រាជធានីភ្នំពេញ ៖ លោកសាស្ត្រាចារ្យរង ចាន់ សារិន បានលើកជាសំណួរថា តើលោកអ្នកធ្លាប់មានរោគសញ្ញាស្ទះដង្ហើមនៅពេលដំណេកដែរឬទេ ? ការស្ទះផ្លូវដង្ហើមនេះមានលក្ខណៈបីយ៉ាងដែលគួរកត់សម្គាស់ ៖ ១-មកពីអ្នកជំងឺងងុយដេកពេលថ្ងៃខ្លាំងពេកដោយសារតែគេងមិនឆ្អែត ២-អ្នកជំងឺក្នុងមួយយប់ងើបបត់ជើងតូចច្រើនសា និង៣-អ្នកជំងឺគេងចំហមាត់ស្រមុកខ្លាំងៗ ។
បញ្ហាដំណេកពេលខ្លះអ្នកជំងឺមានថប់ដង្ហើមធ្វើឲ្យគាត់ហាក់ដូចជាមានអារម្មណ៍ថា ខ្មោចសង្កត់ តែតាមការពិតគាត់ដេកមិនឆ្អែតទៅវិញទេ ជាហេតុធ្វើឲ្យគាត់ងងុយនៅពេលថ្ងៃខ្លាំង ពិសេសក្រោយពេលទទួលទានអាហារថ្ងៃត្រង់រួចគឺទន់ភ្នែកតែម្តង ។ ដោយសារតែករណីខាងលើនេះធ្វើឲ្យអ្នកជំងឺនឹកបារម្ភថា ដូចជាដកដង្ហើមស្ទះៗនៅពេលគាត់សម្រាន្ត ។ អាការបែបនេះនឹងឈានទៅធ្វើរោគវិនិច្ឆ័យតាមរយៈការបំពាក់ម៉ាស៊ីនតូចមួយនៅលើដៃអ្នកជំងឺដើម្បីចាប់យកអុកស៊ីសែនរយៈពេល១០វិនាទីឡើងទៅ ។
តើរវាងស្ត្រី និងបុរសអ្នកណាកើតមានអាការស្ទះដង្ហើមនេះច្រើនជាង ? ជាទូទៅ ក្នុងទិន្នន័យដែលផ្តល់តាមការសិក្សាស្រាវជ្រាវក៏ដូចជាបទពិសោធន៍នៅមន្ទីរពេទ្យផ្សេងៗនៅទូទាំងពិភពលោកបានបង្ហាញថា បុរសកើតមានច្រើនជាងស្ត្រី ។ ដោយឡែកនៅកម្ពុជាជាង១០០ករណី មានបុរស៥នាក់ស្ត្រី២នាក់ ។
តាំងពីវ័យក្មេងរហូតដល់ចាស់ តើភាគច្រើនជំងឺនេះកើតមាននៅក្នុងដំណាក់កាលណា ? ដំណាក់កាលមាន២វគ្គ គឺវគ្គទី១-គាត់នៅជាកុមារ-កុមារីមានដុះសាច់នៅបំពង់ក និងដំណាក់កាលទី២ ដល់គាត់មានអាយុកាន់តែច្រើនទៅក៏ប្រឈមនឹងជំងឺនេះធ្ងន់ដែរ ។
តើជំងឺស្ទះដង្ហើមនេះមានផលវិបាកអ្វីខ្លះ ? ផលវិបាកដែលបណ្តាលមកពី ងងុយនៅពេលថ្ងៃ ដេកមិនឆ្អែតពេញមួយយប់ ភាពអស់កម្លាំង ជាហេតុធ្វើឲ្យគាត់ប្រឈមនឹងហានិភ័យខ្ពស់ នៅពេលបើកបរយានយន្ត ។ និងផលវិបាកផ្សេងទៀតដូចជា គ្រោះថ្នាក់សរសៃឈាមក្នុងខួរក្បាល គ្រោះថ្នាក់សរសៃឈាមក្នុងបេះដូង ជំងឺធាត់ ជំងឺលើសជាតិខ្លាញ់ ជំងឺទឹកនោមផ្អែម ។ លើសពីនេះ ភាពជរាពាធរបស់គាត់នឹងឈានទៅមុនអាយុដោយសារគាត់ដេកមិនឆ្អែត ខ្វះអុកស៊ីសែនទៅចិញ្ចឹមខួរក្បាលធ្វើឲ្យអ្នកជំងឺភ្លេចច្រើន ការចងចាំថយចុះ ឆាប់ខឹង មានចរិតឆេវឆាវច្រឡោងខាម ។ បើស្ថិតក្នុងវ័យកុមារ ការសិក្សាអាចថយចុះ ។
លោកសាស្ត្រាចារ្យរងចាន់ សារិន បានបញ្ជាក់ថា តើយើងអាចទៅរកសេវាធ្វើរោគវិនិច្ឆ័យ និងព្យាបាលនៅឯណា ? នៅឯមន្ទីរពេទ្យកាល់ម៉ែតមានសេវាព្យាបាល និងធ្វើរោគវិនិច្ឆ័យ ព្យាបាលយ៉ាងមានប្រសិទ្ធភាពជាមួយម៉ាស៊ីន និងពុម្ពពាក់ធ្មេញ ។
ការស្ទះផ្លូវដង្ហើមសូមគិតដល់ការដេកស្រមុក ព្រោះកន្លងមកយើងតែងពិនិត្យឃើញថា បុគ្គលណាម្នាក់ដែលឆាប់គេងលក់ ហើយស្រមុកលាន់ឮខ្ទរផ្ទះ បុគ្គលនោះមានសុខភាពមិនល្អនោះទេ គឺប្រឈមនឹងការស្ទះដង្ហើមខ្លាំង ៕
ចែករំលែកព័តមាននេះ