ក្រុមអ្នកជំនាញរបស់អង្គការសុខភាពពិភពលោក (WHO) និយាយថា ការទទួនទានសាច់កែច្នៃដូចជា ហតដក សាច់ក្រក និងសាច់បីជាន់ អាចធ្វើឱ្យមនុស្សកើតជំងឺមហារីកពោះវៀនធំ ដូចទទួលទានសាច់ក្រហម និងការជក់បារីដែរ ។
ការបង្ហាញនេះ ធ្វើទ្បើងកាលពីថ្ងៃ២៦ តុលា កន្លងទៅថ្មីៗនេះដោយទីភ្នាក់ងារអន្តរជាតិសម្រាប់ការស្រាវជ្រាវជំងឺមហារីក (IARC) របស់អង្គការសុខភាពពិភពលោក និងបានប្រកាសឱ្យដឹងបន្ថែមថា លើសពីនេះទៀតការទទួលទានសាច់ក្រហមក៏បណ្តាលឱ្យកើតជំងឺមហារីកលំពែង និងមហារីកក្រពេញប្រូស្តាតផងដែរ ។ ទីភ្នាក់ងារ IARC បានចាត់ទុកសាច់កែច្នៃថា ជាក្រុមបង្កជំងឺមហារីកឱ្យមនុស្ស រួមជាមួយថ្នាំជក់ និងសារធាតុអាបស្តូ (asbestos) ដែលសារធាតុនេះត្រូវបានរកឃើញថា មានការពាក់ព័ន្ធនឹងជំងឺមហារីក ។
ទីភ្នាក់ងារដដែលបានប៉ាន់ស្មានថា ការទទួលទានសាច់កែច្នៃ៥០ក្រាមជារៀងរាល់ថ្ងៃ ធ្វើឱ្យមានហានិភ័យជំងឺមហារីកពោះវៀនធំប្រមាណជា១៨% ។
យោងតាមការស្ទង់មតិកាលពីឆ្នាំ២០១១ ស្តីពីការពិនិត្យសុខភាពថ្នាក់ជាតិ និងការផ្តល់អាហារូបត្ថម្ភបានឱ្យដឹងថា ការទទួលទានសាច់៥០ក្រាមស្មើនឹងការញ៉ាំហកដក (hotdogs)មួយចំណិត ឬស្មើនឹងសាច់បីជាន់ពីរចំណិត ។ សាច់ក្រហមត្រូវបានគេចាត់ទុកថា ជាអាហារបង្កឱ្យកើតជំងឺមហារីកក្នុងបញ្ជីរបស់ទីភ្នាក់ងារ IARC ជាមួយនឹងសារធាតុ glyphosate (ជាធាតុផ្សំសកម្មក្នុងថ្នាំសម្លាប់ស្មៅ) ។
លោកបណ្ឌិត Kurt Straif ទីភ្នាក់ងារ IARC បានថ្លែងថា ចំពោះហានិភ័យនៃការកើតជំងឺមហារីកពោះវៀនធំ មកពីការប្រើប្រាស់សាច់កែច្នៃដែលនៅសល់ ប៉ុន្តែហានិភ័យនេះកើតទ្បើងនៅពេលយើងទទួលទានវាច្រើន ។
ចំណាត់ថ្នាក់សម្រាប់សាច់ក្រហមត្រូវបានគេកំណត់លើថនិកសត្វទាំងអស់រួមមាន សាច់គោ សាច់ចៀម និងសាច់ជ្រូកជាដើម ដែលពួកវាទាំងនេះមានការពាក់ព័ន្ធជាមួយនឹងការកើតជំងឺមហារីកពោះវៀនធំ ខណៈដែលទីភ្នាក់ងារ IARC បានរកឃើញថា ជំងឺមហារីកមួយនេះចាប់ផ្តើមនៅក្នុងពោះវៀនធំ ហើយសមាគមអ្នកស្រាវជ្រាវក៏បានឱ្យដឹងដែរថា វាក៏អាចកើតមហារីកចំពោះលំពែង ក្រពេញប្រូស្តាត និងក្រពះផងដែរ ។
អ្នកតំណាងការវេចខ្ចប់របស់ក្រុមប្រឹក្សាលក់សាច់ប្រទេសកាណាដា ដែលមានផលិតផល Maple Leaf Foods របស់ក្រុមហ៊ុន Cargill Ltd និង JBS SA បានបដិសេធការរកឃើញនូវផលប៉ះពាល់ខាងលើ ខណៈដែលក្រុមពាណិជ្ជកររបស់វិទ្យាស្ថានអាមេរិកខាងជើងនិយាយថា របាយការណ៍របស់ភ្នាក់ងារ IARC គ្មានហេតុផលច្បាស់លាស់ទេ។
អ្នកវិទ្យាសាស្ត្រ និងអ្នកស្រាវជ្រាវមួយចំនួនបានឱ្យដឹងថា ព័ត៌មានខាងលើនេះមិនត្រឹមត្រូវទ្បើយ ដែលត្រូវកំណត់ឱ្យមានការប្រើប្រាស់សាច់បែបនេះ ។ ទីភ្នាក់ងារ មិនបានប្រៀបធៀបកម្រិតនៃហានិភ័យដែលបង្កឱ្យមានគ្រោះថ្នាក់ចំពោះការទទួលទានសាច់ដូចជាការជក់បារីនោះទេ ។
លោក David Wallinga មន្ត្រីជាន់ខ្ពស់សម្រាប់សុខភាព ជាក្រុមប្រឹក្សាការពារធនធានធម្មជាតិ និងបរិស្ថានបាននិយាយថា គ្មាននរណាម្នាក់បញ្ឈប់មនុស្សមិនឱ្យទទួលទានសាច់បានទ្បើយ ប៉ុន្តែប្រសិនបើអ្នកនិយាយថា គួរតែទទួលទានវាតិច ប្រហែលជារឿងល្អវិញ ។
របរអាហារសាច់ច្រើន
ក្រុមហ៊ុនផ្គត់ផ្គង់ និងអ្នកផលិតសាច់ បានអះអាងថា សាច់បានផ្តល់នូវប្រូតេអីុន វីតាមីន និងសារធាតុរ៉ែ ។
ភាគហ៊ុនរបស់ក្រុមហ៊ុនផលិតសាច់ភាគច្រើនមានការផ្លាស់ប្តូរបន្តិចបន្តួច កាលពីថ្ងៃទី២៦ តុលា កន្លងមកនេះ ។ ក្រុមហ៊ុន Tyson Foods Inc បានធ្លាក់ចុះភាគហ៊ុន បន្ទាប់ពីមានការកាត់បន្ថយរបស់ក្រុមហ៊ុន JP Morgan ដែលផ្តោតលើការបាត់បង់ទីផ្សារដោយសារតែការវេចខ្ចប់សាច់របស់ក្រុមហ៊ុន ។
លោក Brian Weddington អនុប្រធាននៃក្រុមសាជីវកម្មហិរញ្ញវត្ថុ សេវាវិនិយោគិនរបស់ក្រុមហ៊ុន Moody បានថ្លែងថា៖ «ខ្ញុំមិនរំពឹងថាវាជាបញ្ហាដ៏ធំនោះទ្បើយ ។ ខ្ញុំគិតថា នៅតែមានមនុស្សជាច្រើនដាក់លក់ផលិតផលហកដក(hot dogs) ជាបន្តបន្ទាប់» ។
លោក Tim Key សាស្ត្រាចារ្យនៅសាកលវិទ្យាល័យ Oxford បានឱ្យដឹងថា សហគមន៍វេជ្ជសាស្ត្របានគិតជាយូរមកហើយថា ការទទួលទានសាច់ក្រហម ឬសាច់កែច្នៃ វាអាចប្រឈមនឹងជំងឺមហារីកពោះវៀនធំ ។
លោក Key បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយនៅចក្រភពអង់គ្លេសថា ការទទួលទានសាច់បីជាន់យូរៗម្តងមិនបង្កឱ្យមានការគ្រោះថ្នាក់ទ្បើយ ហើយការដែលមានរបបអាហារសម្រាប់សុខភាពគឺត្រូវមានកម្រិតមធ្យម។
យោងតាមការប៉ាន់ស្មានរបស់ទីភ្នាក់ងារ IARC បានឱ្យដឹងថា អ្នកស្លាប់ដោយជំងឺមហារីកនៅទូទាំងពិភពលោកក្នុងមួយឆ្នាំមានចំនួន៣៤.០០០នាក់ ព្រោះតែការទទួលទានរបបអាហារសាច់កែច្នៃ និងប្រហែល១លាននាក់ បានស្លាប់ក្នុងមួយឆ្នាំ ដោយជំងឺមហារីកពីការជក់បារី ៕


ចែករំលែកព័តមាននេះ