ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុភាព​ស្ត្រី​គួរ​ទទួលទាន​អាហារ​ប្រភេទ​ណាខ្លះ​អំឡុង​ពេល​មក​រដូវ?

10 ឆ្នាំ មុន

ស្ត្រី​ភាគច្រើន​ធ្លាប់​ជួប​ប្រទះ​រោគ​សញ្ញា​ដូច​ជា ហើមពោះ អស់កម្លាំង ឈឺ​ចុកចាប់​រមួល​ក្នុង​ពោះ ឈឺក្បាល និង​មាន​អារម្មណ៍​មិនសូវ​ល្អ​នៅ​មុន​ពេល និង​អំឡុង​ពេល​មក​រដូវ ។ ដើម្បី​ការពារ និង​ព្យាបាល​រោគ​សញ្ញា​ទាំងនេះ​ត្រូវ​ទទួលទាន​អាហារ​ទាំងឡាយ​ណា​ដែល​ផ្តល់​អត្ថប្រយោជន៍​ដល់​សុខភាព​រាង​កាយ ។ ចូរ​សាកល្បង​ទទួលទាន​អាហារ​ដូច​ខាងក្រោម​នេះ ៖

១-​ពពួក​សណ្តែក ៖
តាម​វេជ្ជបណ្ឌិត Susan Lark នាយក​មជ្ឈមណ្ឌល​ជួយ​ខ្លួនឯង PMS នៅ​ទីក្រុង Los Alto រដ្ឋ​កាលី​ហ្វ័​រ​នី​ញ៉ា សហរដ្ឋអាមេរិក​បានឱ្យ​ដឹង​ថា វត្តមាន​សារធាតុ​សរសៃ​ដ៏​ច្រើន​លើសលប់​ក្នុង​ពពួក​សណ្តែក មាន​ប្រសិទ្ធភាព​កាត់​បន្ថយ​អាការ​ឈឺ​ចុកចាប់​ក្នុង​ពោះ​តាម​រយៈ​ការ​ធ្វើ​ឱ្យ​ដុំ​លាមក​កាន់តែ​ធំ​ជាង​មុន ហើយ​សម្បូរ​ដោយ​ជាតិ​ទឹក​ច្រើន ។ បែប​នេះ​នឹង​ជួយ​បំបាត់​សារធាតុ​រាវ​ពី​រាង​កាយ និង​ព្រមទាំង​ជួយ​ឱ្យ​ការ​រំលាយ​អាហារ​ត្រឡប់​មក​រក​ភាព​ប្រក្រតី​វិញ កាត់​បន្ថយ​បាន​ទាំង​ការ​ទល់លាមក និង​ការ​រាករូស ។

លោក​បាន​បន្ត​ថា​៖ «​ពពួក​បន្លែ​ក៏​ជា​ប្រភព​យ៉ាង​សម្បូរ​បែប​នៃ​វីតាមីន B ដែល​មាន​ប្រសិទ្ធភាព​ការពារ​ការ​ឈឺ​ចុក​រមួល និង​ការ​អស់កម្លាំង​ក្នុង​ពេល​មក​រដូវ ។ បើ​ទោះបីជា​ពពួក​សណ្តែក​អាច​បង្កើត​ជា​ឧស្ម័ន​ច្រើន​ក្តី ប៉ុន្តែ​គេ​អាច​ចៀសវាង​ហេតុការណ៍​នេះ​បាន​ដោយ​ត្រូវ​ទទួលទាន​ក្នុង​ចំនួន​តិច ហើយ​បន្ទាប់​មក​អាច​បង្កើន​ចំនួន​បន្តិច​ម្តង​ៗ ។

២-​ពពួក​បន្លែ​ពណ៌​បៃតង ៖
ពពួក​បន្លែ​ពណ៌​បៃតង​សម្បូរ​ទៅ​ដោយ​កាល់ស្យូម ម៉ាញេស្យូម និង​ប៉ូ​តា​ស្យូ​ម ។ សារធាតុ​រ៉ែ​ទាំង​អស់នេះ​ត្រូវ​គេ​ជឿ​ថា មាន​ប្រសិទ្ធភាព​ជួយ​បំបាត់ និង​ទប់ស្កាត់​ការ​រមួល​សាច់ដុំ​ដែល​នាំ​ឱ្យ​មានការ​ឈឺចាប់ ។ វេជ្ជបណ្ឌិត Susan Lark​បាន​ថ្លែង​ថា រ៉ែ​កាល់ស្យូម ម៉ាញេស្យូម និង​ប៉ូ​តា​ស្យូ​ម​អាច​ជួយ​ឱ្យ​អារម្មណ៍​ស្ងប់ស្ងាត់ កាត់​បន្ថយ​បានការ​ឆាប់​ខឹង ។ ឯ​ពពួក​បន្លែ​ពណ៌​បៃតងចាស់​ក៏​មាន​អត្ថប្រយោជន៍​ផង​ដែរ ដោយ​វា​អាច​ជួយ​ឱ្យ​ឈាម​ឆាប់​កក ទប់ស្កាត់​បានការ​ហូរ​ឈាម​ច្រើន​ហួសហេតុ ។ ប្រសិទ្ធភាព​បែប​នេះ ក៏​ព្រោះ​បន្លែ​ពណ៌​បៃតងចាស់​ផ្ទុក​ទៅ​ដោយ​វីតាមីន​ក្នុង​កម្រិត​មួយ​ខ្ពស់ ។

៣-​អាស៊ី​ដ​ខ្លាញ់​អូ​មេ​ហ្គា​-3 ៖
ក្រុម​នៃ​សារធាតុ​សណ្ឋាន​ដូច​ជា អ័រម៉ូន ក្នុង​រាង​កាយ​ដែល​មានឈ្មោះ​ថា prostaglandins ត្រូវ​គេ​ដឹង​ថា​ជាដើម​ហេតុ​នាំ​ឱ្យ​មានការ​កន្ត្រាក់​សាច់ដុំ​ឈឺចាប់​ពេល​មក​រដូវ ។ ដូច្នេះ​មធ្យោបាយ​មួយ​ដើម្បី​បិទ​ប្រសិទ្ធភាព prostaglandin គឺ​ដោយ​ការ​ប្រើប្រាស់​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា​-3​ដែល​មាន​ច្រើន​ក្នុង​ពពួក​ត្រី​សម្បូរ​ខ្លាញ់ និង​បណ្តា​សណ្តែក​ដែល​មាន​ជាតិ​ប្រេង ។ ការ​សិក្សា​មួយ​នៅ​ឆ្នាំ​១៩៩៥ ដែល​ចុះ​ផ្សាយ​ក្នុង​ព្រឹត្តិ​ប័ត្រ European Journal of Clinical បាន​រក​ឃើញ​ថា ស្ត្រី​ដែល​របប​អាហារ​ទទួលទាន​របស់​ខ្លួន​សម្បូរ​ដោយ​ខ្លាញ់​អូ​មេ​ហ្គា​-៣ ហាក់​គ្មាន​អាការ​ឈឺចាប់​ខ្លាំង​ពេល​មក​រដូវ ។

៤-​ម្នាស់ ៖
របាយការណ៍​មួយ​របស់​វេជ្ជបណ្ឌិត Phyllis Johnson មក​ពី​មជ្ឈមណ្ឌល​អាហារូបត្ថម្ភ​មនុស្ស​នៃ​ក្រសួងកសិកម្ម រដ្ឋ​ដា​កូតា​ខាងជើង សហរដ្ឋអាមេរិក​បាន​បង្ហាញ​ថា ស្ត្រី​វ័យក្មេង​ដែល​ប្រើប្រាស់​រ៉ែ​ម៉​ង់​ហ្គា​ណែ​ស​ក្នុង​បរិមាណ​ទាប​បង្កើន​ការ​លំហូរ​វដ្ត​រដូវ​រហូត​ដល់​ទៅ​៥០​ភាគរយ ។ ចំណុច​នេះ​បាន​នាំ​ឱ្យ​វេជ្ជបណ្ឌិត Johnson ស្នើ​ឡើង​ថា បណ្តា​ស្ត្រី​ដែល​ធ្វើទុក្ខ​ខ្លាំង​ក្នុង​ពេល​មក​រដូវ​គួរ​បង្កើន​ការ​ប្រើប្រាស់​រ៉ែ​ម៉​ង់​កា​ណែ​ស​ឱ្យ​បាន​ច្រើន ។ ម្នាស់​ជា​ផ្លែ​ឈើ​មួយ​ប្រភេទ​ដែល​សម្បូរ​ដោយ​រ៉ែ​មង់​កា​ណែ​ស ។ បន្ថែម​ពីលើ​នេះ​ទៀត ម្នាស់​ក៏​មាន​ផ្ទុក bromelain (​ជា​អង់ស៊ីម​ដែល​អាច​ជួយ​បន្ធូរ​សាច់ដុំ ការពារ​ការ​ឈឺ​ចុក​រមួល​ក្នុង​ពោះ​) ក្នុង​កម្រិត​ខ្ពស់​ផង​ដែរ ។

៥-​ទឹកតែ ៖
តែ​គឺជា​ប្រភព​មួយ​ផ្សេង​ទៀត​នៃ​រ៉ែ​ម៉​ង់​ហ្គា​ណែ​ស ។ នេះ​បើ​យោង​តាម​វេជ្ជបណ្ឌិត Johnson ។ ពិសេស​ជាង​នេះ​ទៅ​ទៀត តែ​ខ្ញី​មាន​ប្រសិទ្ធភាព​ខ្ពស់​បន្ថយ​អាការ​ក្អួតចង្អោរ និង​ហើមពោះ ។ 

៦-​ទឹក​ពិសា​អនាម័យ ៖
ការ​ទប់​មិន​ឱ្យ​ហូរ​ចេញ​នូវ​សារធាតុ​រាវ​ច្រើន​លើសលប់​គឺជា​មូលហេតុ​ចម្បង​នៃ​រោគ​សញ្ញា​រំលាយ​អាហារ​ដែល​បង្ហាញ​តាម​រយៈ​ការ​ឈឺ​ចុកចាប់់ ។ មធ្យោបាយ​ល្អ​បំផុត​មួយ​ដើម្បី​ជួយ​កាត់​បន្ថយ​អាការ​បែប​នេះ​គឺ​ត្រូវ​បង្កើន​ការ​ផឹកទឹក​ឱ្យ​បាន​ច្រើន ។ ប្រសិនជា ស្ត្រី​ម្នាក់​ផឹកទឹក​មិន​បាន​គ្រប់គ្រាន់​នោះ រាង​កាយ​របស់​នាង​អាច​ប្រឈម​នឹង​បញ្ហា ។ ចំណែក​អាហារ​២​ប្រភេទ​ផ្សេង​ទៀត​គឺ​មាន គ្រាប់​ធញ្ញជាតិ ទាំងមូល និង​ទឹកដោះគោ​យ៉ាអួ ៕