ទទួលទានផ្នែកក្រហមនៃស៊ុតមាន់ ឬស៊ុតទាជាប្រចាំនឹងធ្វើឱ្យគ្រោះថ្នាក់ដល់បេះដូងស្មើនឹងការជក់បារី ។ ផលប៉ះពាល់នេះក៏ព្រោះតែផ្នែកក្រហមរបស់ស៊ុតបានធ្វើឱ្យសរសៃឈាមបេះដូងឡើងរឹង និងកកស្ទះព្រោះមានការប្រមូលផ្តុំសារធាតុខ្លាញ់ច្រើន ។
បន្ទាប់ពីពិសោធលើមនុស្សប្រុសស្រីចំនួន១២៣១នាក់ វេជ្ជបណ្ឌិត David Spence បានអះអាងថា ទទួលទានផ្នែកក្រហមរបស់ស៊ុតគឺទទួលផលអាក្រក់ប្រហែលជា២ភាគ៣ដូចជាការជក់បារី ហើយថា នេះជាបច្ច័យដែលនាំទៅរកការកើតមានជំងឺគាំងបេះដូង និងដាច់សរសៃឈាមក្នុងខួរក្បាល ។
ក្រុមអ្នកស្រាវជ្រាវបានបញ្ជាក់ថា ទទួលទាន៣ដងក្នុងមួយសប្តាហ៍ ការប្រឈមកាន់តែមានច្រើនធៀបទៅនឹងអ្នកដែលទទួលទានវាតិចជាង២ដងក្នុងសប្តាហ៍ ។
តាមលោកវេជ្ជបណ្ឌិត Spence បានអះអាងថា មនុស្សភាគច្រើនយល់ច្រឡំថា ផ្នែកក្រហមរបស់ស៊ុតគឺជាអាហារដែលផ្តល់នូវសុខភាពសម្រាប់ពួកគេ ព្រោះវាមានរស់ជាតិឈ្ងុយឆ្ងាញ់ ។ លោកបន្តថា ការទទួលទានអាហារដែលសម្បូរដោយសារធាតុកូឡេស្តេរ៉ូលបង្កើនការស្ទះសរសៃឈាមបេះដូង ហើយផ្នែកក្រហមនៃស៊ុតគឺផ្ទុកកូឡេស្តេរ៉ូលច្រើនបំផុត ។
លោកវេជ្ជបណ្ឌិតបានបន្ថែមទៀតថា បុគ្គលដែលងាយប្រឈមនឹងជំងឺបេះដូង គួរតែបោះបង់ការទទួលទានផ្នែកក្រហមនៃស៊ុតជាប្រចាំ ៕
ចែករំលែកព័តមាននេះ