​»​។

យោង​តាម​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ ថា បច្ចុប្បន្ន​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក កំពុង​បន្ត​ឆ្លង​រាលដាល​នៅ​ក្នុង​ពិភពលោក និង​បាន​ឆ្លង​រាលដាល​ចូល​ក្នុង​ប្រទេស​អាស៊ី ក្នុង​នោះ​មាន​ប្រទេស​ចិន និង​អាស៊ី​អាគ្នេយ៍​រួ​មាន ប្រទេស​វៀតណាម មី​យ៉ា​ន់​ម៉ា និង​ប្រទេស​កម្ពុជា​ផង​ដែរ​។
ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក បាន​ផ្ទុះ​នៅ​ក្នុង​ប្រទេស​វៀតណាម​លើក​ដំបូង​ស្ទើ​តែ​ពាសពេញ​ផ្ទៃ​ប្រទេស​នៅ​ថ្ងៃ​ទី​១៩ កុម្ភៈ​ឆ្នាំ​២០១៩ និង​បន្ត​ផ្ទុះ​ជា​រៀង​រាល់​ឆ្នាំ ហើយ​នៅ​ថ្ងៃ​ទី​៤ ឧសភា ២០២១​បាន​ផ្ទុះ​នៅ​ក្នុង​ប្រទេស​វៀតណាម​ម្តងទៀត​ដែល​អាច​នឹង​បន្ត​ឆ្លង​រាលដាល​យ៉ាង​ឆាប់រហ័ស​ដល់​បណ្តា​ខេត្ត​ដែល​មាន​ព្រំប្រទល់​ជាប់​ជាមួយ​ប្រទេស​កម្ពុជា រួម​មាន​ខេត្ត ដា​ក់ណុង ជាប់​ខេត្តមណ្ឌលគិរី ,​ខេត្ត​យ៉ា​ឡាយ ជាប់​ខេត្តរតនគិរី​, ខេត្ត​ដុ​ង​ថាប់​ជាប់​ខេត្តព្រៃវែង​, ខេត្ត​កៀន​យ៉ាង ជាប់​ខេត្តកំពត​, ខេត្ត​តៃ​និ​ញ ជាប់​ខេត្ត​ត្បូងឃ្មុំ និង​ខេត្តស្វាយរៀង , ខេ​ត្តឡុង​អាន​ជាប់​ខេត្តស្វាយរៀង​, ខេត្ត​ប៊ិ​ញ​ភូ​ជាប់​ខេត្តក្រចេះ និង​ខេត្ត​អាន​យ៉ាង ជាប់​ខេត្តតាកែវ និង​ខេត្តកណ្តាល ដែល​ជា​សញ្ញា ហានិភ័យ​ខ្ពស់​នៃ​ការ​ឆ្លង​រាលដាល​ក្នុង​លក្ខណៈ​ទ្រង់ទ្រាយ​ធំ និង​ធ្ងន់ធ្ងរ​ដល់​ព្រះរាជាណាចក្រ​កម្ពុជា ។

ក្រសួងកសិកម្ម​សង្កត់ធ្ងន់​ថា​«​ដូច្នេះ​ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការ​ទប់​ស្តា​ត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​នេះ​ពី​ប្រទេស​ជិតខាង​ចូល​មក​ព្រះរាជាណាចក្រ​កម្ពុជា​និង​បង្កា​ការ​ខាតបង់​យ៉ាងធ្ងន់ធ្ងរ​ដល់​សុខភាព​អ្នក​ចិញ្ចឹម​ជ្រូក ព្រមទាំង​ធានា​បាន​នូវ​គុណភាព សុវត្ថិភាព​សត្វ​ជ្រូក សាច់​ជ្រូក ផលិតផល​សាច់​និង​ការពារ​ដល់​សុខភាព​សាធារណៈ​នោះ ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ ស្នើ​រដ្ឋបាល​ខេត្ត​ជាប់​ព្រំដែន​ប្រទេស​វៀតណាម​ជួយ​ទប់ស្កាត់​ការ​នាំ​ចូល​សត្វ​ជ្រូក សាច់​ជ្រូក និង​ផលិតផល​សាច់​ជ្រូក​ខុសច្បាប់​ពី​ប្រទេស​វៀតណាម ដែល​អាច​បណ្តាល​ឱ្យ​ឆ្លង​រាលដាល​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​នៅ​ក្នុង​ប្រទេស​កម្ពុជា​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ